ដោយ គង់ សូរិយា
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងថា កំណែទម្រង់សេដ្ឋកិច្ច និងការចាប់ផ្តើមអនុវត្តន៍អភិក្រមទី៥បាននិងកំពុងហុចផលល្អ ដល់អ្នកវិនិយោគ ពាណិជ្ជករក្នុងការកាត់បន្ថយការិយាធិបតេយ្យនានា។
សម្តេចតេជោហ៊ុន សែនបានមានប្រសាសន៍ ក្នុងពេលអនុញ្ញាត្តឲ្យលោក Norio Yamaguchi អនុប្រធានក្រុមប្រឹក្សាផ្លាស់ប្តូរមិត្តភាពអន្តរជាតិជប៉ុនជួបសម្តែងការគួរសមនារសៀលថ្ងៃទី១២ មិនាកន្លងមកថា កំណែទម្រង់សេដ្ឋកិច្ច និងការចាប់ផ្តើមអនុវត្តន៍អភិក្រមទី ៥ គឺកំពុងផ្តល់នូវផលប្រយោជន៍ដល់អ្នកវិនិយោគគិន និងពាណិជ្ជករ ក្នុងការកាត់បន្ថយនូវការចំណាយ ដែលមានរួមទាំងចំណាយលើតុ និងចំណាយក្រោមតុ ជាដើមដូចជា ទី១ ការបញ្ចុះតម្លៃអគ្គិសនី ទី២ ការដកតួនាទីកាំកុងត្រូចេញពីច្រកព្រំដែន និងទី៣ការរំលាយចោលអង្គភាពកាំសាប ដែលមានអាយុកាល៤០ឆ្នាំមកហើយ។
សម្តេចតេជោ កំពុងពិនិត្យទៅលើបញ្ហាស្កែនទំនិញ (SCAN) ព្រោះថាបានស៊ីពេលវេលាយូរ ដែលធ្វើអោយប៉ះពាល់ដល់ពេលវេលា នៃការនាំទំនិញចេញចូល។ សម្តេចតេជោ បានពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងសាធារណៈការរួចហើយ ចំពោះទំនិញចូលកម្ពុជាគឺមិនចាំបាច់ត្រូវអោយស្កែនទេ ហើយចំពោះទំនិញដែលចេញទៅក្រៅប្រទេស គឺស្កែនទៅលើតែប្រទេសណាដែលតម្រូវអោយស្កែន បើមិនតម្រូវការទេមិនចាំបាច់ឡើយ ព្រោះវាបង្កអោយមានកាលំបាកយឺតយ៉ាវ និងខាតបង់ពេលវេលាលុយកាក់របស់របស់ក្រុមហ៊ុន។
ទន្ទឹមនឹងនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ជម្រាបដល់ប្រតិភូជប៉ុនថា ពេលនេះ សម្តេចតេជោ កំពុងចាប់ផ្តើមអនុវត្តអភិក្រមទី៥ ហើយ គឺ វះកាត់ចេញ គឺកុំអោយមន្រ្តីអាក្រក់ទាំងនោះនៅជាមួយយើង បន្តប្រព្រឹត្តិសកម្មភាពខុសច្បាប់តទៅទៀត។ ប្រទេសយើង គឺមិនត្រូវបំពានដោយមន្រ្តីរដ្ឋាភិបាលពុករលួយ ដែលបំពានល្មើសច្បាប់នោះដែរ។
ជាមួយគ្នានេះ លោក Norio បានសម្តែងសុទិដ្ឋិនិយម និងបានមើលឃើញការផ្លាស់ប្តូរមុខមាត់កម្ពុជាយ៉ាងឆាប់រហ័ស ដោយលោកបានមានប្រសាសន៍ថា បើប្រៀបធៀបកាលពី៣ឆ្នាំមុន និងពេលនេះដែលលោកបានមកឃើញប្រទេសកម្ពុជា គឺបានឃើញច្បាស់ពីការផ្លាស់ប្ដូរ និងអភិវឌ្ឍន៍វីកចម្រើនជាវិជ្ជមានយ៉ាងឆាប់រហ័ស។
លោកសប្បាយរីករាយចំពោះចំណងសហប្រតិបត្តិការ រវាងជប៉ុន និងកម្ពុជា កាន់តែរីកលូតលាស់ក្នុងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងកម្ពុជាជប៉ុន។
កាលពីពេលថ្មីៗនេះ ក្រុមប្រតិភូលោកក៏បានជួបសភាពាណិជ្ជកម្មកម្ពុជា ដើម្បីស្វែងយល់ពីស្ថានភាពវិនិយោឡនៅក្នុងប្រទេស។ ក្រុមពាណិជ្ជករទាំងក្នុងស្រុក និងក្រៅស្រុកបានផ្ញើសេចក្តីគោរព ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅតាមរយៈលោក ណារ្យូ ជូនចំពោះសម្តេចតេជោ ដែលបានចាត់វិធានការសម្រួល ដល់ការនាំទំនិញចេញចូលតាមច្រកនានាដោយបានលុបបំបាត់កាំកុងត្រូល ដែលធ្វើអោយមានភាពងាយស្រួលនិងកាត់បន្ថយបានការចំណាយច្រើន។
លោកបន្តថា “ចំណាត់ការរបស់សម្តេចប្រមុខដឹកនាំ បានធ្វើអោយពាណិជ្ជករជប៉ុនរីករាយស្វាគមន៍ និងកក់ក្តៅក្នុងការធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា”។
លោក Nario ដែលបានដឹកនាំអ្នកវិនិយោគជប៉ុន មកកាន់កម្ពុជានាពេលនេះ ដើម្បីស្វែងយល់ពីស្ថានភាពវិនិយោគ ជាពិសេសផ្នែកវិនិយោគកម្រិតតូច និងកម្រិតមធ្យម ដែលកំពុងចាប់អារម្មណ៍ពីភាគីជប៉ុន ទន្ទឹមនឹងស្ថានភាពសេដ្ឋកិច្ចនៅប្រទេសជប៉ុនកំពុងនៅហ្នឹងស្ងៀម ដែលនេះគឺជាឱកាសសម្រាប់កម្ពុជា៕






