ដោយ: គង់ លាងហួរ
អន្តរជាតិ: ឥណ្ឌូប៉ាស៊ីហ្វិកគឺជាតំបន់ ដែលមានប្រជាជនរស់នៅជាងពាក់កណ្តាល នៃចំនួនប្រជាជនសរុបរបស់ពិភពលោក និងគ្របដណ្តប់ចំណែក៦០ភាគរយ នៃសេដ្ឋកិច្ចសកល ដែលលាតសន្ធឹងលើឆ្នេរសមុទ្រប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌា។
រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានដាក់ចេញយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់ខ្លួន កាលពី២ឆ្នាំមុន ដោយធ្វើការរួមគ្នាជាមួយដៃគូក្នុងតំបន់នេះ ដើម្បីធានាឱ្យមានការតភ្ជាប់ វិបុលភាព សុវត្ថិភាព និងមានភាពធន់។ យុទ្ធសាស្ត្រនេះ ក៏មានគោលដៅប្រជែងឥទ្ធិពលរបស់មហាយក្សចិន នៅក្នុងតំបន់ផងដែរ។
-->
លោកស្រី Camille Dawson ឧបការីរង រដ្ឋមន្ត្រីការបរទេសអាមេរិក ប្រចាំការិយាល័យកិច្ចការអាស៊ីបូព៌ា និង ប៉ាស៊ីហ្វិក បានថ្លែងថា សហរដ្ឋអាមេរិក បានប្រែក្លាយខ្លួនពីអ្នកផ្តល់ជំនួយ ទៅជាដៃគូវិនិយោគនៅក្នុងតំបន់។
លោកស្រីបន្តថា “ទុនវិនិយោគប្រហែល៣,៣ពាន់លានដុល្លារអាមេរិក ត្រូវបានបែងចែកសម្រាប់ការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធនាវាមុជទឹក ជាមួយនឹងការផ្តល់ហិរញ្ញប្បទាន យោធាបរទេសចំនួន២ពាន់លានដុល្លារសម្រាប់កោះតៃវ៉ាន់ និងសម្ព័ន្ធមិត្តផ្សេងទៀតនៅក្នុងតំបន់ ដើម្បីគាំទ្រពួកគេប្រឈមមុខនឹងការឈ្លានពានរបស់ចិន”។
កង្វល់ផ្នែកសន្តិសុខរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ រួមមាន កូរ៉េខាងជើង និងការគាំទ្ររបស់កូរ៉េខាងជើង ចំពោះប្រទេសរុស្ស៊ី ក៏ដូចជា មហិច្ឆិតារបស់ប្រទេសចិនលើកោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំងចាត់ទុកត្រឹមតែជាខេត្តមួយរបស់ខ្លួន។
កង្វល់ទាំងនោះ ក៏បាននាំឱ្យមានការបង្កើតនូវភាពជាដៃគូសន្តិសុខ ដូចជា សម្ព័ន្ធភាព AUKUS ដែលតំណាងឱ្យប្រទេសអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។ សម្ព័ន្ធភាពនេះ ត្រូវបានបង្កើតឡើង ដោយប្រទេសទាំង៣ក្នុងឆ្នាំ២០២១ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ទល់ឥទ្ធិពល និងដែនអំណាចរបស់ប្រទេសចិននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
ជាមួយគ្នានេះ ទីក្រុងវ៉ាស៊ីនតោន កំពុងបោះទុនវិនិយោគបន្ថែមលើប្រព័ន្ធអ៊ីនធឺណេត បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI) និងការការពារក្រោមសមុទ្រជាមួយសម្ព័ន្ធមិត្ត AUKUS រួមទាំងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។
លើសពីនេះទៀត សហរដ្ឋអាមេរិកក៏បានបង្កើតសម្ព័ន្ធភាព នៃលទ្ធិប្រជាធិបតេយ្យ ជាមួយនឹងគោលដៅសេដ្ឋកិច្ច និងសន្តិសុខរួមគ្នា តាមរយៈការបង្កើតក្រុម Quad ជាមួយអូស្ត្រាលី ឥណ្ឌា និងជប៉ុន៕ប្រភព: CNA៕