ដោយ: គង់ លាងហួរ
ប៉េកាំង: ប្រទេសចិន បានចាប់ផ្តើមងាកទៅដាក់ឱ្យអនុវត្តន៍ ការប្រមូលពន្ធលើប្រាក់ចំណេញ ពីការវិនិយោគនៅក្រៅប្រទេស របស់ក្រុមអ្នកមានជាជនជាតិចិន បន្ទាប់ពីខ្លួនបានមើលរំលងវិធានការនេះជាយូរមកហើយ។
ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ អាជ្ញាធរពន្ធដារចិនបានធ្វើការកោះហៅបុគ្គល ដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភមួយចំនួននៅតាមទីក្រុងធំៗរបស់ប្រទេសចិន ឱ្យចូលរួមកិច្ចប្រជុំ ដើម្បីវាយតម្លៃលើទំហំទឹកប្រាក់ត្រូវបង់ពន្ធ រួមទាំងអ្នកជំពាក់ពន្ធផងដែរ។
-->
ការដាក់ចេញនូវចំណាត់ការនេះ បានស្ដែងឱ្យឃើញពីភាពបន្ទាន់របស់រដ្ឋាភិបាលចិន ក្នុងការពង្រីកប្រភពប្រាក់ចំណូលរបស់ខ្លួន ស្របពេលដែលការលក់ដីធ្លីរដ្ឋ និងកំណើនសេដ្ឋកិច្ចកំពុងធ្លាក់ចុះ។
ចំណាត់ការនេះ ក៏មានទិសដៅស្របតាមយុទ្ធនាការ “វិបុលភាពរួម” របស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង ដែលមានគោលដៅបែងចែកទ្រព្យសម្បត្តិ ដោយស្មើភាពគ្នានៅក្នុងប្រទេសមានសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោក។
ក្រុមអ្នកមាននៅប្រទេសចិន ត្រូវប្រឈមមុខនឹងការបង់ពន្ធចំនួន២០ភាគរយ លើប្រាក់ចំណេញពីការវិនិយោគ ហើយមនុស្សមួយចំនួនទៀត ក៏បានទទួលរងនូវការផាកពិន័យ ដោយសារការបង់ពន្ធមិនទាន់កាលកំណត់ផងដែរ។
កាលពីឆ្នាំ២០១៨កន្លងទៅ រដ្ឋាភិបាលចិនបានដាក់ឱ្យអនុវត្តន៍ស្តង់ដាររបាយការណ៍ទូទៅ (CRS) ដែលជាប្រព័ន្ធចែករំលែកព័ត៌មានជាសកល ក្នុងគោលបំណងទប់ស្កាត់ការគេចពន្ធ។
យ៉ាងណាមិញ គេមិនទាន់ដឹងច្បាស់ទេថា តើចំណាត់ការនេះ នឹងមានវិសាលភាពធំកម្រិតណា និងបន្តអូសបន្លាយដល់ពេលណានោះទេ?។
យោងតាមប្រភពនានាបានទម្លាយឱ្យដឹងថា អាជ្ញាធរចិនបានកំណត់គោលដៅលើជនជាតិចិន ដែលមានទ្រព្យសម្បត្តិយ៉ាងតិច១០លានដុល្លារអាមេរិកនៅបរទេស ខណៈគោលដៅផ្សេងទៀត ជាម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុន ដែលបានចុះបញ្ជីនៅក្នុងទីក្រុងហុងកុង និងសហរដ្ឋអាមេរិក។
នៅក្នុងរយៈពេល៦ឆ្នាំកន្លងមក ប្រទេសចិនបាននឹងកំពុងផ្លាស់ប្តូរព័ត៌មាន ដោយស្វ័យប្រវត្តិជាមួយដែនសមត្ថកិច្ចរបស់បណ្តាប្រទេសសមាជិកនីមួយៗ នៃប្រព័ន្ធCRS អំពីគណនី ដែលជាកម្មសិទ្ធិរបស់ជនជាតិចិន ដែលត្រូវជាប់កាតព្វកិច្ចបង់ពន្ធ៕ប្រភព: Bloomberg៕
