ដោយៈ ជេស៊ីកា
ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ បានរកឃើញតម្រាយផ្លូវថ្មីដែលតភ្ជាប់ពីផ្លូវជាតិលេខ១ មកកាន់ស្ពានចក្រអង្រែក្រោម ព្រែកប្រាហើយ ដោយផ្លូវនេះនឹងកាត់តាមបុរីប៉េង ហួតបឹងស្នោ។
អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេងបានមានប្រសាសន៍ឲ្យដឹង ក្នុងពេលចុះពិនិត្យទីតាំងគម្រោងផ្លូវ និងស្ពានឆ្លងកាត់ទន្លេបាសាក់ ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែក្រោម នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ថា ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ក្រោយស្ថាបនារួច នឹងអាចដោះស្រាយការកកស្ទះចរាចរណ៍ លើកំណាត់ផ្លូវជាតិលេខ១ កាន់តែប្រសើរថែមទៀត ដោយសាររដ្ឋបាលរាជធានីភ្នំពេញ នឹងបង្កើតផ្លូវមួយខ្សែទៀត តភ្ជាប់ពីផ្លូវជាតិលេខ១ កាត់តាមបុរី ប៉េង ហួត បឹងស្នោរ រហូតដល់គល់ស្ពាននេះតែម្តង។
លោកបន្តថា “ស្ពានកោះនរាក្រោយស្ថាបនាហើយ ដោះស្រាយការកកស្ទះចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ១ ចូលមកភ្នំពេញ បានប្រមាណ៣០ភាគរយប៉ុណ្ណោះ ដោយវានៅតែបង្កការកកស្ទះចរាចរណ៍ជៀសមិនរួច តែនៅពេលយើងបើកផ្លូវថ្មី តភ្ជាប់ពីផ្លូវជាតិលេខ១ កាត់តាមបុរី ប៉េង ហួត បឹងស្នោរ រហូតដល់គល់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) នេះមួយខ្សែទៀតវានឹងដោះស្រាយការកកស្ទះចរាចរណ៍ លើកំណាត់ផ្លូវជាតិលេខ១ កាន់តែប្រសើរឡើងមួយកំរិតទៀត”។
ផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) អាចដោះចរាចណ៍ពីផ្លូវជាតិលេខ១ ទៅផ្លូវ៦០ម៉ែត្រខណ្ឌមានជ័យ និងបន្តឆ្ពោះទៅ២១៧ (ផ្លូវចំការដូង)។
អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ លោកចេង មុនីរ៉ាបានមានប្រសាសន៍អោយដឹងផងដែរថា គម្រោងផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ កាត់តាមបុរី ប៉េង ហួត បឹងស្នោរ រហូតដល់គល់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា)នេះ មានផលប៉ះពាក់ដីប្រជាពលរដ្ឋមួយចំនួន តែការងារនេះយើងបាន នឹងកំពុងខិតខំដោះស្រាយជាមួយប្រជាពលរដ្ឋ ដើម្បីធ្វើយ៉ាងណាអោយគម្រោងនេះទទួលបានជោគជ័យ ដោះស្រាយបាននូវការកកស្ទះចរាចរណ៍ ពីផ្លូវជាតិលេខ១។
គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចការសាងសង់បានជាង១០%ហើយ ដោយបច្ចុប្បន្ននេះ សសរគ្រឹះចំនួន២៤ដើម បានចាក់បេតុងរួចរាល់១០០% និងកំពុងបន្តរៀបចំដំឡើងពុម្ពជើងតាង ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត។
ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ក្រោយស្ថាបនារួច នឹងអាចដោះស្រាយការកកស្ទះចរាចរណ៍ លើកំណាត់ផ្លូវជាតិលេខ១ កាន់តែប្រសើរថែមទៀត ដោយសាររដ្ឋបាលរាជធានីភ្នំពេញនឹងបង្កើតផ្លូវមួយខ្សែទៀត តភ្ជាប់ពីផ្លូវជាតិលេខ១ កាត់តាមបុរី ប៉េង ហួត បឹងស្នោរ រហូតដល់គល់ស្ពាននេះតែម្តង។ នេះបើតាមការលើកឡើងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈលោកចុះពិនិត្យទីតាំងគម្រោងផ្លូវ និងស្ពានឆ្លងកាត់ទន្លេបាសាក់ ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែក្រោម នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ។
គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេ បាសាក់នេះ មានប្រវែងសរុប១.៦៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ម៉ែត្រ ទទឹងផ្លូវ២៧ម៉ែត្រ, ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង៨០៤,៣០ម៉ែត្រ, ទទឹងផ្លូវ២៧ម៉ែត្រ) សាងសង់ដោយក្រុមហ៊ុន សំណង់សៀងហៃ និងទីប្រឹក្សាគម្រោងដោយក្រុមហ៊ុនក្វាងចូវវ៉ានអាន។
ស្ពានចាក់អង្រែ ក្រោម-ព្រែកប្រា ត្រូវបានបើកការដ្ឋានសាងសង់កាល ពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