ដោយៈ គង់ សូរិយា
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាដាក់ចេញ គោលនយោបាយជាតិស្ដីពី ការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីឆ្នាំ ២០២៤–២០៣០ ដោយកំណត់គោលដៅប្រើប្រាស់ យានយន្តអគ្គិសនីឲ្យបាន៧៧ម៉ឺនគ្រឿងនៅឆ្នាំ២០៣០។
គោលនយោបាយនេះ ធ្វើឡើងដើម្បីរួមចំណែកដល់ការកាត់បន្ថយផលប៉ះពាល់ទៅលើបរិស្ថាន និងចាប់យកឱកាសថ្មីក្នុងការជំរុញសន្ទុះ នៃការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច។
-->
គោលនយោបាយជាតិ ដែលផ្សព្វផ្សាយនៅថ្ងៃនេះ នៅឆ្នាំ២០៣០ កម្ពុជាមានគោលដៅជំរុញ ការចុះបញ្ជីប្រើប្រាស់រថយន្តអគ្គិសនីឱ្យបាន៣ម៉ឺនគ្រឿង ដែលក្នុងនោះ ២៥,០០០ គ្រឿង ជារថយន្តប្រភេទគ្រួសារឬទេសចរណ៍ និង៥ពាន់គ្រឿងសម្រាប់សកម្មភាពអាជីវកម្ម។

ក្រៅពីនេះ ក៏មានការកំណត់ការប្រើប្រាស់ ទោចក្រយានយន្ត (ម៉ូតូនិងកង់) ឲ្យបាន៧២ម៉ឺនគ្រឿង និងត្រីចក្រយានយន្តអគ្គិសនីសុទ្ធចំនួន២ម៉ឺនគ្រឿង។ សរុបយានយន្តទាំង៣ប្រភេទ គឺ៧៧ម៉ឺនគ្រឿង។
ឯកសារគោលនយោបាយបញ្ជាក់ថា ដោយសារការអភិវ ឌ្ឍ វិស័យយានយន្តអគ្គិសនីនៅកម្ពុជា ស្ថិតនៅក្នុងដំណាក់កាលដំបូង ការកសាងប្រព័ន្ធអេកូឡូស៊ី នៃយានយន្តអគ្គិសនីប្រកបដោយប្រសិទ្ធភាព ការឆ្លើយតបនិងស័ក្តិសិទ្ធិភាព ទាម ទារ ឱ្យមានការយកចិត្តទុកដាក់ខ្ពស់ និងការចូលរួមយ៉ាងសកម្មពីក្រសួង ស្ថាប័នពាក់ព័ន្ធ រួមទាំងវិស័យឯកជន និងផ្តោតលើទិដ្ឋភាពទាំងការផ្គត់ផ្គង់ ការដំឡើង ការចែកចាយ ការប្រើប្រាស់យានយន្តអគ្គិសនី បច្ចេកវិទ្យា និងការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រពាក់ព័ន្ធ ជាពិសេសការសាងសង់ស្ថានីយបញ្ចូលថាមពល និងការគ្រប់គ្រងសំណល់ និងផលប៉ះពាល់ដល់បរិស្ថាន។

ឯកសារដដែលបញ្ជាក់ថា តាមរយៈការដាក់ចេញគោលនយោបាយជាតិនេះ រាជរដ្ឋាភិបាលបានបង្ហាញ ពីការប្តេជ្ញាចិត្តនិងជំនឿយ៉ាងមុតមាំ ក្នុងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីវិស័យយានយន្តអគ្គិសនីនៅកម្ពុជា សំដៅប្រែក្លាយជាប្រទេសដែលលើកកម្ពស់ការប្រើប្រាស់យានយន្ត អគ្គិសនីនារយៈពេលមធ្យ មនិងវែងខាងមុខ ដើម្បីជំរុញការអភិវឌ្ឍកម្ពុជា ប្រកបដោយចីរភាព ដោយថ្លឹងថ្លែង ទាំងទិដ្ឋភាពសេដ្ឋកិច្ច សង្គម និងបរិស្ថាន។
សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងនៅក្នុងបុព្វកថា នៃគោលនយោបាយជាតិនេះថា វិស័យយានយន្តអគ្គិសនីនៅកម្ពុជា ជាកិច្ចការបន្ទាន់និងចាំបាច់ ដើម្បីត្រៀមខ្លួន ឈោងចាប់យកកាលានុវត្តភាពថ្មីៗ ក្នុងការចូលរួមជំរុញសន្ទុះ នៃការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច ដើម្បីបង្កើតចន្ទល់ថ្មីៗនៃកំណើន និងការធ្វើបរិវត្តកម្មឆ្ពោះទៅរកឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ជាងមុន ដូចជា ការកែច្នៃ ការផលិតគ្រឿងអេឡិចត្រូនិក ការផ្តុំនិងការដំឡើងយានយន្ត និងឧស្សាហកម្ម ដែលប្រើប្រាស់បច្ចេកវិទ្យា កាន់អឡិចត្រូនិកកាន់តែទំនើប។

សម្តេចបញ្ជាក់ថា “នេះបង្ហាញពីការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាល ក្នុងការចូលរួមដោះស្រាយ បញ្ហាការប្រែប្រួលអាកាសធាតុ ជាពិសេសការសម្រេចបាន នូវអព្យាក្រឹតកាបូននៅឆ្នាំ២០៥០”។
យោងតាមលោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន គិតត្រឹមដំណាច់ខែមិថុនា កម្ពុជាមានយានយន្តអគ្គិសនី ដែលបានចុះបញ្ជីចំនួន២.៩៦៨គ្រឿង ក្នុងនោះរថយន្តមានចំនួន១.៦១៤គ្រឿង ត្រីចក្រយានយន្តចំនួន ៤៤០គ្រឿង និងទោចក្រយានយន្តចំនួន ៩១៤គ្រឿង។
សម្រាប់ការចុះបញ្ជីយានយន្តអគ្គិសនី នៅក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំ២០២៤នេះ រថយន្តអគ្គិសនីបានកើនឡើងរហូតដល់ទៅ៥០៨ភាគរយ ទោចក្រយានយន្តអគ្គិសនី កើនឡើង ៣៨០ភាគរយ ប៉ុន្តែចំនួនត្រីចក្រយានយន្តអគ្គិសនីថយចុះ ២៩ភាគរយ ធៀបទៅនឹង ៦ខែឆ្នាំមុន៕