ដោយៈ គង់ សូរិយា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានបើកកិច្ចប្រជុំពិភាក្សា ពាក់ព័ន្ធនឹងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធស្ពាន (ដីឥដ្ឋ-ថ្មគរ) ចំណុចតភ្ជាប់ផ្លូវក្រវាត់ក្រុងទី៣ និងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។
លោកសូរ វ៉ិចទ័រ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគ្រប់គ្រងគម្រោង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងគម្រោងសាងសង់ ហេដ្ឋារចនាសម្ព័ន្ធស្ពាន (ដីឥដ្ឋ-ថ្មគរ) ដែលជាចំណុចតភ្ជាប់ពីផ្លូវក្រវាត់ក្រុងទី៣ ទៅកាន់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។
កិច្ចប្រជុំនាឱកាសនេះ មានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធផ្សេងទៀតផងដែរ។
អង្គប្រជុំបានពិនិត្យពិភាក្សាយ៉ាងផុលផុស លើនីតិវិធីក្នុងការអនុវត្តការងារជាអាទិភាពមួយចំនួន សំដៅជំរុញឱ្យគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធស្ពាន (ដីឥដ្ឋ-ថ្មគរ) អាចប្រព្រឹត្តទៅបានដោយរលូន ស្របតាមគោលការណ៍ណែនាំពីថ្នាក់ដឹកនាំ និងស្របតាមប្រតិទិនការងារដែលបានគ្រោងទុក។
យោងតាមកិច្ចប្រជុំកន្លងមក ដែលបានដឹកនាំលោកលឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងថ្នាក់ដឹកនាំក្រុមហ៊ុន Shanghai Construction Group Co,.Ltd.) បានឲ្យដឹងថា យោងតាមលទ្ធផលនៃការសិក្សា សមិទ្ធិលទ្ធភាពបន្ថែមរបស់ក្រុមហ៊ុនសំណង់សៀងហៃ គម្រោងខ្សែក្រវាត់ទី៣ ប៉ែកខាងកើតនេះ មានប្រវែងប្រមាណ៣៣,៤៦ គីឡូម៉ែត្រ ដែលនឹងសាងសង់ជាផ្លូវ៤គន្លង (ពីរគន្លងទៅ ពីរគន្លងមក) ចាប់ពីមហាវិថីឈ្នះឈ្នះ (ចំណុចប្រសព្វផ្លូវជាតិលេខ៦) រហូតដល់ចំណុចប្រសព្វផ្លូវលេខ៧០បេ។


ផ្លូវនេះក្រវ៉ាត់ក្រុងទី៣ប៉ែកខាងកើត នឹងត្រូវសាងសង់ ស្ពានឆ្លងទន្លេមេគង្គចំនួនបី ដោយឆ្លងកាត់កោះចំនួនពីរ គឺកោះដាច់ និងកោះតាង៕