ដោយ គង់ សូរិយា
ភ្នំពេញ៖ មហាសេដ្ឋីដែលជាស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន Alibaba លោក Jack Ma បានប្រាប់សារព៌តមានមួយថា លោកចាប់អារម្មណ៍ជាពិសេសចំពោះការពង្រីកទីផ្សារទៅកាន់ប្រទេសចំនួន៥ ក្នុងនោះមានកម្ពុជាមួយផងដែរ។

-->
ថ្លែងប្រាប់សារព៌តមាន The Nation របស់ប្រទេសថៃកាលពីពេលថ្មីៗនេះ លោក Jack Ma បានសរសើរប្រទេសថៃ និងបានមានប្រសាសន៍ឲ្យដឹងថា មានប្រទេសចំនួន៥ដែលលោកយកចិត្តទុកដាក់ជាពិសេស គឺប្រទេសថៃ ម៉ាគីស្ថាន ហ្វីលីពីន វៀតណាម និងប្រទេសកម្ពុជា ដោយសារប្រទេសទាំងនេះមានអ្នកទេសចរណ៍ក្មេងៗច្រើន។
លោក Jack Ma បានមកដល់កម្ពុជាកាលពីរាត្រីថ្ងៃទី១១ មិនាកន្លងមកនេះ ដើម្បីទស្សនាប្រាសាទនានានៅរមណីយដ្ឋានអង្គរ។ លោកបានមកកាន់កម្ពុជាតាមរយៈក្រុមហ៊ុនអាកាសចរណ៍ Helicopter Cambodia និងបានស្នាក់នៅរយៈពេលពីរយប់នៅសណ្ឋាគារអាម៉ាន់សារ៉ា នាទីក្រុងសៀមរាប។ នេះបើតាមការឲ្យដឹងពីលោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា។

លោកស្រីបន្តថា “ប្រសិនបើលោក Jack Ma មកវិនិយោគនៅកម្ពុជា នឹងជួយឲ្យកម្ពុជាកាន់តែមានការរីកចម្រើន និងជំរុញទំនុកចិត្តដល់អ្នកវិនិយោគអន្តរជាតិថែមទៀតនៅកម្ពុជា”៕