ដោយ វុត្ថា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍ថា បច្ចេកវិទ្យាឌីជីថល បានកំពុងផ្តល់លទ្ធភាពខ្ពស់ក្នុងការបង្កើនការតភ្ជាប់រវាងមនុស្ស និងមនុស្ស បង្កើតឡើងនូវធុរកិច្ចថ្មីៗជាមួយនឹងគំនិតថ្មីៗ សម្រួលដល់ការធ្វើពាណិជ្ជកម្មកាត់បន្ថយរបាំងចូលទីផ្សារ បង្កើតឱកាសសម្រាប់សកម្មភាពច្នៃប្រឌិតថ្មីៗ និងបង្កើតសកម្មភាពសហគ្រិន។
សម្តេចតេជោបានថ្លែងនៅក្នុងពិធីបើកសន្និសីទ ចក្ខុវិស័យប្រទេសកម្ពុជាលើកទី១៣ (2019 Cambodia Outlook Conference: Digital Transformation Towards Industry 4.0) នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩នេះថា បច្ចេកវិទ្យាឌីជីថលអាចជួយរដ្ឋាភិបាលបង្កើនសមត្ថភាពវិស័យសាធារណៈបានល្អប្រសើរ ជួយបង្កើនគណនេយ្យភាព និងតម្លាភាព ក្នុងការផ្តល់សេវាសាធារណៈនៅតាមមូលដ្ឋាន ជួយឱ្យអាជ្ញាធរនៅគ្រប់កម្រិតអាចផ្តល់សេវាដល់ប្រជាពលរដ្ឋបានកាន់តែច្រើនថែមទៀត។ ទន្ទឹមនេះបច្ចេកវិទ្យាឌីជីថល អាចជួយពង្រឹងកិច្ចសហការភាពជាដៃគូ និងនវានុវត្តន៍រវាងក្រសួង និងផ្ទៃក្នុងក្រសួងព្រមទាំស្ថាប័នពាក់ព័ន្ធទូទាំងប្រទេស។
សម្តេចបន្ថែមថា ទន្ទឹមនឹងផលវិជ្ជមាននេះ បច្ចេកវិទ្យាឌីជីថល ក៏បានផ្តល់នូវគុណវិបត្តិផ្សេងៗផងដែរដូចជា ទី១ មនុស្សយន្ត (Robot) បាននិងកំពុងជំនួសកម្លាំងពលកម្មមនុស្ស ដែលនឹងធ្វើឱ្យមនុស្សបាត់បង់ការងារ។ ទី២ ទាមទារកម្រិតជំនាញខ្ពស់ ដើម្បីឱ្យស្របទៅនឹងការរីកចម្រើនបច្ចេកវិទ្យា និងព័ត៌មានវិទ្យា ។ទី៣ វិសមភាពនៃការទទួលផលប្រយោជន៍ ដោយសារភាពមិនស្មើគ្នា នៃឱកាសទទួលបាននូវចំណេះដឹង និងបច្ចេកវិទ្យា។ ទី៤ ការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល នឹងបង្កើនភាពងាយរងគ្រោះ ដែលបណ្តាលមកពីឧក្រិដ្ឋកម្ម ឬ បទល្មើសពាក់ព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ និងសុវត្ថិភាពសង្គម។
-->
សម្តេចតេជោ ហ៊ុន សែនបានមានប្រសាន៍ថា នៅដើមឆ្នាំ២០១៩ កន្លងទៅនេះសម្តេចបានផ្តល់ការណែនាំ ដល់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យបង្កើតក្រុមការងាររៀបចំ ក្របខណ្ឌគោលសេដ្ឋកិច្ចឌីជីថល ក្នុងគោលបំណងចាប់យកកាលានុវត្តភាពពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចដោយ ; ផ្តោតលើទិដ្ឋភាពធំៗ៣ ដូចជា ទី១ ការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រវិស័យឌីជីថល និង ការរៀបចំប្រព័ន្ធទូទាត់សងប្រាក់អេឡិចត្រូនិក (e-payment) និងប្រព័ន្ធឡូជីស្ទិក។ ទី២ ការបង្កើតថ្នាលឌីជីថល (platform) និងការអភិវឌ្ឍប្រព័ន្ធធុរកិច្ចឌីជីថល (ecosystem) និងទី៣ ការលើកកម្ពស់ឌីជីថលលូបនីយកម្ម-រដ្ឋាភិបាល សហគ្រិនភាព អក្ខរកម្មឌីជីថល និងទិន្នន័យបើកចំហរ (Open data)។
