ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមអ្នកជំនាញបានលើកឡើងថា កម្មវិធីទិដ្ឋាការទោល Schengen ដែលផ្តួចផ្តើមឡើងដោយប្រទេសថៃ សម្រាប់បណ្តាប្រទេសអាស៊ានចំនួន៦ ត្រូវបានគេរំពឹងថា នឹងជួយទាក់ទាញអ្នកធ្វើដំណើរផ្លូវឆ្ងាយ និងភ្ញៀវទេសចរណ៍ចូលចិត្តចំណាយប្រាក់ច្រើនបន្ថែមទៀត។
កម្មវិធីនេះនឹងអនុញ្ញាតឱ្យភ្ញៀវទេសចរណ៍ ចូលទៅកាន់ប្រទេសវៀតណាម ថៃ កម្ពុជា ឡាវ ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា ដោយប្រើប្រាស់ទិដ្ឋាការតែមួយប៉ុណ្ណោះ ក្នុងគោលបំណងធានានូវភាពចល័តប្រកប ដោយភាពរលូន សម្រាប់អ្នកដំណើរក្នុងបណ្តាប្រទេសទាំង៦។
លោក Truong Quoc Hung ប្រធានក្លឹបទេសចរណ៍ហាណូយរបស់អង្គការយូណេស្កូ បានលើកឡើងថា កម្មវិធីទិដ្ឋាការទោលនឹងជួយសម្រួល ដល់ការធ្វើដំណើររបស់អ្នកទេសចរណ៍ ដ៏សម្បូរបែប បង្កើនប្រាក់ចំណូលពីផ្នែកទេសចរណ៍ ព្រមទាំងបង្កើតលក្ខខណ្ឌអំណោយផល សម្រាប់ក្រុមហ៊ុនទេសចរណ៍ ក្នុងការបង្កើតដំណើរកំសាន្តតាមផ្លូវអន្តរតំបន់។
លោក Nguyen Van Tai នាយកប្រតិបត្តិក្រុមហ៊ុន VietSense Travel បានលើកឡើងថា “គោលនយោបាយទិដ្ឋាការទោលនឹងជួយវៀតណាម លើកកម្ពស់ទំនាក់ទំនងទេសចរណ៍ ជាមួយបណ្តាប្រទេ សជិតខាងរបស់ខ្លួន និងជាពិសេសដោះស្រាយបញ្ហា នៃការបាត់បង់ភ្ញៀវទេសចរអន្តរជាតិ ដោយសារតែរបាំងទិដ្ឋាការបច្ចុប្បន្ន”។ លោកបន្តថា “ដូច្នេះ ក្រុមហ៊ុនរបស់លោក មានការរំពឹងទុកខ្ពស់សម្រាប់ការបង្កើតតំបន់ទិដ្ឋាការរួម”។
ដូចគ្នានេះដែរ លោក Nguyen Tien Dat នាយកប្រតិបត្តិក្រុមហ៊ុន AZA Travel ជឿជាក់ថា តាមរយៈគោលនយោបាយនេះ បណ្តាប្រទេសសមាជិកទាំង៦ នឹងអាចបង្កើនភាពប្រកួតប្រជែងជាមួយគោលដៅទេសចរណ៍អាស៊ានផ្សេងទៀត និងគោលដៅទេសចរណ៍ធំៗនៅតំបន់អាស៊ី ដូចជា កូរ៉េខាងត្បូង ជប៉ុន និងចិន។
យ៉ាងណាមិញ លោក Ha Van Sieu អគ្គនាយករងនៃអាជ្ញាធរជាតិទេសចរណ៍វៀតណាម បានមានប្រសាសន៍ឱ្យដឹងថា ស្ថិរភាពនយោបាយ វិស័យការពារជាតិ និងសន្តិសុខ និងកិច្ចការបរទេសនៃប្រទេសទាំង៦ គួរតែត្រូវបានពិនិត្យយ៉ាងយកចិត្តទុកដាក់ មុនពេលដាក់ឱ្យដំណើរការកម្មវិធីទិដ្ឋាការនេះ៕ប្រភព: The Nation