ដោយ: គង់ លាងហួរ
អន្តរជាតិ: ការពន្យារពេលនៃការដឹកជញ្ជូននៅក្នុងប្រទេសសិង្ហបុរីបានកើនឡើងជាង២ដងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈក្រុមអ្នកសង្កេតការណ៍យល់ឃើញថា ការណ៍នេះអាចនាំឱ្យតម្លៃទំនិញកើនឡើងខ្ពស់សម្រាប់អ្នកប្រើប្រាស់់។
ស្ថានភាពនេះបានកើតឡើង ដោយសារតែកង្វះខាតនៃកប៉ាល់កុងតឺន័រ ក៏ដូចជាការកកស្ទះនៅកំពង់ផែ ដែលនឹងធ្វើឱ្យវិបត្តិខ្សែសង្វាក់ផ្គត់ផ្គង់កាន់តែខិតជិតចូលមកដល់។នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន CNA។
ជុំវិញបញ្ហានេះ ប្រតិបត្តិករកំពង់ផែ PSA Singapore បានអះអាងថា ខ្លួនកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយខ្សែបណ្តាញដឹកជញ្ជូន ដើម្បីកាត់បន្ថយការរំខាន ដោយបន្ថែមថា ខ្លួនកំពុងទាក់ទងជាមួយអ្នកបើកបរកប៉ាល់ ដើម្បីដឹងទុកជាមុនអំពីម៉ោងមកដល់ និងបរិមាណទំនិញនៅលើកប៉ាល់។
ក្រុមអ្នកសង្កេតការណ៍បានលើកឡើងថា ការកកស្ទះនៅកំពង់ផែសិង្ហបុរីបណ្តាលមកពីការបង្វែរផ្លូវដឹកជញ្ជូន ដែលបង្កឡើងដោយភាពចលាចលនៅក្នុងសមុទ្រក្រហម គួបផ្សំនឹងក្រុមហ៊ុននាំចេញរបស់ចិនកំពុងសម្រុកដឹកជញ្ជូនទំនិញ មុនពេលការដំឡើងពន្ធរបស់សហរដ្ឋអាមេរិកចូលជាធរមាន។






