ដោយ នៅ វឌ្ឈនា
កំពត៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន ប្រធានគណៈកម្មការជាតិគ្រប់គ្រងគម្រោង និងជាប្រធានគណៈកម្មការជាតិអភិវឌ្ឍន៍ទេសចរណ៍ បានលើកឡើងថា កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត នឹងក្លាយជាច្រកទ្វារអន្តរជាតិផ្លូវសមុទ្រដ៏សំខាន់ក្នុងការធានារ៉ាប់រង និងសម្រួលដល់ប្រព័ន្ធគមនាគមន៍ជាតិ។

-->
ក្នុងឱកាសដឹកនាំក្រុមការងារ និងមន្ត្រីរាជការនៃក្រសួងទេសចរណ៍ ចុះត្រួតពិនិត្យសកម្មភាពសាងសង់ «កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត» ដែលមានទីតាំងស្ថិតនៅស្រុកទឹកឈូ ខេត្តកំពត នាថ្ងៃទី១២ ខែមីនាកន្លងមកនេះ លោករដ្ឋមន្រ្តីទេសចរណ៍បានមានប្រសាសន៍ ណែនាំដល់ក្រុមហ៊ុនទទួលម៉ៅការសាងសង់ និងក្រុមហ៊ុន Consultant ត្រូវខិតខំពន្លឿនដំណើការសាងសង់ ដោយអនុវត្តទៅតាមផែនការសកម្មភាព និងប្រកបដោយគុណភាពខ្ពស់។
គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិនេះ ជាគម្រោងគាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ី ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ពន្ធ័ទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាប័ន្ន ក្នុងមហាអនុតំបន់មេគង្គ (GMS TIIG No. 3194)។
កំពង់ផែនេះ គឺជាកំពង់ផែទេសចរណ៍អន្តរជាតិ ដែលគ្រោងនឹងអាចផ្ទុកទេសចរ និងអ្នកដំណើរប្រមាណ១លាននាក់។ កំពង់ផែនេះ មានរចនាសម្ព័ន្ធតាមស្តង់ដារអន្តរជាតិ និងជាកំពង់ផែសម្រាប់អ្នកដំណើរ (មិនមែនជាកំពង់ផែទំនិញឡើយ)។
លោក ថោង ខុន បានមានប្រសាសន៍ថា កំពង់ផែនេះ នឹងក្លាយជាច្រកទ្វារអន្តរជាតិផ្លូវសមុទ្រយ៉ាងសំខាន់ តភ្ជាប់ការដឹកជញ្ជូនភ្ញៀវទេសចរ ទៅកាន់បណ្តាកោះនានានៅភាគខាងត្បូង និងតភ្ជាប់ខេត្តកំពត នៃប្រទេសកម្ពុជា ទៅកាន់ពិភពលោក។ តាមរយៈកំពង់ផែនេះ នឹងជួយជំរុញបន្ថែមការអភិវឌ្ឍទេសចរណ៍ និងផ្នែកពាក់ព័ន្ធនានានៅខេត្តកំពត រមណីយដ្ឋានភ្នំបូកគោ និងគោលដៅទេសចរណ៍តំបន់ឆ្នេរសមុទ្ររបស់កម្ពុជា។
កំពង់ផែទេសចរណ៍អន្តរជាតិនេះ បានចាប់ផ្តើមបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ រហូតមកបច្ចុប្បន្នសម្រេចបានប្រមាណជាង ២៥% ដោយគ្រោងនឹងបញ្ចប់នៅដំណាច់ឆ្នាំ២០១៩ ខាងមុខ ស្របពេលនឹងខេត្តកំពតទទួលធ្វើជាម្ចាស់ផ្ទះរៀបចំបុណ្យសមុទ្រជុំទី២។
លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានមានប្រសាសន៍ថា ការមានកំពង់ផែទេសចរណ៍លំដាប់អន្តរជាតិនេះ នឹងធ្វើឲ្យកម្ពុជាអាចពង្រីកសក្តានុពលទេសចរណ៍តាមផ្លូវទឹកដ៏សំខាន់មួយទៀតនាពេលអនាគតឆាប់ៗនេះ ព្រោះមិនត្រឹមតែជាការតភ្ជាប់កម្រិតតំបន់នោះទេ តែកំពង់ផែនេះអាចទទួលនាវាទេសចរណ៍លំដាប់អន្តរជាតិផងដែរ។
លោកបន្តថា “សេវាកម្មទេសចរណ៍តាមផ្លូវទឹកតាមរយៈការតភ្ជាប់ ជាមួយកោះភូកុក ឬកោះត្រល់ នៃប្រទេសវៀតណាម និងប្រទេសថៃ ពិតជាមានសារៈសំខាន់ និងធ្វើឲ្យកម្ពុជាអាចទាក់ទាញភ្ញៀវទេសចរណ៍បានកាន់តែច្រើនថែមទៀត”៕