ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋាភិបាលរុស្ស៊ីគ្រោងសាងសង់ច្រករបៀងដឹកជញ្ជូនថ្មីចំនួន២ ដើម្បីតភ្ជាប់តំបន់អាស៊ី និងអឺរ៉ុប ក្នុងគោលដៅកាត់បន្ថយឥទ្ធិពលនៃទណ្ឌកម្មរបស់ក្រុមប្រទេសលោកខាងលិច ខណៈភាពចលាចលនៅតំបន់មជ្ឈិមបូព៌ាកំពុងរំខានដល់ចរាចរណ៍ពាណិជ្ជកម្មពិភពលោក។
គម្រោងសាងសង់បណ្តាញដឹកជញ្ជូនតាមរយៈផ្លូវទឹក និងផ្លូវដែក របស់រុស្សុី ដោយឆ្លងកាត់តាមរយៈប្រទេសអុីរ៉ង់ និងផ្លូវកាត់សមុទ្រអាកទិក អាចពង្រឹងការនាំចេញរបស់ទីក្រុងម៉ូស្គូ ឆ្ពោះទៅកាន់ប្រទេសមហាអំណាចនៅតំបន់អាស៊ី ដូចជា ប្រទេសចិន និងឥណ្ឌា ដើម្បីធ្វើពិពិធកម្មចេញពីតំបន់អឺរ៉ុប។
ប្រទេសមហាអំណាចចិន និងឥណ្ឌា មានសក្តានុពលក្នុងការធ្វើឱ្យរុស្ស៊ីក្លាយជាចំណុចស្នូលដ៏សំខាន់នៃពាណិជ្ជកម្មអន្តរជាតិ បើទោះបីជាសហរដ្ឋអាមេរិក និង សម្ព័ន្ធមិត្តកំពុងព្យាយាមដាក់ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីនឲ្យនៅឯកោយ៉ាងណាក្តី។
គម្រោងផ្លូវដឹកជញ្ជូនថ្មីរបស់រុស្សុី អាចកាត់បន្ថយពេលវេលាធ្វើដំណើរចាប់ពី៣០% ទៅ៥០% បើប្រៀបធៀបទៅនឹងព្រែកជីក Suez និងជៀសវាងបញ្ហាសន្តិសុខ ដោយសារក្រុមឧទ្ទាម Houthi បានបើកការវាយប្រហារទៅលើកប៉ាល់ដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម ក្នុងគោលដៅសងសឹកចំពោះប្រទេសអុីស្រាអែល ដែលបានធ្វើសង្គ្រាមប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា។






