កម្ពុជា ហ្វីលីពីនជម្រុញជើងហោះហើរត្រង់រវាងទីក្រុងសេប៊ូ និងខេត្តសៀមរាប

ចែករំលែក

ដោយៈ គង់ សូរិយា

ភ្នំពេញៈ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា និង​ឯកអគ្គរដ្ឋទូត​ហ្វីលីពីន​ប្រចាំ​កម្ពុជា​ លោកស្រី Flerida Ann Camille P. Mayo បាន​ពិភាក្សា​គ្នា​ជំរុញ​ការ​តភ្ជាប់​ជើង​ហោះហើរ​ត្រង់​ឡើង​វិញ​ពី​ទីក្រុង​សេប៊ូ ​នៃ​ប្រទេស​ហ្វីលីពីន ​មក​កាន់​ខេត្ត​សៀមរាប ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍​។

ភាគី​ទាំងពីរ​ក៏​បាន​ពិភាក្សា​គ្នា​ ជំរុញ​កំណើន​ទំហំ​ពាណិជ្ជកម្ម និង​ការ​នាំចេញ​ផលិតផល​កសិកម្ម​ផង​ដែរ។

ការ​ពិភាក្សា​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​រវាង សម្តេចធិបតីហ៊ុន ម៉ាណែត  និង​លោកស្រី Mayo ​​កាលពី​ថ្ងៃទី​១៦ កក្កដា នៅ​រាជធានី​ភ្នំពេញ។

យោងតាមសេចក្តី​ប្រកាស​ព័ត៌មាន​ ដែលបានបង្ហោះ​ក្នុង​បណ្ដាញ​សង្គម​នាយក​រដ្ឋមន្ត្រី​នា​ថ្ងៃ​ទី​១៦ កក្កដា បញ្ជាក់​ថា ភាគីទាំងពីរ បាន​ពិភាក្សា​លើ​វិស័យ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម តាម​រយៈ​ការ​ខិតខំ​បន្ថែម​ទៀត ​លើ​ការ​ជំរុញ​កំណើន​ទំហំ​ពាណិ​ជ្ជកម្ម ការ​នាំ​ចេញ​ផលិតផល​កសិកម្ម,​ ការ​ជំរុញ​វិស័យ​ទេស​ចរណ៍ ​តាម​រយៈ​ការ​តភ្ជាប់​ជើង​ហោះហើរ​ត្រង់​ឡើង​វិញ ​ពី​ទីក្រុង​សេប៊ូ ប្រទេស​ហ្វីលីពីន មក​កាន់​ខេត្ត​សៀមរាប, វិស័យ​អប់រំ និង​វិស័យ​សំណង់។

ក្នុង​ជំនួប​នេះ លោកស្រី Mayo ​បាន​បង្ហាញ​នូវ​ជំហរ នៃការ​ខិតខំ​ប្រឹងប្រែង​បន្ត​ពង្រឹង ​និង​ពង្រីក​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ហ្វីលីពីន–កម្ពុជា​ឱ្យ-​កាន់តែ​រឹង​មាំ​បន្ថែម​ទៀត ​នៅ​ក្នុង​អាណត្តិ​បេសកកម្ម​ការទូត ​របស់​លោកស្រី ខណៈនាយករដ្ឋមន្រ្តីកម្ពុជាជឿជាក់​ថា ក្នុង​បេសកកម្ម​ការទូត​របស់​លោកស្រី  ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ​ នឹង​កាន់តែ​ត្រូវ​បាន​បន្តពង្រឹង និង​ពង្រីក​បន្ថែម​ទៀត។

សម្តេចបានបញ្ជាក់​ថា ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ ក្នុង​ការ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ ​ជាមួយ​លោកស្រី​ឯកអគ្គរដ្ឋទូត​ដើម្បី​ពង្រឹង និងពង្រីក​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ ​នៃ​ប្រទេស​ទាំងពីរឱ្យ​កាន់តែ​រឹងមាំ និង​រីកចម្រើន​បន្ថែម​ទៀត៕


ចែករំលែក