ដោយ: គង់ លាងហួរ
ប៉េកាំង: យោងតាមការស្ទង់មតិថ្មីៗនេះបានបង្ហាញថា ទំនុកចិត្តក្នុងចំណោមវិនិយោគិនបរទេស ដែលកំពុងបំពេញប្រតិបត្តិការនៅក្នុងប្រទេសចិន បានកើនឡើងយ៉ាងគំហុក នៅក្នុងអំឡុងត្រីមាសទីមួយ។
ចំនួនជាង៧០ភាគរយ នៃអ្នកឆ្លើយសំណួរបានបង្ហាញសុទិដ្ឋិ និយម ចំពោះទីផ្សារចិនក្នុងរយៈពេល៥ឆ្នាំខាងមុខ។ ចំនួននេះ កើនឡើងប្រមាណ៣,៨ភាគរយ បើធៀបនឹងការស្ទង់មតិពីមុន ដោយក្រុមប្រឹក្សាចិន សម្រាប់ការលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិ (CCPIT)។
-->
លើសពីនេះទៀត ចំនួនជាងពាក់កណ្តាលនៃក្រុមហ៊ុនបរទេស ដែលត្រូវបានស្ទង់មតិ បង្ហាញការយល់ឃើញថា ទីផ្សារចិនកាន់តែមានភាពទាក់ទាញ កើនឡើងប្រហែល២,៩ភាគរយ បើធៀបនឹងការស្ទង់មតិកាលពីពេលមុន។
ជាមួយគ្នានេះ ក្រុមអ្នកឆ្លើយសំណួរភាគច្រើនរំពឹងថា ពួកគេនឹងទទួលបានប្រាក់ចំណេញ កាន់តែប្រសើរឡើងពីការវិនិយោគ នៅប្រទេសចិន ក្នុងរយៈពេល៥ឆ្នាំខាងមុខ ដោយនៅក្នុងនោះ ក្រុមហ៊ុនអឺរ៉ុប ចូលរួមចំណែកជិត៦០ភាគរយ នៃទស្សនវិស័យសុទិដ្ឋិនិយមនេះ។
ម្យ៉ាងវិញទៀត ចំនួនសហគ្រាស ដែលគ្រោងនឹងជំរុញបង្កើនការវិនិយោគ នៅក្នុងប្រទេសចិននៅឆ្នាំ២០២៤នេះ បានកើនឡើង២,១ភាគរយ ដោយនៅក្នុងនោះក្រុមហ៊ុនអាមេរិកខាងជើង បាននាំមុខគេ ក្នុងការសម្តែងមតិវិជ្ជមាន អំពីផែនការពង្រីកការវិនិយោគរបស់ខ្លួននៅប្រទេសចិន។
លោកស្រី Zhao Ping អ្នកនាំពាក្យក្រុមប្រឹក្សាចិនសម្រាប់ការលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិ (CCPIT) បានកត់សម្គាល់ថា “ភាពទាក់ទាញរបស់ទីផ្សារចិន សម្រាប់ការវិនិយោគបរទេស នៅតែមានភាពរឹងមាំ”។
លោកស្រី Zhao បានបន្ថែមថា “បរិយាកាសវិនិយោគដ៏អំណោយផលរបស់ប្រទេសចិន គួបផ្សំនឹងការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួនចំពោះការចូលរួមជាសកល បានពង្រឹងទំនុកចិត្តរបស់អ្នកវិនិយោគបរទេសចំពោះទីផ្សារចិន”៕ប្រភព: CGTN៕
