ដោយៈ គង់ សូរិយា
អន្តរជាតិៈ អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ស៊ុន ចាន់ថុលបាននិងកំពុងទាក់ទាញក្រុមហ៊ុនជប៉ុនមកកាន់កម្ពុជា ដោយប្រទេសនេះ កំពុងងាកចេញពីការប្រើប្រាស់អតិពលកម្ម ទៅជាពលកម្ម ដែលមានជំនាញខ្ពស់។
លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងបែបនេះ ក្នុងជំនួបជាមួយលោក Tsuyosi Hasabe ប្រធានក្រុមហ៊ុន Nikkei Incកាលពីថ្ងៃទី២៣ ឧសភាកន្លងមកនេះ។
ក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីគោលនយោបាយថ្មី ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើន ដើម្បីសម្រេចបានគោលដៅប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ក៏ដូចជាកត្តាអំណោយផលផ្សេងៗ ក្នុងការបណ្តាក់ទុនវិនិយោគនៅប្រទេសកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ដែលរាជរដ្ឋាភិបាលសម្រេចបាន និងផែនការថ្មីៗទៀតជាច្រើន រួមមាន គម្រោងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ ប្រវែង៣៥០ម៉ែត្រ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ការលើកកម្រិតផ្លូវជាតិលេខ៥ ពី២គន្លង ទៅ៤គន្លង គម្រោងសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គម្រោងផែនការកសាងផ្លូវល្បឿនលឿនភ្នំពេញ -សៀមរាប- ប៉ោយប៉ែត និងគម្រោងព្រែកជីកហ្វូណនតេជោផងដែរ។
បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបលោកប្រធានក្រុមហ៊ុនអំពីតួនាទី របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការផ្តល់កិច្ចសម្របសម្រួល ជូនដល់វិនិយោគិនដែលមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា និងស្នើសុំឱ្យក្រុមហ៊ុនជប៉ុន មកបណ្តាក់ទុនរួមមាន វិស័យអេឡិចត្រូនិក វិស័យយានយន្ត និងបច្ចេកវិទ្យាជាដើម ដើម្បីជំរុញការប្រែក្លាយប្រទេសកម្ពុជា ពីការប្រើប្រាស់អតិពលកម្ម ទៅការប្រើប្រាស់ជំនាញបច្ចេកទេស សម្រាប់វិស័យឧស្សាហកម្ម។
លោកប្រធានក្រុមហ៊ុន បានបង្ហាញនូវចំណាប់អារម្មណ៍លើការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស របស់ព្រះរាជាណាចក្រកម្ពុជា និងបានប្តេជ្ញាចិត្តជួយផ្សព្វផ្សាយ និងណែនាំក្រុមហ៊ុនជប៉ុន ឱ្យបណ្តាក់ទុនវិនិយោគនៅប្រទេសកម្ពុជាផងដែរ៕