ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមអ្នកវិភាគ និងអ្នកជំនាញបានលើកឡើងថា ស្ថានភាពជម្លោះ នៅតំបន់មជ្ឈិមបូព៌ាកំពុងជះឥទ្ធិពល ទៅលើសេដ្ឋកិច្ចរបស់តំបន់អាស៊ាន ដូចជា ផលប៉ះពាល់ពីការកើនឡើងនៃសម្ពាធអតិផរណា និងភាពមិនច្បាស់លាស់នានា។
យោងតាមទីភ្នាក់ងារថាមពលអន្តរជាតិ(IEA) បានឲ្យដឹងថា ភាពតានតឹងនេះ បានជំរុញឱ្យតម្លៃប្រេងឆៅគោល បានហក់ឡើងដល់កម្រិត៩០ដុល្លារ ក្នុងមួយបារ៉ែលកាលពីថ្ងៃទី៥ ខែមេសា ដែលកើនឡើងជិត៨ដុល្លារ ក្នុងមួយបារ៉ែលបើធៀបនឹងដើមខែមីនា។
ជាមួយគ្នានេះ ធនាគារពិភពលោកបានអះអាងថា ភាពតានតឹងដែលកំពុងបន្តកើតមាននៅតំបន់មជ្ឈិមបូព៌ា បានគំរាមកំហែងដល់កិច្ចខិតខំប្រឹងប្រែង និងវឌ្ឍនភាពថ្មីៗ ដែលសម្រេចបានក្នុងការដោះស្រាយអតិផរណានៅលើពិភពលោក។ក្រុមអ្នកជំនាញលើកឡើងថា “ការកើនឡើងនៃតម្លៃប្រេង គួបផ្សំនឹងភាពធន់ នៃប្រាក់ដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណរបស់តំបន់អាស៊ាន នឹងជំរុញតម្លៃទំនិញប្រើប្រាស់ បង្កើនអត្រាការប្រាក់ និងធ្វើឱ្យទំនុកចិត្តផ្នែកធុរកិច្ចមានការធ្លាក់ចុះ។
លោក Dio Herdiawan Tobing ប្រធានគោលនយោបាយសាធារណៈសម្រាប់តំបន់អាស៊ីនៅស្ថាប័ន World Benchmarking Alliance បានលើកឡើងថា កំណើននៃតម្លៃប្រេង កំពុងជះផលប៉ះពាល់ ដល់បណ្តារដ្ឋជាសមាជិកអាស៊ាន ខណៈប្រទេសទាំងនេះនាំចូលយ៉ាងតិចណាស់៥០ភាគរយ នៃតម្រូវការប្រេងឆៅរបស់ពួកគេពីតំបន់មជ្ឈឹមបូព៌ា។
លោកបានបន្ថែមថា ការកើនឡើងនៃតម្លៃប្រេង គឺជាសញ្ញាដាស់តឿនឱ្យតំបន់អាស៊ាន ត្រូវតែខិតខំជំរុញការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញរបស់ខ្លួន ពីព្រោះវានឹងអាចកាត់បន្ថយភាពងាយរងគ្រោះក្នុងតំបន់ ចំពោះភាពតានតឹងភូមិសាស្ត្រនយោបាយ។
ទន្ទឹមនឹងនេះ លោក Josua Pardede ប្រធានសេដ្ឋវិទូនៅធនាគារ Permata ក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី បានលើកឡើងថា បណ្តាប្រទេសដែលនាំចូលប្រេង ដូចជាប្រទេសឥណ្ឌូនេស៊ីជាដើម អាចជួបប្រទះនឹងការកើនឡើងនូវសម្ពាធអតិផរណា។
ចំណែក លោក David Gibson-Moore ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Gulf Analytica ដែលជាទីប្រឹក្សាធុរកិច្ចដល់ក្រុមហ៊ុនអន្តរជាតិ និងការិយាល័យគ្រួសារនៅទីក្រុងឌូបៃ បានព្យាករណ៍ថា អរិភាពនៅតំបន់មជ្ឈិមបូព៌ា អាចនឹងជំរុញឱ្យតម្លៃប្រេងឆៅកើនឡើងដល់កម្រិតលើសពី១០០ដុល្លារក្នុងមួយបារ៉ែល៕ ប្រភព: The Nation៕