ដោយ វិសេស
ភ្នំពេញ៖ ឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់បានថ្លែងថា ក្រុមហ៊ុនសំណង់កូរ៉េកាន់តែច្រើនបាន និងកំពុងងាកមកកាន់ទីផ្សារកម្ពុជាជាថ្មី ដោយសារការរីកចម្រើននៃវិស័យអចលនទ្រព្យ និងទំនាក់ទំនងកាន់តែប្រសើររវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ។
លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹង នៅក្រោយពីចុះហត្ថលេខាលើអនុសារណៈកិច្ចព្រមព្រៀងរវាងសមាគមអ្នកសាងសង់កម្ពុជា (CCA) និងទីភ្នាក់ងារលើកកំពស់ពាណិជ្ជកម្មនិងវិនិយោគកូរ៉េ (KOTRA) ថ្ងៃទី១៤ ខែមីនានេះថា នៅពេលឆាប់ៗនេះ កម្ពុជានឹងទទួលក្រុមហ៊ុនវិនិយោគសាធារណរដ្ឋកូរ៉េ នឹងមកបណ្តាក់ទុនវិនិយោគច្រើនឡើងវិញ។
លោកបន្តថា កាលពីអំឡុងបណ្តាប្រទេសលើពិភពលោក បានជួបវិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ២០០៨ មានក្រុមហ៊ុន និងអ្នកវិនិយោគទុនកូរ៉េមួយចំនួនធំ បានផ្អាកការវិនិយោគនៅកម្ពុជា ហើយត្រឡប់ទៅប្រទេសគេវិញ ហើយពេលនេះបណ្តាអ្នកវិនិយោគទាំងនោះ បានកំពុងត្រឡប់មកស្វែងរកការវិនិយោគទុនឡើងវិញ ខណៈស្ថានភាពសេដ្ឋកិច្ចកម្ពុជា កំពុងរក្សាកំណើន៧ភាគរយ។
-->
លោកបន្តថា នៅពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង រវាងវិស័យឯកជនកម្ពុជា កូរ៉េនេះ យើងមានគោលសំខាន់ផ្តល់ព៌ត៌មានអោយគ្នា ទៅវិញទៅមកអំពីព័ត៌មានឱកាសវិនិយោគទុននៅកម្ពុជា និងនៅកូរ៉េ”។
ទីភ្នាក់ងារ KOTRA របស់កូរ៉ខាងត្បូង បច្ចុប្បន្នមានស្នាក់ការតំបន់ចំនួន១០ និងមានមជ្ឈមណ្ឌលពាណិជ្ជកម្ម នៅតាមបណ្តាប្រទេសចំនួន១២៧ប្រទេស និងនៅក្នុងប្រទេសចំនួន៨៦។ ដោយសារតែបញ្ហានេះ ទើបជម្រុញអោយទីភ្នាក់ងារមួយនេះក្លាយជាទីភ្នាក់របស់រដ្ឋាភិបាលកូរ៉េខាងត្បូងមួយ ដែលជម្រុញការនាំចេញដ៏ធំមួយរបស់ប្រទេសកូរ៉េ។
ជាមួយគ្នានេះប្រធានាធិបតីកូរ៉េ លោកម៉ូន ជេអ៊ីនបាននិងកំពុងបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេលបីថ្ងៃចាប់ផ្តើមពីថ្ងៃទី១៤ ដល់១៦មិនាខាងមុខនេះ ដែលវាជាសញ្ញាវិជ្ជមានមួយសំរាប់ប្រទេសទាំងពីរ។
អ្នកនាង អាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍ថា ក្រុមហ៊ុនកូរ៉េធំៗដែលមកវិនិយោគនៅកម្ពុជា មានដូចជាក្រុមហ៊ុន YUNWOO, BOOYOUNG ជាដើម ដែលពួកគេកំពុងវិនិយោគគំរោងធំៗនៅកម្ពុជា ប៉ុន្តែមួយរយៈចុងក្រោយដើមឆ្នាំនេះ យើងមិនទាន់ឃើញក្រុមហ៊ុនកូរ៉េច្រើនចូលមកវិនិយោគនៅឡើយទេ។
អ្នកនាងបន្តថា “ប៉ុន្តែតាមរយៈដំណើរទស្សនកិច្ចរបស់ ប្រធានាធិបតីកូរ៉េមកកម្ពុជា នាពេលនេះ ខ្ញុំគិតថាវាជាសញ្ញាវិជ្ជមានមួយ និងរំពឹងថាក្រុមហ៊ុនកូរ៉េកាន់តែច្រើននឹងចូលមកវិនិយោគនៅកម្ពុជា”៕