ដើម្បីឱ្យបដិវត្តឧស្សាហកម្មទី៤ ដែលជាចរន្តនៃការរីកលូតលាស់ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាផ្តល់នូវប្រយោជន៍ ដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចប្រកបដោយចីរភាពនោះ។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីបានផ្តល់នូវគំនិតផ្តួចផ្តើម និងការងារអាទិភាពមួយចំនួនដូចខាងក្រោម ដូចជា ទី១ ការរៀបចំ និងដាក់ឱ្យអនុវត្តរដ្ឋាភិបាលឌីជីថល (Digital Government) មួយឱ្យបានពេញលេញ និងគ្រប់ជ្រុងជ្រោយ នេះគឺជាបុរេលក្ខខណ្ឌនៃការកសាងសេដ្ឋកិច្ចឌីជីថល ដែលម្ខាងសំដៅលើកកម្ពស់ប្រសិទ្ធភាពនៃសេវាសាធារណៈប្រកបដោយគណនេយ្យភាព និងតម្លាភាពក្នុងការផ្តល់សេវានៅតាមមូលដ្ឋាន និងម្ខាងទៀតដើរតួជាអ្នកជំរុញ (Enabler) តាមរយៈការរៀបចំ និងដាក់ឱ្យអនុវត្តឧបករណ៍ឌីជីថលសំខាន់ៗ ដូចជាអាស័យដ្ឋានឌីជីថល ហត្ថលេខាឌីជីថល អត្តសញ្ញាណប័ណ្ណឌីជីថល ដើម្បីបង្កើតឱកាសឱ្យវិស័យឯកជន និងសហគ្រិនមានលទ្ធភាពច្នៃប្រឌិតនូវធុរកិច្ចថ្មីៗ។
ទី២ ការជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធគ្រឹះ៖ ត្រូវបន្តជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធដែលជាឆ្អឹងខ្នង ដូចជាខ្សែកាបអុបទិក, ខ្សែកាបអុបទិកបាតសមុទ្រ, ការចែកចាយ, និងការតភ្ជាប់ដល់ផ្ទះ និងទីតាំងធុរកិច្ច និងមជ្ឈមណ្ឌល ទិន្នន័យ ដើម្បីធ្វើឱ្យប្រព័ន្ធ Internet មានល្បឿនលឿន តម្លៃសមរម្យ និងទៅដល់គ្រប់ទីកន្លែងទូទាំងប្រទេស។ និងទី៣ ដើម្បីទាញយកអត្ថប្រយោជន៍ពីបដិវត្តឧស្សាហកម្មទី៤ ឱ្យបានជាអតិបរមា៖ ការអភិវឌ្ឍមូលធនមនុស្ស គឺជាកត្តាចាំបាច់។ ទន្ទឹមនេះ រាជរដ្ឋាភិបាលនឹងបន្តលើកកម្ពស់គុណភាពនៃការអប់រំ ជំរុញការអប់រំផ្នែ ស្តេម (STEM) ជំរុញការបណ្តុះបណ្តាលជំនាញ និងការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍។ និងទី៤ ការកសាង និងដាក់អនុវត្តនូវគោលនយោបាយបទប្បញ្ញត្តិច្បាប់ និងស្តង់ដាពាក់ព័ន្ធ សុវត្ថិភាព ឌីជីថល គឺជាកត្តាចាំបាច់ក្នុងការកសាងក្របខណ្ឌយុទ្ធសាស្ត្ររយៈពេលវែង។
កម្ពុជានឹងរៀបចំក្របខណ្ឌគតិយុត្ត និងបទប្បញ្ញត្តិសម្រាប់ការគ្រប់គ្រងសុវត្ថិភាពទិន្នន័យ (Data Security) និងសិទ្ធិឯកជននៃទិន្នន័យ (Data Privacy) និងសន្តិសុខតាមប្រព័ន្ធអ៊ីនធើណេត (Cyber Security) ការការពារ និងរក្សាទុកព័ត៌មានសម្ងាត់ ការធ្វើពាណិជ្ជកម្ម និងទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក និងបទប្បញ្ញត្តិផ្សេងទៀត ដើម្បីការពារអ្នកប្រើប្រាស់៕