បុណ្យ​ទន្លេ​នៅ​កំពង់ឆ្នាំង ៣ថ្ងៃ​​ ​មាន​អ្នកចូល​រួម​កម្សាន្ត​ជាង ១លាន​នាក់​

0

ដោយ​ ​វុត្ថា

​កំពង់ឆ្នាំង​៖​ ​រយៈពេល៣ថ្ងៃ​នៃ​ពិធីបុណ្យ​ទន្លេ​លើក​ទី៥​ ​នៅ​ខេត្ត​កំពង់ឆ្នាំង​បាន​ទទួល​ប្រជាពលរដ្ឋ​ ​និង​ភ្ញៀវ​ទេសចរ​ប្រមាណ​ជាង ១លាន​នាក់​ ​បាន​ចូលរួម​ទស្សនា​កម្សាន្ត​ប្រកបដោយ​ភាព​សប្បាយរីករាយ​ ​និង​ប្រកបដោយ​សុខ​សុវត្ថិភាព​ល្អ​ប្រសើរ​។​

​រដ្ឋមន្ត្រីក្រសួងទេសចរណ៍​លោក​ ថោង​ ​ខុន ​បាន​មានប្រសាសន៍​ឲ្យដឹង​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ដែល​បាន​បង្ហោះ​លើ​គេ​ហំ​ទំព័រ​របស់ក្រ​សួង​នា​ព្រឹក​ថ្ងៃទី១៩នេះ​ថា​ ​ពិធីបុណ្យ​ទន្លេ​លើក​ទី៥​ ​នៅ​ខេត្ត​កំពង់ឆ្នាំង​រយៈពេល៣ថ្ងៃ​ ​បាន​បញ្ចប់​ដោយ​ជោគជ័យ​ប្រកបដោយ​ក្តី​សប្បាយរីករាយ​បំផុត​។ ​លោក​រដ្ឋមន្ត្រីបន្ត​ថា​ ​តាម​ការវាយតម្លៃ​បឋម​របស់​គណៈកម្មការ​រៀបចំ​ពីធី​បុណ្យ​ទន្លេ​ ​និង​ផ្នែក​នគរបាល​គ្រប់គ្រង​សន្តិសុខ​ ​ក្នុងរយៈពេល៣ថ្ងៃ​ ​នៃ​ពិធីបុណ្យ​ទន្លេ​នេះ​ដែរ​ ​មាន​ប្រជាពលរដ្ឋ​ ​និង​ភ្ញៀវ​ទេសចរ​ចូលរួម​ទស្សនា​កម្សាន្ត​សរុប​ប្រមាណ​ជាង​ ​១លាន​នាក់​។​

​លោក​បន្ត​ថា​ ​នៅ​ថ្ងៃទី១៥​ ​មាន​អ្នកចូលរួម​លេងកម្សាន្ត​ប្រមាណ​ ​២០ម៉ឺន​នាក់​ ​ថ្ងៃទី១៦​ ​មាន​ប្រមាណ​ជាង​ ​៥០ម៉ឺន​នាក់​ ​ថ្ងៃទី១៧​ ​មាន​ប្រមាណ​ពី​ ​៣០​-​៣៥ម៉ឺន​នាក​ ​ហើយ​បើ​គិត​ទាំង​ថ្ងៃទី១៣​ ​និង​ទី១៤មុន​ថ្ងៃបុណ្យ​ផង​នោះ​ ​គឺ​មាន​អ្នក​មក​ទស្សនា​កម្សាន្ត​សរុប​ប្រមាណ៦ម៉ឺន​នាក់​ទៀត​។​

​លោក​រដ្ឋមន្ត្រី ថោង​ ​ខុន​ បាន​បន្ថែម​ថា​ ​ទាំង​អ្នកដើរ​កម្សាន្ត​ ​ទាំង​អាជីវករ​តាំងពិព័រណ៍​លក់ដូរ​ ​និង​អ្នក​ផ្តល់​សេវាកម្ម​ស្នាក់នៅ​ ​ហូបចុក​ ​ដឹកជញ្ជូន​ជាដើម​នោះ​ ​គឺ​មាន​ភាព​រីករាយ​ណាស់​។​ ​ប្រជាពលរដ្ឋ​ ​និង​អ្នកលក់​ដូរ​ចល័ត​ខ្លះ​ ​ដែល​មក​ពី​ស្រុក​ ​និង​ខេត្ត​ឆ្ងាយ​បាន​សម្រាក​នៅ​តាម​វត្តអារាម​ ​ព្រះចៅ​អធិការ​វត្តមាន​ការ​យកចិត្ត​ទុកដាក់​ជួយ​សម្រួល​គ្រប់យ៉ាង​ ​ខ្លះ​ក៏​សម្រាក​នៅផ្ទះ​សាច់ញាតិ​បងប្អូន​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here