រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មជម្រុញនាំយកផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិតាមរយៈ Alibaba.com”

0

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកជំទាវចម និម្មល បានជម្រុញឲ្យពាណិជ្ជករ អ្នកផលិតកម្ពុជា សហការជាមួយក្រុមហ៊ុនAlibaba ដើម្បីពង្រីកទីផ្សារនាំចេញផលិតផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ។

លោកជំទាវបានថ្លែងបែបនេះ ក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសលាស្តីពី “លើសពីទីផ្សារកម្ពុជា” ការនាំយកផលិត​ផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈAlibaba.com” កាលពីព្រឹកថ្ងៃទី២៧ ឧសភាកន្លងមកនេះ។

លោកជំទាវរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារក្រសួងពាណិជ្ជកម្ម វិស័យឯកជន និងក្រុមការងារក្រុមហ៊ុនAlibaba.com ដែលបានខិតខំប្រឹងប្រែង និងផ្តល់កិច្ចសហការជិតស្និទ្ធ ដោយទទួលបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ដែលលោកជំទាវមានជំនឿយ៉ាងមុតមាំថា កម្ពុជានឹងអាចទាញយក អត្ថប្រយោជន៍ជាអតិបរិមា ដើម្បីពងី្រកវិសាលភាព ក្នុងការនាំចេញផលិតផលខ្មែរ ពង្រឹងលទ្ធភាពក្នុងការប្រកួតប្រជែង និងការធ្វើពិពិធកម្មសេដ្ឋកិច្ច ទៅក្នុងទីផ្សារអន្តរជាតិ។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី ក៏បានស្នើនិងលើកទឹកចិត្តដល់ក្រុមហ៊ុន ក៏ដូចជាសហគ្រាសធុនតូច និងមធ្យមកម្ពុជា ចូលរួមដាក់ផលិតផលខ្មែរ និងប្រើប្រាស់ផ្សារពាណិជ្ជកម្មខេមបូឌាត្រេដ ដោយឥតគិតថ្លៃ និងសិក្សាអំពីលទ្ធភាព ក្នុងការចូលរួមជាមួយផ្សារពាណិជ្ជកម្ម Alibaba.com ដើម្បីដាក់លក់ និងជំរុញការនាំចេញផលិតផលខ្មែរ ទៅកាន់ទីផ្សារអន្តរជាតិ​ផ្សេងៗទៀត ដើម្បីគាំទ្រនិងជំរុញបន្ថែមនូវការប្រើប្រាស់ ថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំងជំរុញកិត្តិនាមផលិតផលកម្ពុជា ឱ្យកាន់តែមានភាពប្រកួ​តប្រជែង និងទទួលស្គាល់ពីគុណភាព ស្តង់ដាររបស់ខ្លួនពីអ្នកប្រើប្រាស់អន្តរជាតិបាន។

ដើម្បីជំរុញការប្រើប្រាស់ថ្នាល Alibaba.com ក៏ដូចជាលើកកម្ពស់កិត្តិនាម និងជំរុញការនាំចេញផលិតផលខ្មែរ លោកជំទាវរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍មួយចំនួន រួមមាន៖ (១). ត្រូវរៀបចំគោលការណ៍ណែនាំ និងវីដេអូខ្លីៗ អំពីរបៀបប្រើប្រាស់ថ្លាល Alibaba.com នេះ ដើម្បីឱ្យវិស័យឯកជន ជាពិសេសសហគ្រាសធុនតូច និងមធ្យមកម្ពុជា មានភាពងាយស្រួលយល់ និងប្រើប្រាស់ (២). ជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងជួយសម្របសម្រួលបន្ថែម ដើម្បីឱ្យវិស័យឯកជន និងធុរជនដែលមានផលិតផលសក្តានុពល អាចឆ្លើយតបទៅនឹងលក្ខខណ្ឌតម្រូវ និងអាចនាំចេញបានតាមរយៈយន្តការនេះ។

 (៣). បន្តសហការជាមួយក្រុមហ៊ុន Alibaba.com ក្នុងការតាមដាន និងវិភាគតម្រូវការទីផ្សារ ដើម្បីផ្សព្វផ្សាយបន្ថែមដល់វិស័យឯកជន និងធុរជនកម្ពុជា សម្រាប់ជាការត្រៀមខ្លួន និងគិតគូរក្នុងការផ្គត់ផ្គង់ផលិតផល ដែលអតិថិជនត្រូវការនាពេលបច្ចុប្បន្ន និងអនាគត (៤). បន្តផ្សព្វផ្សាយ បណ្តុះបណ្តាល និងផ្តល់ការប្រឹក្សាផ្នែកបច្ចេក​ទេស សំដៅកៀរគរ និងជួយសម្របសម្រួលបន្ថែម ដល់ការចូលរួមរបស់ធុរជនកម្ពុជានៅក្នុងយន្តការនេះ និង(៥). ក្រសួង-ស្ថាប័ន និងវិស័យឯកជនក្នុងស្រុក និងអន្តរជាតិ បន្តសហការឱ្យបានជិតស្និទ្ធ  ក្នុងការជំរុញវិស័យពាណិជ្ជកម្ម និងធុរកិច្ចនៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here