ដោយ គង់ សូរិយា
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតកាហ្សាក់ស្ថានបានបង្ហាញពីបំណងលើកកំពស់កិច្ចសហប្រតិបត្តិការ និងជំរុញការវិនិយោគ និងផ្លាស់ប្តូរពាណិជ្ជកម្មជាមួយកម្ពុជាឲ្យកាន់តែមានភាពប្រសើរឡើង។
ក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅវិមានរដ្ឋសភា ព្រឹកថ្ងៃទី១៤ ខែមីនានេះ លោក BeKerzhan Zhumakhanov ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកាហ្សាក់ស្ថានប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា រដ្ឋាភិបាលកាហ្សាក់ស្ថាន ចង់ឃើញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិស័យទេសចរណ៍ រវាងប្រទេសកាហ្សាក់ស្ថាន និងកម្ពុជា មានភាពប្រសើរឡើង។ នេះបើតាមការឲ្យដឹងរបស់លោកកែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្តេចពញាចក្រី ហេង សំរិន នៅក្រោយជំនួបនេះ។
លោកបានបន្តថា នៅចំពោះមុខសម្តេចពញាចក្រីហេង សំរិន ឯកអគ្គរដ្ឋទូតរូបនេះ បានសម្តែងការគាំទ្រ ដល់ក្រុមមិត្តភាពនៃសភាប្រទេសកម្ពុជា-កាហ្សាក់ស្ថាន ដែលត្រូវបង្កើតឡើង ដើម្បីជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ។
ជាការឆ្លើយតប សម្តេចពញាចក្រី ហេង សំរិន មានប្រសាសន៍ថា រដ្ឋសភាកម្ពុជាមានការពេញចិត្ត និងគាំទ្ររាល់កិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសកម្ពុជានិងកាហ្សាក់ស្ថាន ដោយសម្តេចបានបញ្ជាក់ពីបំណងប្រាថ្នា ចង់ឃើញនូវការអភិវឌ្ឍថ្មីៗទៀត នៃកិច្ចសហប្រតិបត្តិការរវាប្រទេសទាំងពីរ។ ទន្ទឹមគ្នានេះ សម្តេចពញាចក្រី ក៏បានស្នើលោក ឯកអគ្គរដ្ឋទូតបន្តជំរុញ និងលើកទឹកចិត្តដល់អ្នកវិនិយោគ និងប្រជាជនកាហ្សាក់ស្ថានមកធ្វើពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍នៅកម្ពុជាឲ្យតែច្រើនឡើងថែមទៀត។
ជាមួយគ្នានេះសម្តេចពញាចក្រី ហេង សំរិន បានឯកភាពតាមការអញ្ជើញរបស់ប្រធានសភាកាហ្សាក់ស្ថាន ដែលមានការគាំទ្រពីប្រធានសភាឌូម៉ារុស្ស៊ី និងប្រធានសភាកូរ៉េ ក្នុងការចូលរួមកិច្ចប្រជុំកំពូលសភាអឺរ៉ុប-អាស៊ី (អឺរ៉ាស៊ី)លើកទី៤ ដែលនឹងប្រព្រឹត្តទៅនៅប្រទេសកាហ្សាក់ស្ថាន នាពេលខាងមុខនេះផងដែរ៕






