ដោយៈ គង់ សូរិយា
ភ្នំពេញៈ យោងតាមទឡ្ហីករណ៍ នៃការសិក្សាផលចំណេញធៀបការដឹកជញ្ជូនបានបង្ហាញឱ្យឃើញថា ការដឹកជញ្ជូនតាមផ្លូវទឹកមានតម្លៃទាបជាង ការដឹកជញ្ជូនតាមផ្លូវដែក២ដង និងទាបជាងការដឹកជញ្ជូន តាមផ្លូវគោករហូតដល់ទៅ៥ដង។
ការដឹកជញ្ជូនតាមផ្លូវទឹកមានការចំណាយទាបមានសុវត្ថិភាពមានលទុ្ធភាពក្នុងការផ្ទុកទំនិញបានច្រើននិងបានចូលរួមកាត់បន្ថយផលប៉ះពាល់បរិស្ថានផងដែរ។
-->

អាស្រ័យហេតុនេះហើយ គម្រោងព្រែកជីកហ្វូណនតេជោ នឹងចូលរួមលើកកម្ពស់ ការដឹកជញ្ជូនតាមផ្លូវទឹក នៅកម្ពុជាឱ្យកាន់តែមានសក្ដានុពល ជាចំណែកមួយធ្វើឱ្យសង្គម និងសេដ្ឋកិច្ចជាតិកាន់តែមានភាពរីកចម្រើន។
ព័ត៌មាននេះ ត្រូវបានលើកឡើងក្នុងប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំ ត្រៀមប្រារព្ធពិធីបើកការដ្ឋានគម្រោង “ព្រែកជីកហ្វូណនតេជោ”កាលពីថ្ងៃទី១៧ កក្កដាកន្លងមកនេះ។

លោកស៊ុនចាន់ថុលឧបនាយករដ្ឋមន្ត្រីអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានិងជាអនុប្រធានប្រចាំការគណៈកម្មាធិការពិសេសដើម្បីជំរុញការរៀបចំនិងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោបានអញ្ជើញដឹកនាំក្រុមការងារអន្តរក្រសួងប្រជុំពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំប្រារព្ធពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ខែសីហាឆ្នាំ២០២៤ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងកិច្ចប្រជុំនារសៀលនេះ ក៏មានការអញ្ជើញចូលរួមផងដែរពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អភិបាលខេត្តកណ្ដាល លោកគួច ចំរើន លោក លោកជំទាវតំណាងក្រសួង–ស្ថាប័នពាក់ព័ន្ធ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ–អន្ដរជាតិ និងមន្ត្រីជំនាញជាច្រើនរូប៕