រដ្ឋាភិបាលដាក់ចេញគោលនយោបាយជម្រុញការប្រើប្រាស់រថយន្តអគ្គិសនីឲ្យបាន៧៧ម៉ឺនគ្រឿងនៅឆ្នាំ២០៣០

ចែករំលែក

ដោយៈ គង់ សូរិយា

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា​ដាក់​ចេញ ​គោលនយោបាយ​ជាតិ​ស្ដីពី ​ការ​អភិវឌ្ឍ​វិស័យ​យានយន្ត​អគ្គិសនី​ឆ្នាំ ២០២៤–២០៣០ ដោយ​កំណត់​គោលដៅ​ប្រើ​ប្រាស់​ យានយន្ត​អគ្គិសនី​ឲ្យ​បាន៧៧ម៉ឺន​គ្រឿង​នៅ​ឆ្នាំ​២០៣០។

គោលនយោបាយនេះ ធ្វើឡើងដើម្បី​រួម​ចំណែក​ដល់​ការ​កាត់​បន្ថយ​ផលប៉ះ​ពាល់​ទៅ​លើ​បរិស្ថាន និង​ចាប់​យក​ឱកាសថ្មី​ក្នុង​ការជំរុញ​សន្ទុះ​ នៃ​ការ​ធ្វើ​ពិពិធកម្ម​មូលដ្ឋាន​សេដ្ឋកិច្ច។

​គោលនយោបាយ​ជាតិ​ ដែល​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​នេះ នៅ​ឆ្នាំ​២០៣០ កម្ពុជា​មាន​គោលដៅ​ជំរុញ​ ការ​ចុះ​បញ្ជី​ប្រើប្រាស់​រថយន្ត​អគ្គិសនី​ឱ្យ​បាន​៣ម៉ឺន​គ្រឿង ដែល​ក្នុង​នោះ​​ ២​៥,០០០ ​គ្រឿង ​ជា​រថយន្ត​ប្រភេទ​គ្រួសារ​ឬទេសចរណ៍​ និង៥ពាន់​គ្រឿង​សម្រាប់​សកម្មភាព​អាជីវកម្ម។

ក្រៅ​ពី​នេះ​ ក៏មាន​ការ​កំណត់​ការ​ប្រើប្រាស់​ ទោចក្រយានយន្ត (ម៉ូតូ​និង​កង់) ឲ្យ​បាន៧២ម៉ឺន​គ្រឿង និង​ត្រីចក្រយានយន្ត​អគ្គិសនី​សុទ្ធ​ចំនួន២ម៉ឺន​គ្រឿង។ សរុប​យានយន្ត​ទាំង៣​ប្រភេទ គឺ​៧៧ម៉ឺន​គ្រឿង។​

ឯកសារ​គោលនយោបាយ​បញ្ជាក់​ថា ដោយសារ​ការ​អភិវ ឌ្ឍ ​វិស័យ​យាន​យន្តអគ្គិសនី​នៅ​កម្ពុជា ​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ដំបូង​ ការ​កសាង​ប្រព័ន្ធ​អេកូឡូស៊ី ​នៃ​យាន​យន្ត​អគ្គិសនី​ប្រកប​ដោយ​ប្រសិទ្ធភាព ​ការឆ្លើយតប​និង​ស័ក្តិសិទ្ធិភាព ​ទាម ទារ​ ឱ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ ​និង​ការ​ចូល​រួម​យ៉ាង​សកម្ម​ពី​ក្រសួង ​ស្ថាប័ន​ពាក់​ព័ន្ធ រួម​ទាំង​វិស័យ​ឯកជន និង​ផ្តោត​លើ​ទិដ្ឋភាព​ទាំង​ការ​ផ្គត់​ផ្គង់​ ការ​ដំឡើង ​ការ​ចែក​ចាយ ​ការ​ប្រើ​ប្រាស់​យាន​យន្តអគ្គិសនី ​បច្ចេកវិទ្យា និង​ការ​កសាង​ហេដ្ឋា​រចនាសម្ព័ន្ធ​គាំទ្រ​ពាក់​ព័ន្ធ ​ជាពិសេស​ការសាង​សង់​ស្ថានីយ​បញ្ចូល​ថាមពល ​និង​ការ​គ្រប់​គ្រង​សំណល់ ​និង​ផល​ប៉ះ​ពាល់​ដល់​បរិស្ថាន។

