ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Microsoft គ្រោះបោះទុនវិនិយោគ១,៧ពាន់លានដុល្លារនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដើម្បីអភិវឌ្ឍន៍សេវាកម្ម Cloud និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI) ព្រមទាំងសាងសង់មជ្ឈមណ្ឌលទិន្នន័យផងដែរ។
គម្រោងវិនិយោគក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារនេះត្រូវបានប្រកាសឱ្យដឹងនៅថ្ងៃអង្គារ ទី៣០ ខែមេសា ក្នុងឱកាសដែលលោក Satya Nadella នាយកប្រតិបត្តិក្រុមហ៊ុនMicrosoft បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌូនេសុី។
រដ្ឋធានីហ្សាការតាគឺជាគោលដៅទស្សនកិច្ចទី១របស់លោក Nadella ក្នុងដំណើររបស់លោកឆ្ពោះមកកាន់បណ្តាប្រទេសក្នុងតំបន់អាស៊ាន។ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនោះ លោក នឹង អញ្ជើញទៅ បំពេញ ទស្សនកិច្ច នៅ ប្រទេស ម៉ាឡេស៊ី និង ថៃ នៅ ចុង សប្តាហ៍ នេះ។
លោក Nadella បានលើកឡើងថា ក្រុមហ៊ុន Microsoft នឹងពង្រីកការវិនិយោគរបស់ខ្លួននៅក្នុងមជ្ឈមណ្ឌលទិន្នន័យ និងវិទ្យាសាស្ត្រកុំព្យូទ័រ Cloud ក្នុងទំហំទឹកប្រាក់ចំនួន១,៧ពាន់លានដុល្លារ ដើម្បីនាំយកហេដ្ឋារចនាសម្ព័ន្ធ AI ថ្មីចុងក្រោយបំផុត និងអស្ចារ្យបំផុតទៅកាន់ប្រទេសឥណ្ឌូនេស៊ី។
ក្នុងដំណើរទស្សនកិច្ចនៅថ្ងៃអង្គារនេះ លោក Nadella បានជួបជាមួយប្រធានាធិបតីចាំផ្ទះរបស់ប្រទេសឥណ្ឌូនេស៊ី គឺលោក Joko Widodo ដើម្បីពិភាក្សាអំពីការស្រាវជ្រាវរួមគ្នាលើបញ្ញាសិប្បនិម្មិត AI និងការអភិវឌ្ឍន៍ទេពកោសល្យ។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពីមន្ត្រីជាន់ខ្ពស់ឥណ្ឌូនេសុី។






