ADBបន្តព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានកំណើន៥,៨ភាគរយនៅឆ្នាំនេះ និង៦ភាគរយនៅឆ្នាំក្រោយ

0

ដោយៈ គង់ សូរិយា

      ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានរក្សាការព្យា​ករកំណើនសេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបានកំនើន៥.៨% សម្រា​ប់ឆ្នាំ២០២៤ និង៦.០ភាគរយសម្រាប់ឆ្នាំ២០២៥ ខាងមុខ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះបានអះអាងថា ការព្យាករណ៍នេះ គឺវាឆ្លុះបញ្ចាំងពីការកើនឡើងតិចតួច នៃថ្លៃម្ហូបអាហារ និងការធ្លាក់ចុះនៃថ្លៃប្រេងឥន្ធនៈ នៅក្នុងឆមាសទី១ ឆ្នាំ២០២៤។

ADB បានបន្ថយការព្យាករ អតិផរណាពីមុនរបស់ខ្លួន ពី ២.០% មក០.៥% សម្រាប់ឆ្នាំ ២០២៤។

លោកស្រី Jyotsana Varmaតំណាងធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជាបានថ្លែងថា ការស្ទុះងើបឡើងវិញនៃវិស័យវាយនភណ្ឌ ជាពិសេសសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរកំពុង ជំរុញកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជាលោកស្រីបន្តថា “វិស័យកសិកម្ម និងទេសចរណ៍កំពុងបន្តកើនឡើង ខណៈការបន្ត ហូរចូលនៃការវិនិយោគផ្ទាល់ពីបរទេស កំពុងជួយជំរុញល្បឿនសេដ្ឋកិច្ចកម្ពុជា

ជារួមកម្លាំងចលករ ទាំងនេះ កំពុងនាំមកនូវស្ថានភាពល្អប្រសើរសម្រាប់ឆ្នាំ ២០២៤ ព្រមទាំងពង្រឹងមូលដ្ឋាន សម្រាប់កំណើន រឹងមាំនៅឆ្នាំ ២០២៥ និងឆ្នាំបន្តបន្ទាប់ទៀត។

ការសិក្សារបស់ADBបានបញ្ជាក់ទៀតថា កំណើននៃការនាំចេញ សម្លៀកបំពាក់ ស្បែកជើង និងផលិតផល ធ្វើដំណើរ បានងើបឡើងវិញប្រមាណ១៦.៩% ឆ្នាំលើឆ្នាំ ក្នុងឆមាសទី១ ឆ្នាំ ២០២៤ បន្ទាប់ពីបានធ្លាក់ចុះ១៨.៦% ក្នុងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២៣។ ចំណែក កំណើនការនាំចេញផលិតផលកមន្តសាលដទៃ ទៀតបានថយមកត្រឹម១.៣% ឆ្នាំលើឆ្នាំ នៅក្នុងឆមាសទី១ ពី ២១.២% ដែលសម្រេចបាន ក្នុងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២៣។

ការនាំចូលសម្ភារៈ និងឧបករណ៍សំណង់ បានកើនឡើង ២៣.៣% ឆ្នាំលើឆ្នាំ ក្នុងឆមាសទី១ ដោយសារសំណង់ជំរុញដោយការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។

ចំណែកវិស័យកសិកម្មវិញ ត្រូវបានព្យាករថា នឹងកើនឡើង១.២% ក្នុងឆ្នាំ ២០២៤ និង១.៣% ក្នុងឆ្នាំ ២០២៥។ វិស័យសេវាកម្ម ត្រូវបានព្យាករថា នឹងកើនឡើង៥.៤% នៅឆ្នាំ ២០២៤ មុនថយមកកម្រិត៥.២% នៅឆ្នាំ ២០២៥។

ការព្យាករនេះត្រូវបានគាំទ្រ ដោយការកើនឡើង ២២.៧% ឆ្នាំលើឆ្នាំ នៃការមកដល់របស់ភ្ញៀវទេសចរ ក្នុងឆមាសទី១ ឆ្នាំ ២០២៤។ ចំនួនភ្ញៀវអន្តរជាតិសរុប បានកើនដល់ ៩៤.៨% នៃ កម្រិតមុនមានជំងឺរាតត្បាត ក្នុងឆមាសទី១ ឆ្នាំ២០១៩។

ADBបានបន្តថា លំហូរវិនិយោគពីបរទេស បានបន្តកើតមាន បើទោះជាបានថយបន្តិចមកត្រឹម២.០ ពាន់លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ ២០២៤ ពី២.១ ពាន់លានដុល្លារ ក្នុងអំឡុងពេលដូចគ្នា កាលពីឆ្នាំមុន។ លំហូរវិនិយោគនេះ ត្រូវបានគាំទ្រដោយកំណើនទុន ទៅក្នុងវិស័យមិនមែនហិរញ្ញវត្ថុ ខណៈពេលដែលលំហូរ វិនិយោគទៅក្នុងវិស័យហិរញ្ញវត្ថុ មានការថយចុះគួរឱ្យកត់សម្គាល់ ទំនងជាដោយសារប្រាក់ចំណេញទាប នៃវិស័យធនាគារ។

ហានិភ័យដែលអាចកើតមាន សម្រាប់ទស្សនវិស័យសេដ្ឋកិច្ចកម្ពុជានេះរួមមាន កំណើនសេដ្ឋកិច្ចយឺតជាងការរំពឹងទុកក្នុងប្រទេសធំៗ ដូចជា សាធារណរដ្ឋប្រជាមានិតចិន អឺរ៉ុប និងសហរដ្ឋអាមេរិក បំណុលឯកជនខ្ពស់ ការប្រែប្រួលថ្លៃប្រេងឥន្ធនៈសកល និងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារអាកាសធាតុ អាក្រក់ជាដើម៕នេះបើតាមការបញ្ជាក់បន្ថែមនៅក្នុងរបាយការណ៍របស់ADB៕


 

LEAVE A REPLY

Please enter your comment!
Please enter your name here