សមាគម​អ្នកជំនាញ​អចលនទ្រព្យ​​ផ្តល់​​សេវា​ពិគ្រោះ​យោបល់​​ដល់​​អ្នក​​អភិវឌ្ឍន៍​​​អចលន​ទ្រព្យ​​ឥត​គិតថ្លៃ​

0

​ដោយ​ ​ស៊ីវ​ ​ម៉េ​ង

​ភ្នំពេញ​៖​ ​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ ​បាន​ចាប់ផ្តើម​ផ្តល់​សេវា​ពិគ្រោះ​យោបល់​ដល់​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​នានា​ដោយ​ឥតគិតថ្លៃ​ ​ដើម្បីឲ្យ​ជំរុញ​ឲ្យ​ការ​អ​ភិវ​ឌ្ឍ​ក្នុង​វិស័យ​នេះ​ធ្វើឡើង​ប្រកបដោយ​និរន្តរភាព​។​

​លោក​ ​ឃាង​ ​ពុទ្ឋី​ ​ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​បាន​មានប្រសាសន៍​ឲ្យដឹង​នា​ព្រឹក​ថ្ងៃទី១១​ ​មីនា​នេះ​ថា​ ​សមាគម​​នឹង​បើក​ទទួល​ផ្តល់​សេវាកម្ម​ពិគ្រោះ​យោបល់​ ​ដល់​អ្នក​អភិវឌ្ឍន៍​ដី​ឡូត៍​ ​បុរី​ ​ខុន​ដូ​ ​និង​គំរោង​អភិវឌ្ឍន៍​ដទៃទៀត​ ​ដើម្បី​ជំរុញ​និង​ធ្វើ​យ៉ាងណា​ឲ្យ​អ្នក​វិនិយោគ​ក្នុង​វិស័យ​នេះ​ ​ទទួល​បាន​នូវ​ចំណេះដឹង​បន្ថែម​ ​ដើម្បីឲ្យ​គំរោង​អភិវឌ្ឍន៍​របស់​ពួកគេ​ផ្តល់​ផលប្រយោជន៍​ទាំង​ប្រជាពលរដ្ឋ​ ​និង​ផ្តល់​ផលប្រយោជន៍​ដល់​អ្នក​អភិវឌ្ឍន៍​ដូចគ្នា​។​

​លោក​បន្ត​ថា​ ​“​គោលដៅ​របស់​សមាគម​ ​គឺ​ដើម្បី​ផ្តល់​ផលប្រយោជន៍​ ​និង​ជំរុញ​ការ​អភិវឌ្ឍ​ក្នុង​វិស័យ​នេះ​ប្រកបដោយ​និរន្តរភាព​ ​ដោយ​ឈរ​លើ​មូលដ្ឋាន​ឈ្នះ​ ​ឈ្នះ​ទាំងអស់គ្នា​”​។​ លោក​បន្ត​ថា​ ​“​ហេតុនេះ​យើង​នឹង​ផ្តល់​ជូន​នូវ​មតិយោបល់​ដល់​ពួកគេ​ ​និង​ចេញ​វិញ្ញាបនបត្រ​ទទួលស្គាល់​ពី​សមាគម​ ​ដល់​អ្នក​អភិវឌ្ឍន៍​ ​ដើម្បី​ធ្វើឲ្យ​ប្រាកដ​ថា​ ​អ្នក​វិនិយោគ​នានា​បាន​គិតគូរ​ដល់​សង្គម​ ​ជាជាង​គិតតែ​ប្រាក់ចំណេញ​”​។​

​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​បង្កើត​ឡើង​ ​ក្នុង​គោលដៅ​បំពេញបន្ថែម​នូវ​ធនធានមនុស្ស​ក្នុង​វិស័យ​នេះ​ ​ព្រោះ​វិស័យ​សំណង់​ ​និង​អចលនទ្រព្យ​មានការ​រីកចម្រើន​ខ្លាំង​ ​​ដែល​ធ្វើឲ្យ​ធនធានមនុស្ស​ក្នុង​វិស័យ​នេះ​មានការ​ខ្វះខាត​ ​ហេតុនេះ​ទើប​សមាគម​ចូលរួម​ ​អភិវឌ្ឍន៍​ធនធានមនុស្ស​ ​និង​ផ្តល់​សេវាកម្ម​ពិគ្រោះ​យោបល់​ដល់​អ្នក​អភិវឌ្ឍន៍​នានា​ ​ដើម្បី​ធានា​នូវ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​

​អ្នក​អ​ភិ​វ​ឌ្ឈ​ន៍​នានា​អាច​ទាក់ទង​តាមរយៈ​លេខទូរស័ព្ទ០៦១​ ​២៩​ ​៨៩​ ​៨៩​៕

LEAVE A REPLY

Please enter your comment!
Please enter your name here