ដោយៈគង់ សូរិយា
បាត់ដំបងៈ ផែនការស្តារឡើងវិញ និងសាងសង់ព្រលានយន្តហោះក្រុងបាត់ដំបង ស្ថិតនៅក្នុងសភាពមិនច្បាស់លាស់ ដែលរហូតមកទល់ពេលនេះ មិនទាន់មានក្រុមហ៊ុនណាមួយចុះសិក្សានៅឡើយទេ។
អ្នកនាំពាក្យនិងជាអនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ីន ចាន់សិរីវុត្ថាបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ស្ថានភាពនាពេលបច្ចុប្បន្ន យើងមិនអាចនិយាយបាននៅឡើយ ពីផែនការសាងសង់ព្រលានយន្តហោះនេះ ព្រោះអ្វីៗអាចចំណាយពេលយូរ។
លោកបន្តថា “មិនមានព័ត៌មានច្បាស់លាស់ ឬវឌ្ឈនភាពណាមួយអំពីផែនការសាងសង់ ព្រលានយន្តហោះនេះនៅឡើយទេ”។ លោកបន្ថែមថា “រហូតមកទល់ពេលនេះ យើងមិនទាន់មានក្រុមហ៊ុនណាមួយ បានចាប់អារម្មណ៍វិនិយោគព្រលានយន្តហោះនេះនោញះទេ”។
យោងតាមផែនការមេរបស់រដ្ឋាភិបាលបានបង្ហាញថា រដ្ឋាភិបាលមានបំណងសស្តារ និងសាងសង់ព្រលានយន្តហោះនៅតាមបណ្តាខេត្តមួយចំនួន រួមមាន ខេត្តព្រះវិហារ បាត់ដំបង ស្ទឹងត្រែង មណ្ឌលគិរី ប៉ោយប៉ែតជាដើម។
ប្រធានសមាគមសហគ្រិន សារព័ត៌មានសេដ្ឋកិច្ចកម្ពុជា(CEMEA) លោកយិន លាងគង់ បានមានប្រសាសន៍ថា ការសាងសង់ព្រលានយន្តហោះមួយ មិនដូចការសាងសង់ផ្ទះនោះទេ វាត្រូវការទំហំដើមទុន ឬទុនវិនិយោគធំណាស់ ទើបអាចសាងសង់ និងដំណើរការបាន។
លោកបន្តថា “អ្វីដែលត្រូវសិក្សា គឺតម្រូវការ និងការផ្គត់ផ្គង់ ព្រោះក្រុមហ៊ុនណាក៏ដោយ គេគិតពីសក្តានុពលទីផ្សារនិងផលចំណេញ ព្រោះពួកគេត្រូវការផលចំណេញ”។ លោកបន្ថែមថា “ប្រសិនជាមានផលចំណេញ និងមានតម្រូវការច្រើន ច្បាស់ណាស់ នឹងមានក្រុមហ៊ុនរាប់រយតម្រង់ជួរ ដើម្បីដេញ ថ្លៃសាងសង់គំរោងព្រលានយន្តហោះរបស់យើង”។
លោកយិន លាងគង់បានបន្តថា មិនថាខេត្តបាត់ដំបង ឬមណ្ឌលគិរីទេ ទោះវាស្ថិតក្នុងផែនការអាទិភាព របស់រដ្ឋាភិបាលក្តី ប៉ុន្តែប្រសិនជាការសិក្សាពីសក្តានុពល មិនរកឃើញផលចំណេញទេ ក្រុមហ៊ុនឯកជននឹងមិនវិនិយោគនោះទេ លើកលែងតែរដ្ឋាភិបាល ចំណាយសាងសង់ដោយខ្លួនឯង ដើម្បីពង្រីកសក្តានុពល និងការអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់នោះ”៕