ដោយ: គង់ លាងហួរ
អន្តរជាតិ: អ្នកជំនាញផ្នែកប្រជាសាស្ត្រ កំពូលមួយរូបបានលើកឡើងថា កំណើនយ៉ាងឆាប់រហ័សនៃចំនួនប្រជាជន ដែលមានវ័យ ចំណាស់ នឹងក្លាយជាឧបសគ្គចំពោះកំណើនសេដ្ឋកិច្ចចិន ដែលនឹងវ៉ាដាច់ ដោយសហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។
លោក Fu-Xian Yi អ្នកឯកទេសខាងវិទ្យាសាស្ត្របន្តពូជនៅសា កលវិទ្យាល័យ Wisconsin-Madison និងជាអ្នកជំនាញខាងប្រជាសាស្រ្តរបស់ប្រទេសចិន បានចង្អុលបង្ហាញថា ចំនួនប្រជាជនចិន ដែលមានអាយុលើសពី៦៥ឆ្នាំ បានកើនឡើងដល់១៥,៤%នៃចំនួនប្រជាជនសរុប ក្នុងឆ្នាំ២០២៣ បើធៀបនឹងកម្រិត៧% ក្នុងឆ្នាំ១៩៩៨ ។
លោកបានបន្តថា “បើយើងក្រឡេកទៅមើលប្រវត្តិសាស្ត្រ នោះយើងសង្កេតឃើញថា គ្មានប្រទេសណាមួយ អាចសម្រេចបានកំណើ នសេដ្ឋកិច្ចក្នុងរង្វង់៤%បានឡើយ ក្នុងរយៈពេល១២ឆ្នាំបន្ទាប់ ក្រោ យពីចំនួនមនុស្សចាស់ គ្របដណ្តប់ចំណែក១៥% នៃចំនួនប្រជាជនសរុប”។
លោកគូសបញ្ជាក់ថា “អត្រាកំណើនសេដ្ឋកិច្ចជាមធ្យម សម្រាប់បណ្តាប្រទេស ដែលមានប្រាក់ចំណូលខ្ពស់ ក្នុងអំឡុងរយៈពេល១២ឆ្នាំ បន្ទាប់ពីអត្រាចំនួនមនុស្សចាស់ កើនឡើងដល់១៥% គឺស្ថិតក្នុងរង្វង់ត្រឹមតែ១,៨ភាគរយប៉ុណ្ណោះ”។
បច្ចុប្បន្ន សហរដ្ឋអាមេរិក នៅតែជាប្រទេសមានទំហំសេដ្ឋកិច្ចធំជាងគេបំផុតទី១របស់ពិភពលោក ទោះបីជាអត្រាកំណើនសេដ្ឋកិច្ចអាមេរិក មានកម្រិតទាបជាងចិនយ៉ាងណាក្តី។ តួយ៉ាងកាលពីឆ្នាំ២០២៣កន្លងទៅ សេដ្ឋកិច្ចរបស់ប្រទេសចិន បានកើនឡើង៥,២ភាគរយ បើប្រៀបធៀបទៅនឹងកំណើនសេដ្ឋកិច្ច របស់សហរដ្ឋអាមេរិកក្នុងរង្វង់ត្រឹមតែ២,៥ភាគរយប៉ុណ្ណោះ។
ប៉ុន្តែលោក Yi មើលឃើញថា ចំណុចរបត់មួយនឹងកើតឡើងនៅទសវត្សរ៍ក្រោយ។ លោកបានលើកឡើងពីចំណុចស្រដៀងគ្នា គឺការកើនឡើង នៃចំនួនប្រជាជនចាស់ជរានៅប្រទេសជប៉ុន និងប្រទេសអាល្លឺម៉ង់ ដែលនាំឱ្យកំណើនសេដ្ឋកិច្ច របស់ប្រទេសទាំង២នេះមានការធ្លាក់ចុះ។
លោកបានព្យាករណ៍ថា “ដោយផ្អែកលើនិន្នាការប្រវត្តិសាស្ត្រទាំងនេះ អត្រាកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន អាចនឹងធ្លាក់ចុះមកត្រឹម៣% នៅឆ្នាំ២០២៨ ហើយកំណើនសេដ្ឋកិច្ចចិន នឹងបន្តធ្លាក់ចុះមកនៅត្រឹមកម្រិតណាមួយ ដែលទាបជាងសហរដ្ឋអាមេរិក ចន្លោះពីឆ្នាំ២០៣១ ដល់ឆ្នាំ២០៣៥ខាងមុខ៕ប្រភព: Fortune៕