ដោយ វិសេស
កំពត៖ ឆ្នាំ២០១៩ អំបិលខេត្តកំពតអាចផលិតបានជាធម្មតាឡើងវិញ ដោយសារអាកាសធាតុអំណោយផង ប៉ុន្តែអ្នកផលិតអំបិលកំពុងតែព្រួយបារម្ភអំពីទីផ្សារ ព្រោះសហគមន៍អ្នកផលិតអំបិល កំពត កែប ត្រូវបានរំលាយ ហើយអំបិលដែលនាំចូលពីប្រទេសក្រៅមានតម្លៃថោកជាងអំបិលក្នុងស្រុក ។

-->
ម្ចាស់ការដ្ឋានផលិតអំបិល លោក ងួន ចាន់សុជាតា បានប្រាប់ឲ្យដឹងនាព្រឹកថ្ងៃទី១៤ មីនានេះថា ឆ្នាំនេះអាកាសធាតុអំណោយផល ហើយការផលិតអំបិល មានភាពល្អប្រសើរ។ បើតាមការរំពឹងទុក ការដ្ឋានរបស់លោក នឹងផលិតអំបិលបាន ៤០០តោន ។
លោកបានបញ្ជាក់ថា ការផលិតអំបិលធ្វើឡើងតាមធម្មជាតិ មានការលំបាកខ្លាំងណាស់ ម្យ៉ាងខ្វះកម្លាំងពលកម្មថែមទៀតផង បច្ចុប្បន្នលោកបានប្តូរពីការប្រើកម្លាំងកម្មករ មកប្រើគោយន្តវិញ ក្នុងការរៀបចំថ្នាល់បណ្តុះអំបិល។
លោកបានបន្តទៀតថា “ខ្ញុំនិងអ្នកផលិតអំបិលដទៃទៀត កំពុងតែព្រួយបារម្ភ អំពីតម្លៃទីផ្សារអំបិត ព្រោះបច្ចុប្បន្ន សហគមន៍អ្នកផលិតអំបិលកំពត កែប ត្រូវបានរំលាយ ហើយតម្លៃអំបិលដែលនាំចូលពីប្រទេសចិន មានតម្លៃប្រហាក់ប្រហែលអំបិលរបស់កម្ពុជា ធ្វើឲ្យការប្រកួតប្រហែងទីផ្សារមានការលំបាក ។ លោកស្នើឲ្យមន្ត្រីតាមច្រកព្រំដែន រិតបណ្តឹងលើការយន្តពន្ធនៃការនាំអំបិលចូល”។
ប្រធានសភាពាណិជ្ជកម្មមណ្ឌលកំពត តាកែវ និងកែបលោកឧកញ៉ាហាក់ វណ្ណាបានមានប្រសាសន៍ឲ្យដឹងថា ទីផ្សារអំបិលកម្ពុជា គឺជារឿងសំខាន់ណាស់ សម្រាប់សភាពាណិជ្ជកម្ម ក្នុងការជួយជ្រោមជ្រែក និងស្វែងដំណោះស្រាយទីផ្សារឲ្យបានកាន់តែល្អ ព្រោះអំបិលកម្ពុជាមានសារធាតុចិញ្ជឹម និងមានគុណភាពល្អ ជួលដល់សុខភាពអ្នកទទួលទាន ។
លោកបានបន្តថា សភាពាណិជ្ជកម្មកន្លងមក មិនហ៊ានលូកដៃចូលក្នុងកិច្ចការទីផ្សារអំបិលទេ ដោយសារមានសហគមន៍អ្នកផលិតអំបិល ទទួលខុសអំពីរឿងនេះ។ ប៉ុន្តែបច្ចុប្បន្នក្រោយពេល សហគមន៍ត្រូវបាបរំលាយ សភាពាណិជ្ជកម្ម និងខិតខំធ្វើយ៉ាងណាដើម្បីឲ្យតម្លៃអំបិលកម្ពុជា ភាពល្អប្រសើរជាងមុន។
លោកបន្តថា “សភាពាណិជ្ជកម្មនឹងបង្តើតវេទិការមួយ ដែលមានការចួលរួមពីមន្ត្រីមន្ទីរ និងក្រសួងជំនាញ និងពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយ តម្លៃទីផ្សារអំបិលកម្ពុជាឲ្យកាន់តែប្រសើរឡើង”។
លោកបានអំពាវនាវឲ្យអ្នកផលិតអំបិលទាំងអស់ ប្រឹងប្រែងផលិតអំបិល និងមានទំនុកចិត្តជឿជាក់ លើថ្នាក់ដឹងនាំខេត្តក្នុងការរកទីផ្សារ និងស្វែងរកដៃគូ អ្នកមានបច្ចេកទេសក្នុងការផលិតអំបិលឲ្យកាន់តែទទួលបានទិន្នផលច្រើន និងមានគុណភាព សម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់អំបិលទូទាំងប្រទេស។
ការប្រើអំបិលទូទាំងប្រទេសក្នុងមួយឆ្នាំ អស់ប្រមាណ ១០ម៉ឺនតោន ហើយការផលិតអំបិត របស់ខេត្តកំពតកែប អាចផលិតបានរង្វង់ពី១៥ ទៅ ១៦ម៉ឺនតោន បើអាកាសធាតុអំណោយផល៕