កម្ពុជា ហ្វីលីពីនជម្រុញជើងហោះហើរត្រង់រវាងទីក្រុងសេប៊ូ និងខេត្តសៀមរាប

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជាលោកស្រី Flerida Ann Camille P. Mayo បានពិភាក្សាគ្នាជំរុញការតភ្ជាប់ជើងហោះហើរត្រង់ឡើងវិញពីទីក្រុងសេប៊ូនៃប្រទេសហ្វីលីពីនមកកាន់ខេត្តសៀមរាប ដើម្បីជំរុញវិស័យទេសចរណ៍

ភាគីទាំងពីរក៏បានពិភាក្សាគ្នាជំរុញកំណើនទំហំពាណិជ្ជកម្ម និងការនាំចេញផលិតផលកសិកម្មផងដែរ។

ការពិភាក្សានេះធ្វើឡើងក្នុងជំនួបរវាង សម្តេចធិបតីហ៊ុន ម៉ាណែត  និងលោកស្រី Mayo ​​កាលពីថ្ងៃទី១៦ កក្កដា នៅរាជធានីភ្នំពេញ។

យោងតាមសេចក្តីប្រកាសព័ត៌មានដែលបានបង្ហោះក្នុងបណ្ដាញសង្គមនាយករដ្ឋមន្ត្រីនាថ្ងៃទី១៦ កក្កដា បញ្ជាក់ថា ភាគីទាំងពីរ បានពិភាក្សាលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម តាមរយៈការខិតខំបន្ថែមទៀតលើការជំរុញកំណើនទំហំពាណិជ្ជកម្ម ការនាំចេញផលិតផលកសិកម្ម,​ ការជំរុញវិស័យទេសចរណ៍តាមរយៈការតភ្ជាប់ជើងហោះហើរត្រង់ឡើងវិញពីទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន មកកាន់ខេត្តសៀមរាប, វិស័យអប់រំ និងវិស័យសំណង់។

ក្នុងជំនួបនេះ លោកស្រី Mayo ​បានបង្ហាញនូវជំហរ នៃការខិតខំប្រឹងប្រែងបន្តពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការហ្វីលីពីនកម្ពុជាឱ្យ-​កាន់តែរឹងមាំបន្ថែមទៀតនៅក្នុងអាណត្តិបេសកកម្មការទូតរបស់លោកស្រី ខណៈនាយករដ្ឋមន្រ្តីកម្ពុជាជឿជាក់ថា ក្នុងបេសកកម្មការទូតរបស់លោកស្រី  ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងកាន់តែត្រូវបានបន្តពង្រឹង និងពង្រីកបន្ថែមទៀត។

សម្តេចបានបញ្ជាក់ថា ក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា បានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយលោកស្រីឯកអគ្គរដ្ឋទូតដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here