តម្លៃជួលការិយាល័យកម្រិត A នៅទីក្រុងបាងកក រំពឹងស្ថិតនៅទ្រឹងពេញមួយឆ្នាំ២០២៤នេះ

0

ដោយ: គង់ លាងហួរ
បាងកក: យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE Thailand បានឱ្យដឹងថា ពេញមួយឆ្នាំ២០២៤នេះ ថ្លៃជួលជាមធ្យមសម្រាប់ការិយាល័យកម្រិត A នៅតំបន់ពាណិជ្ជកម្មកណ្តាល(CBD)ក្នុងទីក្រុងបាងកក នឹងស្ថិតនៅទ្រឹងត្រឹម១.១២៥បាត(ប្រមាណ៣០,៦ដុល្លារ)ក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ។

ជាមួយគ្នានេះ ក្រុមហ៊ុនអចលនទ្រព្យថៃ Central Pattana (CPN) បានដាក់ចេញគោលដៅកំណើនអាជីវកម្មជួលការិយាល័យប្រចាំឆ្នាំលើសពី១០% ក្នុងរយៈពេល៥ខាងមុខ បន្ទាប់ពីក្រុមហ៊ុនបញ្ចប់ការស្ថាបនាអគារការិយាល័យ Central Park ក្នុងគម្រោង Dusit Central Park នៅឆ្នាំក្រោយ។

លោកស្រី Naparat Sriwanvit ប្រធានផ្នែកហិរញ្ញវត្ថុ គណនេយ្យ និងគ្រប់គ្រងហានិភ័យនៅក្រុមហ៊ុន Central Pattana បានអះអាងថា គម្រោងអគារការិយាល័យថ្មី Central Park ដែលមានទីតាំងនៅកាច់ជ្រុងផ្លូវ Rama IV និងផ្លូវ Silom នឹងបន្តជំរុញចក្ខុវិស័យរបស់ក្រុមហ៊ុន ក្នុងការអភិវឌ្ឍន៍គម្រោងអចលនទ្រព្យប្រើប្រាស់ចម្រុះ។

-->

លោកស្រីបានបន្តថា “អគារការិយាល័យ ដែលផ្សារភ្ជាប់ទៅនឹងមជ្ឈមណ្ឌលផ្សារទំនើប អាចបង្កើតប្រព័ន្ធអេកូដ៏រឹងមាំមួយ ដែលបំពេញតម្រូវការរបៀបរស់នៅរបស់អ្នកប្រើប្រាស់”។

អគារការិយាល័យថ្មី Central Park គ្រោងនឹងបើកដាក់ឱ្យដំណើរការនៅត្រីមាសទី២ ឆ្នាំ២០២៥ខាងមុខ ដែលនឹងមានកម្ពស់ចំនួន៤៣ជាន់ ដោយក្នុងនោះ អគារនេះមានផ្ទៃក្រឡាការិយាល័យកម្រិត A សរុបចំនួន៦០.០០០ម៉ែត្រការ៉េ។

បច្ចុប្បន្ននេះ ក្រុមហ៊ុនCentral Pattana (CPN) គ្រប់គ្រងអគារការិយាល័យចំនួន១០ទីតាំងនៅទីក្រុងបាងកក ដែលមានផ្ទៃក្រឡាសរុបចំនួន៣៥០.០០០ម៉ែត្រការ៉េ។ គិតត្រឹមដំណាច់ត្រីមាសទី១ ឆ្នាំ២០២៤ អត្រាជួលការិយាល័យសរុបមានកម្រិតប្រហែល៨៦%៕ប្រភព: Bangkok Post ៕