ដោយ: គង់ លាងហួរ
អន្តរជាតិ: ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្រកាសដាក់ឱ្យអនុវត្តន៍យុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសថ្មីសម្រាប់កម្ពុជាចាប់ពីឆ្នាំ ២០២៤-២០២៨។ នេះបើយោងតាមការដកស្រង់ចុះផ្សាយដោយសារពត៌មាន Xinhua នៅថ្ងៃពុធ ទី២៩ ខែឧសភា។
យុទ្ធសាស្ត្រថ្មីនេះ ដែលមានភាពសុីសង្វាក់គ្នាជាមួយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់រយៈពេល៥ឆ្នាំដូចគ្នា មានគោលបំណងពង្រឹងដំណើរឆ្ពោះទៅរកកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព បរិយាបន្ន និងមានភាពធន់នៅក្នុងប្រទេសកម្ពុជា។
ធនាគារ ADB បានបន្តថា “យុទ្ធសាស្រ្តរយៈពេល៥ឆ្នាំនេះ ផ្តោតទៅលើការធ្វើការងារជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូផ្សេងទៀត ដើម្បីពន្លឿនការធ្វើពិពិធកម្មសេដ្ឋកិច្ច ដែលដឹកនាំដោយវិស័យឯកជន ជំរុញការអភិវឌ្ឍន៍មនុស្ស និងពង្រឹងភាពធន់នឹងអាកាសធាតុ”។
ប្រភពខាងលើបានបន្ថែមថា យុទ្ធសាស្រ្តដ៏គ្រប់ជ្រុងជ្រោយនេះក៏រួមបញ្ចូលផងដែរនូវអាទិភាព ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ ពង្រឹងអភិបាលកិច្ច និងសមត្ថភាពស្ថាប័ន លើកកម្ពស់សមភាពយេនឌ័រ លើកកម្ពស់ឌីជីថលភាវូបនីយកម្ម និងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ និងសមាហរណកម្មក្នុងតំបន់។






