ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ ការវាយតម្លៃអចលនទ្រព្យ ជាផ្នែកសំខាន់មួយនៅក្នុងវិស័យនេះ ក៏ដូចជា ទិដ្ឋភាពដទៃទៀតទាក់ទងនឹងហិរញ្ញវត្ថុ។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ CAMTOP លោកខាត់ សុវណ្ណបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកាលពីចុងសប្តាហ៍មុនថា ការវាយតម្លៃអចលនទ្រព្យ មានសារៈសំខាន់គ្រប់គោលបំណង និងកាលវេលា ទោះជាសេដ្ឋកិច្ចកំពុងកើនឡើង សេដ្ឋកិច្ចស្ថិតក្នុងសភាពទ្រឹង ឬធ្លាក់ចុះ។
-->
លោកបញ្ជាក់ថា “វិជ្ជាជីវៈរបស់អ្នកវាយតម្លៃ វាដូចជាវិជ្ជាជីវៈគ្រូបង្រៀន គ្រូពេទ្យ ឬវិស្វករដែរ ព្រោះយើងត្រូវមានចំណេះ ជំនាញ និងក្រមសីលធ៌មខ្ពស់ក្នុងការបំពេញការងារ”។ លោកបន្ថែមថា “ការវាយតម្លៃចូលរួមសំខាន់ ក្នុងការការពារហានិភ័យក្នុងវិស័យហិរញ្ញវត្ថុព្រោះថាការវាយតម្លៃជូនអតិថិជន សម្រាប់ធ្វើជាមួលដ្ឋានសម្រេចចិត្ត”។
លោកខាត់ សុវណ្ណបានបន្តថា អ្វីៗនាពេលនេះ តើអ្នកលក់ អ្នកទិញ ឬម្ចាស់អចលនវត្ថុទទួលយកការពិតឬនៅ? ព្រោះពីមុននៅពេលសេដ្ឋកិច្ចមានកំណើនល្អ ម្ចាស់អចលនទ្រព្យគាត់មានតម្លៃរបស់គាត់ ដែលការពិតស្ថានភាពបានផ្លាស់ប្តូរនាពេលនេះ ហេតុនេះធនាគារក្តី អ្នកទិញ អ្នកលក់ក្តី គួរតែប្រើប្រាស់សេវាកម្មវាយតម្លៃពីក្រុមហ៊ុនជំនាញណាមួយ ប៉ុន្តែក៏ត្រូវប្រុងប្រយ័ត្នផងដែរ ព្រោះក្រុមហ៊ុនខ្លះ បានប្រកាន់យកក្រមសីលធ៌ម នៅមានកម្រិត និងចំណេះដឹងរបស់ខ្លួន មិនគ្រប់ជ្រុងជ្រោយផងដែរ។
លោកបន្តថា បច្ចុប្បន្នទីផ្សារវាយតម្លៃ ក៏បានរងផលប៉ះពាល់ផងដែរ ដោយសារធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួន បានកាត់បន្ថយការបញ្ចេញឥណទាន និងក្រុមហ៊ុនវាយតម្លៃមានចំនួនច្រើនជាងតម្រូវការទីផ្សារ៕