ដោយ វុត្ថា
កំពង់ឆ្នាំង៖ រយៈពេល៣ថ្ងៃនៃពិធីបុណ្យទន្លេលើកទី៥ នៅខេត្តកំពង់ឆ្នាំងបានទទួលប្រជាពលរដ្ឋ និងភ្ញៀវទេសចរប្រមាណជាង ១លាននាក់ បានចូលរួមទស្សនាកម្សាន្តប្រកបដោយភាពសប្បាយរីករាយ និងប្រកបដោយសុខសុវត្ថិភាពល្អប្រសើរ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន បានមានប្រសាសន៍ឲ្យដឹងលើបណ្តាញទំនាក់ទំនងសង្គមដែលបានបង្ហោះលើគេហំទំព័ររបស់ក្រសួងនាព្រឹកថ្ងៃទី១៩នេះថា ពិធីបុណ្យទន្លេលើកទី៥ នៅខេត្តកំពង់ឆ្នាំងរយៈពេល៣ថ្ងៃ បានបញ្ចប់ដោយជោគជ័យប្រកបដោយក្តីសប្បាយរីករាយបំផុត។ លោករដ្ឋមន្ត្រីបន្តថា តាមការវាយតម្លៃបឋមរបស់គណៈកម្មការរៀបចំពីធីបុណ្យទន្លេ និងផ្នែកនគរបាលគ្រប់គ្រងសន្តិសុខ ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យទន្លេនេះដែរ មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូលរួមទស្សនាកម្សាន្តសរុបប្រមាណជាង ១លាននាក់។
លោកបន្តថា នៅថ្ងៃទី១៥ មានអ្នកចូលរួមលេងកម្សាន្តប្រមាណ ២០ម៉ឺននាក់ ថ្ងៃទី១៦ មានប្រមាណជាង ៥០ម៉ឺននាក់ ថ្ងៃទី១៧ មានប្រមាណពី ៣០-៣៥ម៉ឺននាក ហើយបើគិតទាំងថ្ងៃទី១៣ និងទី១៤មុនថ្ងៃបុណ្យផងនោះ គឺមានអ្នកមកទស្សនាកម្សាន្តសរុបប្រមាណ៦ម៉ឺននាក់ទៀត។