ដោយ: គង់ លាងហួរ
អន្តរជាតិ: ថ្លៃជួលការិយាល័យ នៅតំបន់បណ្តុំអគារខ្ពស់កប់ពពកចំនួន២ គឺតំបន់ Raffles Place និងតំបន់ Marina Bay ក្នុងទីក្រុងសិង្ហបុរី បានកើនឡើង១,៣ភាគរយ នៅក្នុងឆមាសទី១ ឆ្នាំ២០២៤ បើធៀបនឹងឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន Knight Frank។
ផ្អែកលើមូលដ្ឋានប្រចាំត្រីមាស ថ្លៃជួលការិយាល័យជាមធ្យមនៅតំបន់ទាំង២ បានកើនឡើង០,៧ភាគរយ នៅក្នុងត្រីមាសទី២ ដល់៨,៣៤ដុល្លារអាមេរិក ក្នុងមួយហ្វីតការ៉េក្នុងមួយខែ បើធៀបនឹងកំណើន០,៦ភាគរយ នៅក្នុងត្រីមាសទី១។
-->
ក្រុមហ៊ុន Knight Frank បានលើកឡើងថា “ទោះបីជានិន្នាការថ្លៃជួលការិយាល័យ នៅទូទាំងតំបន់ទាំង២ កើនឡើងតិចតួចយ៉ាងណាក្តី ក៏ប៉ុន្តែម្ចាស់អគារមួយចំនួន បានចាប់ផ្តើមកែតម្រូវយុទ្ធសាស្ដ្រទាក់ទាញអតិថិជន ជាពិសេសអគារដែលមានអត្រាទុកទំនេរចោលខ្ពស់”។
យោងតាមទិន្នន័យពីក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Cushman & Wakefield (C&W) បានបង្ហាញថា អត្រាការិយាល័យកម្រិតA ដែលគេទុកទំនេរចោលនៅតំបន់ពាណិជ្ជកម្មកណ្តាល (CBD) បានកើនឡើងដល់៥,៤ភាគរយ ក្នុងអំឡុ ងត្រីមាសទី២ បើធៀបនឹងអត្រា៣,៦ភាគរយ នៅក្នុងត្រីមាសទី១។
ការកើនឡើងនេះ បណ្តាលមកពីការផ្គត់ផ្គង់បន្ថែមថ្មីដាក់ចូលទៅក្នុងទីផ្សារ ដូចជា អគារការិយាល័យ IOI Central Boulevard Towers និងអគារOdeon 333 ដែលមានផ្ទៃក្រឡាសរុបចំនួន១,៣លានហ្វីតការ៉េ បើធៀបនឹងតម្រូវការត្រឹមតែ០,៦លានហ្វីតការ៉េ នៅក្នុងត្រីមាសទី២។
លោក Jeryl Teoh នាយកជាន់ខ្ពស់ និងជាសហប្រធានផ្នែកភតិសន្យាពាណិជ្ជកម្មនៅក្រុមហ៊ុន C&W បានលើកឡើងថា “ម្ចាស់អគារការិយាល័យកម្រិតA ភាគច្រើន ដែលស្រូបទា ញបានតម្រូវការអតិថិជនខ្ពស់ នៅតែរក្សាថ្លៃជួលរបស់ពួកគេឱ្យនៅថេរដដែល”។
ក្រុមហ៊ុន C&W ព្យាករណ៍ថា ថ្លៃជួលការិយាល័យកម្រិត A នៅតំបន់CBD ក្នុងទីក្រុងសិង្ហបុរី នៅឆ្នាំនេះនឹងកើនឡើងចន្លោះពី០% ទៅ២% ខណៈក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE រំពឹងថាថ្លៃជួលនឹងកើនឡើងចន្លោះពី២% ទៅ៣%៕ប្រភព: Business Times៕