កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្តកំពត​នឹង​ក្លាយជា​ច្រក​ទ្វារ​អន្តរជាតិ​ផ្លូវ​សមុទ្រ​ដ៏​សំខាន់​

0

​ដោយ​ ​នៅ​ ​វ​ឌ្ឈ​នា​

​កំពត​៖​ ​រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍​ ​លោក​ ​ថោង​ ​ខុន​ ​ប្រធាន​គណៈកម្មការ​ជាតិ​គ្រប់គ្រង​គម្រោង​ ​និង​ជា​ប្រធាន​គណៈ​កម្មការ​ជាតិ​អភិវឌ្ឍន៍​ទេសចរណ៍​ ​បាន​លើកឡើង​ថា​ ​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្តកំពត​ ​នឹង​ក្លាយជា​ច្រក​ទ្វារ​អន្តរជាតិ​ផ្លូវ​សមុទ្រ​ដ៏​សំខាន់​ក្នុង​ការធានា​រ៉ាប់រង​ ​និង​សម្រួល​ដល់​ប្រព័ន្ធ​គមនាគមន៍​ជាតិ​។​

​ក្នុង​ឱកាស​ដឹកនាំ​ក្រុមការងារ​ ​និង​មន្ត្រី​រាជការ​នៃ​ក្រសួងទេសចរណ៍​ ​ចុះ​ត្រួតពិនិត្យ​សកម្មភាព​សាងសង់​ ​«​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្តកំពត​»​ ​ដែល​មាន​ទីតាំង​ស្ថិតនៅ​ស្រុក​ទឹកឈូ​ ​ខេត្តកំពត​ ​នា​ថ្ងៃទី១២​ ​ខែមីនា​កន្លងមក​នេះ​ ​លោក​រដ្ឋមន្រ្តី​ទេសចរណ៍​បាន​មានប្រសាសន៍​ ​ណែនាំ​ដល់​ក្រុមហ៊ុន​ទទួល​ម៉ៅការ​សាងសង់​ ​និង​ក្រុមហ៊ុន​ ​Consultant​ ​ត្រូវ​ខិត​ខំ​​ពន្លឿន​ដំណើ​ការសាងសង់​ ​ដោយ​អនុវត្ត​ទៅតាម​ផែនការ​សកម្មភាព​ ​និង​ប្រកបដោយ​គុណភាព​ខ្ពស់​។​

​គម្រោង​សាងសង់​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​នេះ​ ​ជា​គម្រោង​គាំទ្រ​ដោយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ​ដែល​ជាផ្នែក​មួយ​នៃ​គម្រោង​អភិវឌ្ឍន៍​ ​ហេ​ដ្ឋា​រចនា​សម្ពន្ធ័​ទេសចរណ៍​ ​សម្រាប់​កំណើន​ប្រកប​ដោយ​បរិ​យា​ប័ន្​ន​ ​ក្នុង​មហា​អនុ​តំបន់​មេគង្គ​ ​(​GMS​ ​TIIG​ ​No​.​ ​3194​)​។​

​កំពង់ផែ​នេះ​ ​គឺជា​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​ ​ដែល​គ្រោង​នឹងអាច​ផ្ទុក​ទេសចរ​ ​និង​អ្នកដំណើរ​ប្រមាណ១លាន​នាក់​។​ ​កំពង់ផែ​នេះ​ ​មាន​រចនាសម្ព័ន្ធ​តាម​ស្តង់ដារ​អន្តរជាតិ​ ​និង​ជា​កំពង់ផែ​សម្រាប់​អ្នកដំណើរ​ ​(​មិនមែន​ជា​កំពង់ផែ​ទំនិញ​ឡើយ​)​។​

​លោក ​ថោង​ ​ខុន​ បាន​មានប្រសាសន៍​ថា​ ​កំពង់ផែ​នេះ​ ​នឹង​ក្លាយជា​ច្រក​ទ្វារ​អន្តរជាតិ​ផ្លូវ​សមុទ្រ​យ៉ាង​សំខាន់​ ​តភ្ជាប់​ការ​ដឹកជញ្ជូន​ភ្ញៀវ​ទេសចរ​ ​ទៅកាន់​បណ្តា​កោះ​នានា​នៅ​ភាគ​ខាងត្បូង​ ​និង​តភ្ជាប់​ខេត្តកំពត​ ​នៃ​ប្រទេស​កម្ពុជា​ ​ទៅកាន់​ពិភពលោក​។​ ​តាមរយៈ​កំពង់ផែ​នេះ​ ​នឹង​ជួយ​ជំរុញ​បន្ថែម​ការ​អភិវឌ្ឍ​ទេសចរណ៍​ ​និង​ផ្នែក​ពាក់ព័ន្ធ​នានា​នៅ​ខេត្តកំពត​ ​រមណីយដ្ឋាន​ភ្នំបូកគោ​ ​និង​គោលដៅ​ទេសចរណ៍​តំបន់ឆ្នេរ​សមុទ្រ​របស់​កម្ពុជា​។​

​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​នេះ​ ​បាន​ចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី៨​ ​ខែសីហា​ ​ឆ្នាំ២០១៨​ ​រហូត​មក​បច្ចុប្បន្ន​សម្រេច​បាន​ប្រមាណ​ជាង​ ​២៥​%​ ​ដោយ​គ្រោង​នឹង​បញ្ចប់​នៅ​ដំណាច់ឆ្នាំ២០១៩​ ​ខាងមុខ​ ​ស្រប​ពេល​នឹង​ខេត្តកំពត​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​បុណ្យ​សមុទ្រ​ជុំ​ទី២​។​

​លោក​ ​ហូ​ ​វណ្ឌី​ ​ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​មានប្រសាសន៍​ថា​ ​ការ​មាន​កំពង់ផែ​ទេសចរណ៍​លំដាប់​អន្តរជាតិ​នេះ​ ​នឹង​ធ្វើឲ្យ​កម្ពុជា​អាច​ពង្រីក​សក្តា​នុ​ពល​ទេសចរណ៍​តាមផ្លូវទឹក​ដ៏​សំខាន់​មួយទៀត​នា​ពេល​អ​នាគ​ត​ឆាប់​ៗ​នេះ​ ​ព្រោះ​មិន​ត្រឹមតែ​ជា​ការ​តភ្ជាប់​កម្រិត​តំបន់​នោះ​ទេ​ ​តែ​កំពង់ផែ​នេះ​អាច​ទទួល​នាវា​ទេសចរណ៍​លំដាប់​អន្តរជាតិ​ផង​ដែរ​។​

​លោក​បន្ត​ថា​ ​“​សេវាកម្ម​ទេសចរណ៍​តាមផ្លូវទឹក​តាមរយៈ​ការ​តភ្ជាប់​ ​ជាមួយ​កោះ​ភូ​កុក​ ​ឬ​កោះត្រល់​ ​នៃ​ប្រទេស​វៀតណាម​ ​និង​ប្រទេស​ថៃ​ ​ពិតជា​មាន​សារៈសំខាន់​ ​និង​ធ្វើឲ្យ​កម្ពុជា​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​បាន​កាន់តែ​ច្រើន​ថែមទៀត​”​៕

LEAVE A REPLY

Please enter your comment!
Please enter your name here