ដោយ: គង់ លាងហួរ
អន្តរជាតិ: អគារខ្ពស់ៗកប់ពពកជិត៦០០អគារទៀត គ្រោងនឹងសាងសង់នៅទូទាំងទីក្រុងឡុងដ៍ ដែលធ្វើឱ្យរាជធានីរបស់ប្រទេសអង់គ្លេសមួយនេះមានសោភ័ណភាពដូចជាសង្កាត់ Manhattan នៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក។
ជាក់ស្តែង ក្រុមហ៊ុន New London Architecture (NLA) បានអះអាងថា អគារចំនួន៥៨៣អគារ ដែលមានកម្ពស់ជាង២០ជាន់ នឹងលេចរូបរាងឡើងជាបន្តបន្ទាប់គ្នា ក្នុងទីក្រុងឡុងដ៍ នារយៈពេលមួយទសវត្សរ៍ខាងមុខ។កំណើននៃការសាងសង់អគារខ្ពស់ៗត្រូវបានជំរុញដោយតម្រូវការការិយាល័យ និងលំនៅដ្ឋាន ព្រមទាំងការវិនិយោគនៅក្រៅប្រទេស។តួលេខខាងលើនេះបានកើនឡើងទ្វេរដង បើប្រៀបធៀបទៅនឹងការសាងសង់អគារខ្ពស់កប់ពពក បានត្រឹមតែ២៧០អគារប៉ុណ្ណោះ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។ ផែនការនេះត្រូវបានលើកឡើង បន្ទាប់ពីក្រុមប្រឹក្សា Southwark បានសម្រេចអនុម័តឱ្យសាងសង់ប៉មចំនួន៣ ដែលនឹងបង្កើតបានជាបណ្តុំអគារខ្ពស់កប់ពពកថ្មីមួយទៀតនៅទីក្រុងឡុងដិ៍។
លោក Peter Murray សហស្ថាបនិកក្រុមហ៊ុន New London Architecture (NLA) បានលើកឡើងថា “សំណង់អគារខ្ពស់ៗបានផ្លាស់ប្តូរមុខមាត់ទីក្រុងឡុងដ៍យ៉ាងខ្លាំងក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ហើយសំណង់អគារនឹងបន្តរីកស្គុះស្គាយក្នុងរយៈពេល១០ខាងមុខ”។