តើតម្លៃផ្ទះនៅរដ្ឋធានីវ៉ាស៊ីនតោនរបស់សហរដ្ឋអាមេរិក និងទីក្រុងធំៗដទៃទៀត នឹងធ្លាក់ចុះមកវិញដែរឬទេ?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ទីផ្សារលំនៅដ្ឋាន នៅតាមទីក្រុងជាច្រើននៅសហរដ្ឋអាមេរិក កំពុងកើនឡើងយ៉ាងគំហុកនាពេលថ្មីៗនេះ។ ប៉ុន្តែក្រុមអ្នកជំនាញព្រមានថា តម្លៃផ្ទះនៅតាមទីក្រុងមួយចំនួនតូចអាចនឹងធ្លាក់ចុះនៅឆ្នាំនេះ។

ខាងក្រោមនេះ ជាតម្លៃផ្ទះនៅតាមទីក្រុងមួយចំនួន ក្នុងសហរដ្ឋអាមេរិក ដែលត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះយ៉ាងគំហុកនៅឆ្នាំ២០២៤៖

ទី១: ទីក្រុងSan Francisco

នាពេលបច្ចុប្បន្ន ផ្ទះនៅទីក្រុង San Francisco មានតម្លៃជាមធ្យម ចំនួន១.២៩៩.៦៣៩ដុល្លារក្នុងមួយយូនីត ធ្លាក់ចុះ០,៣ភាគរយ បើធៀបនឹងឆ្នាំមុន។ នេះបើយោងតាមក្រុមហ៊ុនអចលនទ្រព្យ ​​Zillow ។

លោក Ben Johnson ភ្នាក់ងារអចលនទ្រព្យមួយរូប និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Big Ben បានព្យាករណ៍ថា តម្លៃ​ផ្ទះ​នៅ​ក្នុង​ទីក្រុង​នេះ អាច​នឹង​បន្តធ្លាក់​ចុះ​ប្រមាណ៥% ទៅ១០%នៅ​ចុង​ឆ្នាំ​២០២៤។

ទី២: ទីក្រុងញូវយ៉ក

បច្ចុប្បន្ន ផ្ទះនៅទីក្រុងញូវយ៉ក មានតម្លៃជាមធ្យមចំនួន៧៤២.៩៣០ដុល្លារក្នុងមួយយូនីត។

លោក Ben Johnson បានព្យាករណ៍ថា តម្លៃផ្ទះនៅទីក្រុងញូវយ៉ក អាចនឹងធ្លាក់ចុះចន្លោះពី៥% ទៅ៨% នៅចុងឆ្នាំនេះ ដោយ​សារ​​តែថ្លៃចំណាយ លើការរស់នៅមាន​ការកើនឡើងខ្ពស់​។

ទី៣: ទីក្រុងHonolulu

ក្នុងពេលបច្ចុប្បន្ន ផ្ទះនៅទីក្រុង Honolulu មានតម្លៃជាមធ្យមចំនួន៧៩៤.២៥៣ដុល្លារក្នុងមួយយូនីត។

លោក Johnson បានរំពឹងទុកថា  តម្លៃនេះអាចនឹងធ្លាក់ចុះចន្លោះពី៤% ទៅ៦% នៅចុងឆ្នាំ២០២៤ ខណៈឧស្សាហកម្មទេសចរណ៍ ដែលជាសសរស្តម្ភដ៏សំខាន់ នៃសេដ្ឋកិច្ចក្នុងទីក្រុងHonolulu មិនទាន់ស្ទុះងើបឡើងវិញនៅឡើយ។

ទី៤: ទីក្រុងMiami

ក្នុងពេលបច្ចុប្បន្ន ផ្ទះនៅទីក្រុង Miami មានតម្លៃជាមធ្យមចំនួន៥៧៩.១២៥ដុល្លារក្នុងមួយយូនីត។ ប៉ុន្តែលោក Johnson បានរំពឹងទុកថា តម្លៃនេះអាចនឹងធ្លាក់ចុះចន្លោះពី៣% ទៅ៥% នៅចុងឆ្នាំ២០២៤ ដោយសារការកើនឡើងជាលំដាប់ នៃកម្រិតទឹកសមុទ្រ និងកត្តាប្រែប្រួលអាកាសធាតុ។

ទី៥: ទីក្រុង Washington, DC

លោក Eric Preston នាយកប្រតិបត្តិ និងជាស្ថាបនិកនៃក្រុមហ៊ុន Agent Launch បានព្យាករណ៍ថា ទីផ្សារលំនៅដ្ឋាននៅរដ្ឋធានី របស់អាមេរិកនឹងធ្លាក់ចុះ១០,២% សម្រាប់ឆ្នាំ២០២៤​ទាំងមូល ដោយសារតែកំណើន នៃអត្រាការប្រាក់លើកម្ចីទិញផ្ទះ និងបញ្ហាសេដ្ឋកិច្ច។

លោកបានបញ្ជាក់បន្ថែមថា នាពេលបច្ចុប្បន្ន ផ្ទះនៅទីក្រុងWashington, DC មានតម្លៃជាមធ្យមចំនួន៦០២.០០០ដុល្លារ ហើយតម្លៃនេះ អាចនឹងបន្តធ្លាក់ចុះចន្លោះពី៣% ទៅ៥% បន្ថែមទៀតនៅចុងឆ្នាំ២០២៤៕ប្រភព: Yahoo Finance៕

LEAVE A REPLY

Please enter your comment!
Please enter your name here