ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋធានីប៉េកាំង ជាទីក្រុងដ៏ពេញនិយមបំផុតក្នុងចំណោមភ្ញៀវទេសចរណ៍ និងជាទីក្រុងធំបំផុតទី២ នៅក្នុងប្រទេសចិន បន្ទាប់ពីទីក្រុងសៀងហៃ បើគិតពីចំនួនប្រជាជន។
ទីក្រុងប៉េកាំងគឺជាមជ្ឈមណ្ឌលវប្បធម៌ អប់រំ និងនយោបាយដ៏ធំបំផុតរបស់ប្រទេសចិន ដែលជាមូលហេតុធ្វើឱ្យទីក្រុងនេះ ទទួលបានការចាប់អារម្មណ៍ យ៉ាងខ្លាំងពីជនបរទេស។ ប៉ុន្តែ ថ្លៃចំណាយលើការរស់នៅទីក្រុង ដ៏ឆើតឆាយមួយនេះក៏មានតម្លៃខ្ពស់ផងដែរ។
ជាធម្មតា ការជួលអាផាតម៉ិន ដែលមានបន្ទប់គេងចំនួន១នៅចំកណ្តាលទីក្រុងប៉េកាំង មានតម្លៃប្រហែល៨៧០ដុល្លារទៅ២.១៨០ដុល្លារក្នុងមួយខែ។ ប៉ុន្តែប្រសិនបើអ្នកសម្រេចចិត្តរស់នៅឆ្ងាយ ពីតំបន់កណ្តាលទីក្រុង នោះការជួលអាផាតម៉ិនមានតម្លៃជាមធ្យម ត្រឹមតែ៤៣០ដុល្លារ ទៅ១.៣០០ដុល្លារក្នុងមួយខែ។
ចំណែក អាផាតម៉ិន ដែលមានបន្ទប់គេងចំនួន៣នៅចំកណ្តាលទីក្រុងប៉េកាំង មានតម្លៃជាមធ្យមប្រមាណ១៩.៥៥០យ័នក្នុងមួយខែ (ប្រហែល២.៨០០ដុល្លារអាមេរិក)។
សង្កាត់ដែលសម្បូរអ្នកមានរស់នៅ មានដូចជា សង្កាត់ Zhongguancun ដែលជាមជ្ឈមណ្ឌលបច្ចេកវិទ្យានៃទីក្រុងប៉េកាំង សង្កាត់ Guomao ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងសង្កាត់ Shunyi ដែលពោរពេញទៅដោយផ្ទះវីឡា របស់ក្រុមអ្នកមាន។ អាផាតម៉ិននៅក្នុងសង្កាត់ទាំងនេះ អាចមានតម្លៃថ្លៃណាស់ ដោយសារទីតាំង និងកិត្យានុភាព។
បន្ថែមពីនេះ អ្នកជួលផ្ទះល្វែង(Flat) ក្នុងទីក្រុងប៉េកាំង ក៏ត្រូវបង់ថ្លៃសេវាប្រចាំខែផងដែរ។
ជាឧទាហរណ៍ ប្រសិនបើអ្នកជួលផ្ទះទំហំ៨៥ម៉ែត្រការ៉េ នោះអ្នកត្រូវចំណាយ លើថ្លៃសេវាប្រចាំខែប្រហែល៣០ដុល្លារទៅ៧៥ដុល្លារ ក្នុងមួយខែ ដែលរួមមាន ថ្លៃអគ្គិសនី សំរាម ទឹក និងម៉ាស៊ីនកំដៅ។
ប្រសិនបើអ្នកមានបំណង ចូលប្រើប្រាស់សេវាអ៊ីនធឺណេត ជាមួយនឹងទិន្នន័យគ្មានដែនកំណត់ នោះអ្នកនឹងត្រូវចំណាយទឹកប្រាក់បន្ថែមទៀត ដែលមានតម្លៃប្រហែល១៣ដុល្លារទៅ៤៤ដុល្លារអាមេរិក ក្នុងមួយខែ។នេះបើយោងតាមគេហទំព័រ Examine China។