ក្រសួងពាណិជ្ជកម្មកំពុងពិនិត្យលទ្ឋភាពដាក់លក់ទំនិញកម្ពុជានៅក្នុងក្រុមហ៊ុនAmazon

ចែករំលែក

ដោយៈ គង់ សូរិយា

ភ្នំពេញៈ មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម កាលពីពេលថ្មីៗនេះ បាន​ជួប​ជាមួយ​តំណាង​ក្រុមហ៊ុន Amazon ​ដើម្បី​ពិភាក្សា​លទ្ធភាព​ដាក់លក់ទំនិញកម្ពុជា នៅក្រុមហ៊ុនលំដាប់ពិភពលោកមួយនេះ។

ក្រសួង​ពាណិជ្ជកម្មបាន​ឲ្យ​ដឹង​ថា ជំនួប​នេះ​ធ្វើ​ឡើង​រវាង​លោកស្រី ជា រដ្ឋា រដ្ឋលេខា​ធិការ​ក្រសួង​ពាណិជ្ជកម្ម ​ជាមួយ​លោក Darren Ong ដែល​ជា​អ្នកចាត់ការ​ជាន់​ខ្ពស់​ផ្នែក​គោលនយោបាយ​សាធារណៈ ដែល​តំណាង​ឲ្យ​ក្រុមហ៊ុន Amazon ដោយ​មាន​ការ​ចូលរួម​ពី លោក​ស្រី​ ចាន់ សុខរស់ (Chann Sokros) តំណាង​ស្ថានទូត​អាមេរិក។

កិច្ច​ប្រជុំ​នេះ ​រៀប​ចំ​ឡើង​ក្នុង​គោល​បំណង ​ដើម្បី​ពិភាក្សា​អំពី​លទ្ធភាព ​ក្នុង​ការ​ចូល​រួម​សហការ​រវាង​កម្ពុជា ​និង​ក្រុមហ៊ុន ​Amazon​ ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​ចូលរួម​ផុស​ផុល ​ពី​អ្នក​លក់​កម្ពុជា​លើ​ថ្នាល​ពាណិជ្ជកម្ម ​តាម​អនឡាញ​ Amazon​ និង ជំរុញ​ការអភិវឌ្ឍ​ពាណិជ្ជកម្ម​ឌីជីថល និង​លើក​កម្ពស់​សេដ្ឋកិច្ច​ឌីជីថល​រវាង​ប្រទេស​កម្ពុជា ​និងAmazon.com”។

Amazon គឺជាទីផ្សារ​លក់​ផលិតផល​​លំដាប់​ទី១ ​នៅ​លើ​ពិភពលោក​ ដែល​មាន​អ្នក​ចូល​ទស្សនា ​ស្វែង​រក​ទិញ​ផលិត​ផល​ជិត៤.៨ ពាន់​លាន​ដង​ក្នុង​មួយ​ឆ្នាំ។

យ៉ាងណា​ក៏ដោយ មិន​មាន​ព័ត៌មាន​លម្អិត​ថាតើ​ការ​ចរច​ពិភាក្សា​នេះ ទទួល​បាន​លទ្ធផល​យ៉ាង​ណា​នោះ​ទេ ដោយ​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម មិន​ទាន់​បាន​ឆ្លើយ​តប​សំណួរ​របស់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​នេះ។​

លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវ​ផ្នែក​សេដ្ឋកិច្ច​នៅ​រាជ្យ​បណ្ឌិត្យ​សភា​កម្ពុជាបាន​យល់​ថា ការផ្សព្វ​ផ្សាយ​លក់​ផលិត​ផ​ល​ជា​រឿង​សំខាន់​ណាស់ ​បន្ទាប់​ពី​ក្រុមហ៊ុន​មួយ​មាន​ផលិតផល​ល្អ​ហើយ។ ដូច្នេះដំណាក់​ដំបូង គួរ​មាន​ការ​ពិនិត្យ​ផលិតផល​ណា​មួយ​ដែល​មាន​គុណភាព ​នៅ​លើ​ទីផ្សារ​ក្នុង​ស្រុក និង​អ្នក​ភ្ញៀវទេសចរ​បរទេស​ ដែល​មក​ទស្សនា​ស្រុក​ខ្មែរ។ ​

បន្ទាប់​មក ទើប​យក​ផលិតផល​នោះ ​ដាក់​លក់​នៅ​លើ​ទីផ្សារ​អនឡាញ​ល្បីៗ។

លោក​បន្ត​ថា បន្ទាប់​ពី​បានទៅ​ដល់​ទីផ្សារ​អនឡាញ​អន្តរជាតិ​ហើយ ត្រូវ​អង្កេត​មើល​បន្ត​ទៀត​ថា​ តើ​ផលិតផល​នោះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ដូចម្ដេច​ខ្លះ ​ពី​អ្នក​ប្រើប្រាស់​អន្តរជាតិ។

លោកបញ្ជាក់​ថា “ជា​ទស្សនៈ​របស់​ខ្ញុំ បើ​យើង​មិន​បាន​ផ្សពផ្សាយ​លក់​ ក្នុង​ស្រុក​ឲ្យ​បាន​ទូលំទូលាយ ហើយ​ទៅផ្សព្វផ្សា​យ​​នៅ​លើ​ទីផ្សារ​អនឡាញ​អន្តរជាតិ វា​ក៏ជា​ការ​ខាត​ដែរ ព្រោះ​វា​អាច​មាន​ការ​ចំណាយ​ខ្ពស់”។ លោកបន្តថា “បើ​យើង​យក​ផលិតផល​របស់​យើង​ ដែល​គេ​មិន​ស្គាល់​សោះ ​ទៅផ្សព្វផ្សាយ​នៅ​លើ​គេហទំព័រ​ល្បីៗ គឺយើង​ចំណាយ​សម្រាប់​ពាណិជ្ជកម្ម​ខ្ពស់ យើង​អត់​អាច​ទទួល​បាន​ផល​ត្រូឡប់​មក​វិញ​ច្រើន​ទេ”៕

បច្ចុប្បន្ន​នេះ ផលិតផល​របស់​កម្ពុជា​មួយ​ចំនួន​ត្រូវ​បាន​ដាក់​លក់​នៅ​លើ​ទីផ្សារ​ពាណិជ្ជកម្ម​ អនឡាញAlibaba ដូចជា ម្រេច អាហារ​សម្រន់ គ្រាប់​ស្វាយ​ចន្ទី ដំណាប់​ស្វាយ ដំណាប់ជាដើម៕


ចែករំលែក