ដោយ ស៊ីវ ម៉េង
ភ្នំពេញ៖ សមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា បានចាប់ផ្តើមផ្តល់សេវាពិគ្រោះយោបល់ដល់អ្នកអភិវឌ្ឍន៍អចលនទ្រព្យនានាដោយឥតគិតថ្លៃ ដើម្បីឲ្យជំរុញឲ្យការអភិវឌ្ឍក្នុងវិស័យនេះធ្វើឡើងប្រកបដោយនិរន្តរភាព។
លោក ឃាង ពុទ្ឋី ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១១ មីនានេះថា សមាគមនឹងបើកទទួលផ្តល់សេវាកម្មពិគ្រោះយោបល់ ដល់អ្នកអភិវឌ្ឍន៍ដីឡូត៍ បុរី ខុនដូ និងគំរោងអភិវឌ្ឍន៍ដទៃទៀត ដើម្បីជំរុញនិងធ្វើយ៉ាងណាឲ្យអ្នកវិនិយោគក្នុងវិស័យនេះ ទទួលបាននូវចំណេះដឹងបន្ថែម ដើម្បីឲ្យគំរោងអភិវឌ្ឍន៍របស់ពួកគេផ្តល់ផលប្រយោជន៍ទាំងប្រជាពលរដ្ឋ និងផ្តល់ផលប្រយោជន៍ដល់អ្នកអភិវឌ្ឍន៍ដូចគ្នា។
លោកបន្តថា “គោលដៅរបស់សមាគម គឺដើម្បីផ្តល់ផលប្រយោជន៍ និងជំរុញការអភិវឌ្ឍក្នុងវិស័យនេះប្រកបដោយនិរន្តរភាព ដោយឈរលើមូលដ្ឋានឈ្នះ ឈ្នះទាំងអស់គ្នា”។ លោកបន្តថា “ហេតុនេះយើងនឹងផ្តល់ជូននូវមតិយោបល់ដល់ពួកគេ និងចេញវិញ្ញាបនបត្រទទួលស្គាល់ពីសមាគម ដល់អ្នកអភិវឌ្ឍន៍ ដើម្បីធ្វើឲ្យប្រាកដថា អ្នកវិនិយោគនានាបានគិតគូរដល់សង្គម ជាជាងគិតតែប្រាក់ចំណេញ”។
សមាគមអ្នកជំនាញអចលនទ្រព្យបង្កើតឡើង ក្នុងគោលដៅបំពេញបន្ថែមនូវធនធានមនុស្សក្នុងវិស័យនេះ ព្រោះវិស័យសំណង់ និងអចលនទ្រព្យមានការរីកចម្រើនខ្លាំង ដែលធ្វើឲ្យធនធានមនុស្សក្នុងវិស័យនេះមានការខ្វះខាត ហេតុនេះទើបសមាគមចូលរួម អភិវឌ្ឍន៍ធនធានមនុស្ស និងផ្តល់សេវាកម្មពិគ្រោះយោបល់ដល់អ្នកអភិវឌ្ឍន៍នានា ដើម្បីធានានូវការអភិវឌ្ឍប្រកបដោយចីរភាព។
អ្នកអភិវឌ្ឈន៍នានាអាចទាក់ទងតាមរយៈលេខទូរស័ព្ទ០៦១ ២៩ ៨៩ ៨៩៕