ឯកអគ្គរដ្ឋទូតចិនអះអាងថា រហូតមកទល់ពេលនេះចិនបានវិនិយោគរោងចក្រចំនួន១២០០ និងមានទំហំទុនរហូតដល់ជាង៩ពាន់លានដុល្លារ

0

គិតត្រឹមខែតុលា ឆ្នាំ២០២៤នេះ កម្ពុជាមានរោងចក្រដែលមានប្រភពវិនិយោគពីសាធារណ​រដ្ឋប្រជាមានិតចិនចំនួន ១.២៧៣រោងចក្រ  ក្នុងទំហំទុនវិនិយោគសរុបចំនួនជាង ៩ពាន់លានដុល្លារអាមេរិក ស្មើនឹងប្រមាណ ៤៥,៤៩% នៃទុនវិនិយោគសរុបនៅកម្ពុជា។

តួលេខវិនិយោគនេះ​ត្រូវបានលើកបង្ហាញនៅក្នុងជំនួបរវាង ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤។

ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា កម្ពុជា និង​មិត្តចិន​មាន​ទំនាក់ទំនង​មិត្តភាព​ដ៏រឹងមាំ និង​យូរអង្វែង ហើយការអភិវឌ្ឍឧស្សាហកម្ម និងបច្ចេកវិទ្យា ​គឺជាចន្ទល់សំខាន់នៃកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងប្រទេសទាំងពីរ។

ឯកឧត្តមបានបន្ថែមថា៖ “ការវិនិយោគដែលមានប្រភពទុនពីប្រទេសចិនក្នុងវិស័យកម្មន្តសាលឈរលំដាប់ទី១នៅកម្ពុជា ហើយវិស័យនេះនឹងបន្តនាំមុខសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជានាពេលអនាគត”។

ឯកឧត្តមរដ្ឋមន្រ្តី លើកឡើងថា ខណៈដែលកម្ពុជាកំពុងត្រៀមចាកចាញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយមិត្តចិន ពិតជាមានសារៈសំខាន់ ជាពិសេសក្នុងការបង្កើនសមត្ថភាពផលិតវត្ថុធាតុដើមក្នុងស្រុក ដើម្បីបំពេញលក្ខខណ្ឌតម្រូវកាន់តែខ្ពស់របស់ទីផ្សារ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាក់លាក់មួយចំនួន ដូចជាស្តង់ដារនីយកម្ម, មាត្រាសាស្ត្រ, សេវាមន្ទីរពិសោធន៍, និងសេវាទឹកស្អាត។

ជាការឆ្លើយតប ឯកឧត្តម វ៉ាង វិនពីន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកន្លងមក និងបានថ្លែងអំណរគុណដល់កម្ពុជាដែលបានគាំទ្រគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលចិន ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ឯកឧត្តមបានស្នើឱ្យគណៈប្រតិភូកម្ពុជាចូលរួមព្រឹត្តិការណ៍ដែលរដ្ឋាភិបាលចិននឹងរៀបចំនាពេលខាងមុខ រួមទាំងកិច្ចប្រជុំច្រករបៀងនវានុវត្តន៍ មេគង្គ-ឡានឆាង និងសន្និសីទបញ្ញាសប្បនិម្មិត នៅក្នុងឆ្នាំ២០២៥ ផងដែរ។

 

LEAVE A REPLY

Please enter your comment!
Please enter your name here