មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជន និងភូមិខ្មែរកំពុងសាងសង់ នៅប្រទេសជប៉ុន

ចែករំលែក

ដោយៈ គង់ ម៉ាលីនណា

        ជប៉ុនៈ លោកលីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ចុះពិនិត្យមើលសកម្មភាពសាងសង់ មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា និងភូមិខ្មែរ នៅទីក្រុងអាតស៊ូគិ ខេត្តកាណាហ្គាវ៉ា ប្រទេសជប៉ុន។

ការចុះពិនិត្យកាលពីថ្ងៃទី១ ឧសភា ក៏មានការចូលរួមពីលោកទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនផងដែរ។

លោក Takeshi Okami តំណាងក្រុមហ៊ុន Kojima Holdings Co., Ltd ដែលជាអ្នកគ្រប់គ្រង និងដំណើរការមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជាក៏បានចូលរួមផងដែរ។

ជាមួយគ្នានេះ លោករដ្ឋលេខាធិការ បានកត់សម្គាល់ថា មជ្ឈ​មណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុងអាតស៊ូគិ ត្រូវ​បានក្រុមការងាររៀបចំបានយ៉ាងល្អ និងប្រកបដោយភាពទាក់ទាញ ព្រោះថានេះ ជាកន្លែងដ៏មានសារៈសំខាន់មួយ សម្រាប់ផ្តល់នូវព័ត៌មានពាណិ​ជ្ជកម្ម និងវិនិយោគនៅកម្ពុជា ជាពិសេសក៏ជា​កន្លែងសម្រាប់តាំងបង្ហាញ និងផ្សព្វផ្សាយផលិតផលខ្មែរ ម្ហូបអាហារខ្មែរ ព្រមទាំងវប្បធម៌ប្រពៃណីខ្មែរ ផងដែរ។

លោកបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មជ្ឈ​មណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា ដែលបានរួមចំណែកក្នុងការជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ជប៉ុន និងលើកទឹកចិត្តដល់មជ្ឈមណ្ឌល ឱ្យបន្តរៀបចំការបណ្តុះបណ្តាល ធនធានមនុស្ស សិក្ខាសាលាផ្គូផ្គងពាណិជ្ជកម្ម ព្រមទាំងជួយសម្រួលធុរកិច្ចពាណិជ្ជកម្មជូនវិនិយោគិនជប៉ុន ដែលមានបំណងចង់ធ្វើពាណិជ្ជកម្មនៅកម្ពុជា៕


ចែករំលែក