រដ្ឋាភិបាលជប៉ុនគ្រោងបង្កើតប្រព័ន្ធដឹកជញ្ជូនទំនិញស្វ័យប្រវត្តិរវាង ទីក្រុងតូក្យូ និងទីក្រុងអូសាកា

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: នាពេលនេះ ប្រទេសជប៉ុន កំពុងបង្កើតផែនការជាក់លាក់មួយ ដើម្បីបង្កើតប្រព័ន្ធដឹកជញ្ជូនទំនិញ ដែលគេហៅថា “ផ្លូវលំហូរស្វ័យប្រវត្តិ”ឬ Autoflow road  ដើម្បីធ្វើការតភ្ជាប់ទីក្រុងតូក្យូ និងទីក្រុងអូសាកា។

ប្រព័ន្ធដឹកជញ្ជូនទំនិញដោយស្វ័យប្រវត្តិនេះ នឹងប្រើប្រាស់យានយន្តគ្មានមនុស្សបើក និងមធ្យោបាយដឹកជញ្ជូនផ្សេងទៀត។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារពត៌មានជប៉ុន NHK World។

ជាមួយគ្នានេះដែរ គណៈកម្មាការនៃរដ្ឋាភិបាលជប៉ុន កំពុងសម្លឹងសិក្សាមើលលទ្ធភាព ប្រើប្រាស់សួនពុះចែកទ្រូងផ្លូវ ល្បឿនលឿន ឬផ្លូវក្រោមដីសម្រាប់ដំឡើង ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនស្វ័ យប្រវត្តិ ដែលអាចនឹងបញ្ចប់រួចរាល់ជាស្ថាពរ ក្នុងរយៈពេល១០ឆ្នាំខាងមុខ។

ការរៀបចំកសាងប្រព័ន្ធដឹកជញ្ជូន ស្វ័យប្រវត្តិពីលើដី(Above ground) ត្រូវបានគេប៉ាន់ប្រមាណថា ត្រូវចំណាយទុនវិនិយោគក្នុងទំហំទឹកប្រាក់ជាង២៥ពាន់លានយ៉េន ក្នុងប្រវែង១០គីឡូម៉ែត្រម្តង ឬស្មើនឹង១៦០,៥៧លានដុល្លារអាមេរិក។

ចំណែកឯ ការរៀបចំប្រព័ន្ធដឹកជញ្ជូនស្វ័យប្រវត្តិ នៅផ្លូវ​ក្រោមដី​ អាច​នឹងត្រូវចំណាយទុនវិនិយោគ ពីរដ្ឋាភិបាលជប៉ុនក្នុងទំហំទឹកប្រាក់​ជាង៥០០​លាន​ដុល្លារអាមេរិក។ ចំណាត់ការនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយវិបត្តិការងារ នៅក្នុងឧស្សាហកម្មដឹកជញ្ជូន។

ជាក់ស្តែង បណ្តាក្រុមហ៊ុនភ័ស្តុភារនានា កំពុងពង្រឹងភាពជាដៃគូ ដើម្បីរក្សាសេវាកម្មដឹកជញ្ជូន ស្របពេលមានការព្រួយបារម្ភអំពីកង្វះខាតនៃអ្នកបើកបរឡានដឹកទំនិញ ដោយសារបទប្បញ្ញត្តិថ្មី ដែលកាត់បន្ថយការបន្ថែមម៉ោងធ្វើការរបស់អ្នកបើកបរ។

ស្ថានភាពបុគ្គលិកនៅក្នុងឧស្សាហកម្មភស្តុភារ ត្រូវបានគេរំពឹងថា នឹងវិវត្តន៍កាន់តែអាក្រក់នៅក្នុងឆ្នាំនេះ ខណៈបច្ចុប្បន្ននេះ ការបន្ថែមម៉ោងធ្វើការ(OT) សម្រាប់អ្នកបើកបររថយន្ត ត្រូវបានកំណត់ត្រឹម៩៦០ម៉ោងប៉ុណ្ណោះក្នុងមួយឆ្នាំ។

ឆ្លើយតបនឹងបញ្ហានេះ ក្រសួងហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនជប៉ុនបានអះអាងថា ការបង្កើតប្រព័ន្ធលំហូរទំនិញស្វ័យប្រវត្តិ នឹងអាចគ្រប់គ្រងទំនិញ បានចំនួន២៦ភាគរយ នៃទំនិញដែលដឹកដោយរថយន្តដឹកទំនិញ និងយានយន្តផ្សេងទៀតរវាងទីក្រុងតូក្យូ និងទីក្រុងអូសាកា។

រដ្ឋាភិបាល​ជប៉ុន មាន​បំណង​ជ្រើសរើស​ផ្លូវ​ជាក់លាក់​មួយ និង​ចងក្រង​ផែនការ​មូលដ្ឋាន ​នៅ​ពាក់កណ្តាល​ឆ្នាំ​នេះ ដើម្បីពន្លឿនការចាប់ផ្តើមកសាងប្រព័ន្ធដឹកជញ្ជូនទំនិញស្វ័យប្រវត្តិនេះ៕ប្រភព: NHK៕

LEAVE A REPLY

Please enter your comment!
Please enter your name here