ទីក្រុងប៉ោយប៉ែត ឱកាសនៃការវិនិយោគអចលនវត្ថុជាមួយនឹងកាលានុវត្តន៍ភាព

0

ដោយៈ ស៊ីវ ម៉េង

      បន្ទាយមានជ័យៈ សម្លេងនៃការបង្គុំគ្រឿងសំណង់ ចេញពីការដ្ខានសាងសង់សំណង់តូចធំ បានលាន់រំពងនៅលើផ្លូវ “ក៥” ដែលជាផ្លូវដ៏សំខាន់ សម្រាប់ទីក្រុងប៉ោយប៉ែត។

ទីក្រុងនេះ ត្រូវបានរាជរដ្ឋាភិបាលដាក់បញ្ចូល ក្នុងគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥ ជាមួយទីក្រុងចំនួន២ទៀត គឺទីក្រុងបាវិត និងទីក្រុងព្រះសីហនុ ដែលបាន និងកំពុងរៀបចំជាទីក្រុងពហុបំណង។

ចំនួនប្រជាពលរដ្ឋបានកើនឡើងជារៀងរាល់ថ្ងៃ ដូចជាការដ្ឋា​នសំណង់នានាផងដែរ ស្របពេលអ្នកវិនិយោគចម្រុះរួមមានអ្នកវិនិយោគខ្មែរ ថៃ ចិន និងឥណ្ឌូនេស៊ី បាននិងកំពុងពង្រីកកាលានុវត្តន៍ភាពនៅទីក្រុង ដែលស្ថិតនៅកៀកនឹងព្រំប្រទល់កម្ពុជា ថៃនេះ។

អ្នកអភិវឌ្ឍន៍ក្នុងស្រុកជាច្រើន ដែលយើងបានជួបពួកគេលើកឡើងថា ឱកាសមាសកំពុងមាននៅទីក្រុងនេះ ដោយសារ​កំណើនប្រជាសាស្រ្ត និងការវិនិយោគកើនឡើង ពីសំណាក់ជនបរទេស និងជនជាតិខ្មែរ។

អ្នកធុរកិច្ចមួយរូបបានលើកឡើងថា ប្រសិនជាអ្នកមានផ្ទះមួយល្វែង នៅលើផ្លូវ “ក៥” អ្នកអាចជួលបាន២៥០០ទៅ៣០០០ដុល្លារក្នុងមួយខែ បើផ្ទះវីឡាអ្នកអាចជួលបានចន្លោះពី​៦០០០ ទៅ៨០០០ដុល្លារក្នុងមួយខែ។ បើសិនជាអ្នកសាងសង់ផ្ទះជួល១០០បន្ទប់ ចំណាយប្រាក់ត្រឹម២០ម៉ឺនដុល្លារ រយៈពេលយ៉ាងយូរ២ឆ្នាំ អ្នកអាចបានប្រាក់ដើមត្រលប់ទៅវិញហើយ ព្រោះបន្ទប់ជួល ដែលមានតម្លៃ១០០ទៅ១៥០ដុល្លារក្នុងមួយខែ សាងសង់ហើយភ្លាមមានអ្នកចូលនៅពេញៗ។

អ្នកអភិវឌ្ឍន៍មួយរូបទៀត នៅទីក្រុងប៉ោយប៉ែតបានលើកឡើងថា ទីផ្សារនៅទីនេះ នៅតែមានឱកាសរីកចម្រើ​ន នៅតែមានឱកាសល្អសម្រាប់ការវិនិយោគ ដោយសារលំហូរប្រជាជនកើនឡើង លំហូរភ្ញៀវមកលេងកាស៊ីណូ ដែលមានចំនួន២០ទាំងតូច និងធំនៅទីក្រុងនេះ។

តើទីផ្សារនេះនឹងអាចជាប់គាំង ដូចនៅក្រុងព្រះសីហនុឬយ៉ាងណា? អ្នកធុរកិច្ចធំម្នាក់ដែលសាងសង់អាគារធំៗជាច្រើននភទីក្រុងនេះបានលើកឡើងថា ក្រុងប៉ោយប៉ែត មានឱកាសរីកចម្រើនរយៈពេលវែងបន្ថែមទៀត មិនដូចជាទីក្រុងព្រះសីហនុទេ ដោយសារកត្តាជាច្រើន ពិសេសគោលនយោបាយជម្រុញ ការវិនិយោគរបស់រដ្ឋាភិបាល ភាពល្អប្រសើរនៃភូមិនសា​ស្រ្ត ភាពងាយស្រួលនៃការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ឋ ការកើនឡើងនូវចំនួនប្រជាពលរដ្ឋ និងកំណើននៃការវិនិយោគពីអ្នកវិនិយោគជាតិ និងអន្តរជាតិ។