ឯកសារ​ដដែល​បញ្ជាក់ថា តាមរយៈ​ការ​ដាក់​ចេញ​គោល​នយោបាយជាតិ​នេះ  រាជ​រដ្ឋាភិបាល​បាន​បង្ហាញ ​ពី​ការ​ប្តេជ្ញា​ចិត្ត​និង​ជំនឿ​យ៉ាង​មុត​មាំ ក្នុង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​អេកូឡូស៊ីវិស័យ​យាន​យន្ត​អគ្គិសនី​នៅ​កម្ពុជា ​សំដៅ​ប្រែ​ក្លាយ​ជាប្រទេស​ដែល​លើក​កម្ពស់​ការ​ប្រើ​ប្រាស់​យាន​យន្ត​ អគ្គិសនី​នា​រយៈ​ពេល​មធ្យ ម​និង​វែង​ខាង​មុខ ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​កម្ពុជា​ ប្រកប​ដោយ​ចីរភាព ដោយ​ថ្លឹង​ថ្លែង​ ទាំង​ទិដ្ឋភាព​សេដ្ឋកិច្ច​ សង្គម​ និង​បរិស្ថាន។

សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបាន​ថ្លែង​នៅ​ក្នុង​បុព្វកថា ​នៃ​គោលនយោបាយ​ជាតិ​នេះ​ថា វិស័យ​យាន​យន្ត​អគ្គិសនី​នៅ​កម្ពុជា ​​ជា​កិច្ច​ការ​បន្ទាន់​និង​ចាំ​បាច់​ ដើម្បី​ត្រៀម​ខ្លួន ​ឈោង​ចាប់​យក​កាលានុវត្ត​ភាព​ថ្មីៗ ​ក្នុង​ការ​ចូល​រួម​ជំរុញ​សន្ទុះ ​នៃ​ការ​ធ្វើ​ពិពិធកម្ម​មូលដ្ឋាន​សេដ្ឋកិច្ច​ ដើម្បី​បង្កើត​ចន្ទល់​ថ្មីៗ​នៃ​កំណើន​ និង​ការ​ធ្វើ​បរិវត្តកម្ម​ឆ្ពោះ​ទៅ​រក​ឧស្សាហកម្ម​ដែល​មាន​តម្លៃ​បន្ថែម​ខ្ពស់​ជាង​មុន ​ដូច​ជា ការ​កែច្នៃ ​ការផលិត​គ្រឿង​អេឡិច​ត្រូនិក​ ការ​ផ្តុំ​និង​ការ​ដំឡើង​យាន​យន្ត​ និង​ឧស្សាហកម្ម​ ដែល​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ កាន់​អឡិច​ត្រូនិក​កាន់​តែ​ទំនើប។

សម្តេចបញ្ជាក់ថា “នេះបង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត ​របស់​រាជរដ្ឋាភិបាល​ ក្នុង​ការ​ចូល​រួម​ដោះស្រាយ ​បញ្ហា​ការ​ប្រែប្រួល​អាកាសធាតុ ជាពិសេស​ការ​សម្រេច​បាន ​នូវ​អព្យាក្រឹត​កាបូន​នៅ​ឆ្នាំ​២០៥០”។

យោងតាម​លោក ផន រឹម អ្នក​នាំពាក្យ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន គិតត្រឹម​ដំណាច់​ខែ​មិថុនា កម្ពុជា​មាន​យានយន្ត​អគ្គិសនី​ ដែល​បាន​ចុះ​បញ្ជី​ចំនួន២.៩៦៨គ្រឿង ក្នុង​នោះ​រថយន្តមាន​ចំនួន១.៦១៤​គ្រឿង​ ត្រីចក្រយានយន្ត​ចំនួន ៤៤០គ្រឿង និងទោចក្រយាន​យន្ត​ចំនួន ៩១៤គ្រឿង។

សម្រាប់​ការ​ចុះ​បញ្ជី​យានយន្ត​អគ្គិសនី​ នៅ​ក្នុង​រយៈពេល ៦ខែ​ដំបូង​នៃ​ឆ្នាំ​២០២៤​នេះ រថយន្ត​អគ្គិសនី​បាន​កើន​ឡើង​រហូ​ត​ដល់ទៅ៥០៨ភាគរយ ​ទោចក្រ​យានយន្ត​អគ្គិសនី​ កើន​ឡើង ៣៨០ភាគរយ ប៉ុន្តែ​ចំនួន​ត្រីចក្រយានយន្ត​អគ្គិសនី​ថយចុះ ២៩​ភាគរយ ធៀប​ទៅ​នឹង​ ៦​ខែ​ឆ្នាំ​មុន៕


ចែករំលែក