ដោយ: គង់ លាងហួរ
អន្តរជាតិ: បន្ទាប់ពីមើលឃើញភាពជោគជ័យពីការបើករមណីដ្ឋានកាសុីណូរបស់សិង្ហបុរី បណ្តាប្រទេសផ្សេងទៀតបានខ្នះខ្នែងក្នុងការអភិវឌ្ឍន៍ទីតាំងកម្សាន្តដ៏ធំស្រដៀងគ្នានេះ ដើម្បីទាក់ទាញអ្នកទស្សនា និងជំរុញកំណើនសេដ្ឋកិច្ច។

នៅខែមេសា ឆ្នាំ២០០៥ អតីតនាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lee Hsien Loong បានប្រកាសពីការសម្រេចចិត្តរបស់គណៈរដ្ឋមន្ត្រីក្នុងការអភិវឌ្ឍន៍រមណីយដ្ឋានកាស៊ីណូចំនួន២ ផ្សារភ្ជាប់ជាមួយសណ្ឋាគារ ភោជនីយដ្ឋាន ផ្សារទំនើប មជ្ឈមណ្ឌលសន្និបាត និងសួនកម្សាន្ត។

ជាលទ្ធផល រមណីយដ្ឋានទាំង២នេះបានបង្កើតការងារថ្មីជាង១១.៥០០កន្លែងនៅសណ្ឋាគារ Marina Bay Sands និងរកបានប្រាក់ចំណូល១៨,៦ពាន់លានដុល្លារ និងបង្កើតការងារ៧ពាន់កន្លែងទៀតនៅលើកោះ Sentosa និងរកចំណូលបាន១៩,៣ពាន់លានដុល្លារគិតត្រឹមឆ្នាំមុន។

-->
ជាការឆ្លើយតប បណ្តាប្រទេសជិតខាងក្នុងតំបន់អាស៊ី បានយកគម្រូតាមសិង្ហបុរីដើម្បីជំរុញឱ្យសេដ្ឋកិច្ចរបស់ពួកគេស្ទុះងើបឡើងវិញ និងទាក់ទាញភ្ញៀវទេសចរណ៍បរទេស។

តួយ៉ាង ប្រទេសជប៉ុនកំពុងសាងសង់រមណីយដ្ឋានកាស៊ីណូដំបូងបំផុតនៅលើកោះ Yumeshima ក្នុងទីក្រុង Osaka។ រមណីយដ្ឋាននេះ គ្រោងបើកដំណើរការនៅឆ្នាំ២០៣០ ក្រោមទុនវិនិយោគចំនួន៦,៩ពាន់លានដុល្លារ ដែលនឹងរួមបញ្ចូលសណ្ឋាគារ២.៥០០បន្ទប់ មជ្ឈមណ្ឌលសន្និសីទ ផ្សារទំនើប កន្លែងកម្សាន្ត រួមទាំងរោងមហោស្រពចំនួន៣.៥០០កៅអី និងចំណតសាឡាង។
រមណីយដ្ឋានជប៉ុនដ៏ធំនេះបានកំណត់គោលដៅរកប្រាក់ចំណូលប្រចាំឆ្នាំចំនួន៥២០ពាន់លានយ៉េន ហើយចំណូលភាគច្រើនបានមកពីអាជីវកម្មហ្គេម ដោយរំពឹងថា នឹងទាក់ទាញបានភ្ញៀវទេសចរណ៍អន្តរជាតិប្រមាណ៦លាននាក់ និងភ្ញៀវទេសចរណ៍ក្នុងស្រុកចំនួន១៤លាននាក់ក្នុងមួយឆ្នាំ។
ម៉្យាងវិញទៀត តំបន់រដ្ឋបាលពិសេសម៉ាកាវកំពុងព្យាយាមផ្លាស់ប្តូរឋានៈពីមជ្ឈមណ្ឌលហ្គេមល្បែងសុីសង ទៅជាទីក្រុងកម្សាន្តចម្រុះបែប តាមរយៈពង្រីកសកម្មភាពផ្សេងៗនៅក្នុងរមណីយដ្ឋានកាស៊ីណូរបស់ខ្លួន។
ចំណែក ប្រទេសហ្វីលីពីនក៏បានបង្កើតរមណីយដ្ឋានកាសុីណូឈ្មោះ “Solaire Resort Entertainment City” នៅទីក្រុងម៉ានីលកាលពីខែឧសភា ដែលមានតម្លៃ១,២ពាន់លានដុល្លារ។
ជាមួយគ្នានេះ កាលពីខែមីនាកន្លងទៅ ប្រទេសកូរ៉េខាងត្បូងបានបើកសម្ពោធរមណីយដ្ឋានកាសុីណូមួយឈ្មោះ “Mohegan Inspire Entertainment Resort”នៅទីក្រុង Incheon ដែលមានព្រំប្រទល់ជាប់រដ្ឋធានីសេអ៊ូល។ រមណីយដ្ឋានកាសុីណូនេះស្ថិតនៅលើផ្ទៃដីទំហំ៤,៣៦លានម៉ែត្រការ៉េ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ III ក្បែរចំណតស្ថានីយទី២ នៃអាកាសយានដ្ឋានអន្តរជាតិ Incheon។
ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍កូរ៉េបានផ្តល់អាជ្ញាប័ណ្ណដល់រមណីយដ្ឋាន Mohegan Inspire អាចដំណើរការកាស៊ីណូសម្រាប់ជនបរទេសកាលពីខែមករាដើមឆ្នាំ២០២៤។
ប៉ុន្តែ ក្រុមអ្នកជំនាញបានចង្អុលបង្ហាញថា ប្រទេសកូរ៉េគួរតែអភិវឌ្ឍន៍រមណីយដ្ឋានដែលមានចរិតលក្ខណៈបែបកូរ៉េ ដើម្បីប្រកួតប្រជែងជាមួយបណ្តាប្រទេសជិតខាង ដោយសារប្រទេសនេះខ្វះខាតធនធានទេសចរណ៍ក្នុងស្រុក។
លោក Lee Hoon សាស្ត្រាចារ្យផ្នែកទេសចរណ៍នៅសាកលវិទ្យាល័យ Hanyang អះអាងថា “ប្រសិនបើជប៉ុនដាក់ឱ្យដំណើរការកាស៊ីណូដោយបើកចំហ ការណ៍នេះនឹងជះឥទ្ធិពលផ្ទាល់មកលើប្រទេសកូរ៉េខាងត្បូងខ្លាំងជាងការបើកកាសុីណូរបស់សិង្ហបុរី និងម៉ាកាវនាពេលកន្លងមក”។
យោងតាមសមាគមកាស៊ីណូកូរ៉េបានឱ្យដឹងថា ប្រទេសកូរ៉េខាងត្បូងអាចនឹងបាត់បង់អ្នកទស្សនាអន្តរជាតិប្រហែល៧,៦លាននាក់ និងប្រាក់ចំណូល ចំនួន២,៥៨ទ្រីលានវ៉ុនជារៀងរាល់ឆ្នាំដោយសារតែការបើករមណីយដ្ឋានរួមបញ្ចូលគ្នារបស់ប្រទេសជប៉ុន៕ប្រភព: Korea Times៕