ដោយៈ គង់ សូរិយា
ភ្នំពេញៈ មន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីពេលថ្មីៗនេះ បានជួបជាមួយតំណាងក្រុមហ៊ុន Amazon ដើម្បីពិភាក្សាលទ្ធភាពដាក់លក់ទំនិញកម្ពុជា នៅក្រុមហ៊ុនលំដាប់ពិភពលោកមួយនេះ។
ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ជំនួបនេះធ្វើឡើងរវាងលោកស្រី ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាមួយលោក Darren Ong ដែលជាអ្នកចាត់ការជាន់ខ្ពស់ផ្នែកគោលនយោបាយសាធារណៈ ដែលតំណាងឲ្យក្រុមហ៊ុន Amazon ដោយមានការចូលរួមពី លោកស្រី ចាន់ សុខរស់ (Chann Sokros) តំណាងស្ថានទូតអាមេរិក។
-->
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សាអំពីលទ្ធភាព ក្នុងការចូលរួមសហការរវាងកម្ពុជា និងក្រុមហ៊ុន Amazon ដើម្បីជំរុញឱ្យមានការចូលរួមផុសផុល ពីអ្នកលក់កម្ពុជាលើថ្នាលពាណិជ្ជកម្ម តាមអនឡាញ Amazon និង ជំរុញការអភិវឌ្ឍពាណិជ្ជកម្មឌីជីថល និងលើកកម្ពស់សេដ្ឋកិច្ចឌីជីថលរវាងប្រទេសកម្ពុជា និងAmazon.com”។
Amazon គឺជាទីផ្សារលក់ផលិតផលលំដាប់ទី១ នៅលើពិភពលោក ដែលមានអ្នកចូលទស្សនា ស្វែងរកទិញផលិតផលជិត៤.៨ ពាន់លានដងក្នុងមួយឆ្នាំ។

យ៉ាងណាក៏ដោយ មិនមានព័ត៌មានលម្អិតថាតើការចរចពិភាក្សានេះ ទទួលបានលទ្ធផលយ៉ាងណានោះទេ ដោយអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម មិនទាន់បានឆ្លើយតបសំណួររបស់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃនេះ។
លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវផ្នែកសេដ្ឋកិច្ចនៅរាជ្យបណ្ឌិត្យសភាកម្ពុជាបានយល់ថា ការផ្សព្វផ្សាយលក់ផលិតផលជារឿងសំខាន់ណាស់ បន្ទាប់ពីក្រុមហ៊ុនមួយមានផលិតផលល្អហើយ។ ដូច្នេះដំណាក់ដំបូង គួរមានការពិនិត្យផលិតផលណាមួយដែលមានគុណភាព នៅលើទីផ្សារក្នុងស្រុក និងអ្នកភ្ញៀវទេសចរបរទេស ដែលមកទស្សនាស្រុកខ្មែរ។
បន្ទាប់មក ទើបយកផលិតផលនោះ ដាក់លក់នៅលើទីផ្សារអនឡាញល្បីៗ។
លោកបន្តថា បន្ទាប់ពីបានទៅដល់ទីផ្សារអនឡាញអន្តរជាតិហើយ ត្រូវអង្កេតមើលបន្តទៀតថា តើផលិតផលនោះទទួលបានការចាប់អារម្មណ៍ដូចម្ដេចខ្លះ ពីអ្នកប្រើប្រាស់អន្តរជាតិ។
លោកបញ្ជាក់ថា “ជាទស្សនៈរបស់ខ្ញុំ បើយើងមិនបានផ្សពផ្សាយលក់ ក្នុងស្រុកឲ្យបានទូលំទូលាយ ហើយទៅផ្សព្វផ្សាយនៅលើទីផ្សារអនឡាញអន្តរជាតិ វាក៏ជាការខាតដែរ ព្រោះវាអាចមានការចំណាយខ្ពស់”។ លោកបន្តថា “បើយើងយកផលិតផលរបស់យើង ដែលគេមិនស្គាល់សោះ ទៅផ្សព្វផ្សាយនៅលើគេហទំព័រល្បីៗ គឺយើងចំណាយសម្រាប់ពាណិជ្ជកម្មខ្ពស់ យើងអត់អាចទទួលបានផលត្រូឡប់មកវិញច្រើនទេ”៕
បច្ចុប្បន្ននេះ ផលិតផលរបស់កម្ពុជាមួយចំនួនត្រូវបានដាក់លក់នៅលើទីផ្សារពាណិជ្ជកម្ម អនឡាញAlibaba ដូចជា ម្រេច អាហារសម្រន់ គ្រាប់ស្វាយចន្ទី ដំណាប់ស្វាយ ដំណាប់ជាដើម៕