ប្រធានសមាគមសហគ្រិន សារព័ត៌មានសេដ្ឋកិច្ចកម្ពុជា (CEMEA)លោកយិន លាងគង់ ដែលបានទៅសិក្សាស្វែងយល់ពីឱកាសវិនិយោគនៅទីក្រុងនេះ រយៈពេល៤យប់ ៥ថ្ងៃ នៅទីក្រុងប៉ោយប៉ែត កាលពីសប្តាហ៍មុនបានលើកឡើងថា មិនមែនជាភាពចៃដន្យឡើយ ដែលទីក្រុងនេះមានភាពរីកចម្រើន និងនៅតែជាតារារះ ខណៈដែលទីក្រុងដទៃទៀត បានស្លោកស្រពោន។

លោកបន្តថា ទីក្រុងនេះ តែអាចបន្តឱកាសរីកចម្រើនមិនមែនជារឿងសាមញ្ញឡើយ ប៉ុន្តែវាមានមូលដ្ឋានរ៉ឹងមាំជាច្រើន ដែលទីក្រុងនេះនៅតែរីកចម្រើន ដូចជា ទី១ ជាតំបន់មាត់ច្រកពាណិជ្ជកម្មធំជាងគេមួយនៅកម្ពុជា ដែលស្ថិតនៅជាប់ព្រំដែនកម្ពុជា ថៃ ទី២ ជាតំបន់ដែលមានកាស៊ីណូ ទាក់ទាញភ្ញៀវទេសចរណ៍ថៃ ចិន ឥណ្ឌូនេស៊ី មកលេងជារៀងរាល់ថ្ងៃ ទី៣ ជាទីក្រុងដែលស្ថិត ក្នុងគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សា​ហកម្មឆ្នាំ២០១៥ ២០២៥ ដែលគោលនយោបាយនេះ រាជរដ្ឋាភិបាលលើកទឹកចិត្ត ឲ្យមានការបញ្ចុះតម្លៃអគ្គិសនី កសាងហេដ្ឋារចនាសម្ព័ន្ឋ និងមូលដ្ឋានភស្តុភារកម្ម។

ទី៤ ជាតំបន់ស្ថិតនៅក្នុងគោលនយោបាយថៃបូក១ ដែលគោលនយោបាយនេះ បានទាក់ទាញរោងចក្រ ឧស្សាហកម្មខ្នាតតូច និងមធ្យមពីប្រទេសថៃ មកវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសក្នុងទឹកដីកម្ពុជា ហើយអាចនាំចេញដោយរួចពន្ឋ ពិសេសពួកគេ អាចប្រើប្រាស់កំលាំងពលកម្ម ដែលមានតម្លៃទាប ធៀបជាមួយប្រទេសថៃ។

លោកយិន លាងគង់បានបន្តថា ទោះជាយ៉ាងណា ទីក្រុងនេះ កំពុងជួបបញ្ហាប្រឈមធំៗចំនួនបួន ដូចជា ទី១ បញ្ហាហេដ្ឋារចនាសម្ព័ន្ឋ ផ្ឡូវ ដែលមានការខូចខាត និងមិនទាន់មានការសាងសង់ឲ្យបានប្រសើរ ទី២ បញ្ហាអគ្គិសនី គឺមានតម្លៃខ្ពស់ និងមានការដាច់ចរន្តជាប្រចាំ ទី៣ បញ្ហាទឹកស្អាត ដែលក្រុមហ៊ុនផ្គត់ផ្គង់ទឹកផ្តាច់មុខ សម្រាប់ទីក្រុងនេះបានបូមទឹកឆៅឲ្យ​ប្រជាពលរដ្ឋប្រើប្រាស់ ដោយមិនបានឆ្លងកាត់ប្រព័ន្ឋប្រព្រឹត្តកម្មឡើយ ទី៤ កង្វះធនធានមនុស្ស ក៏ជាចំណោទកំពុងកើតមានផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here