ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសចិនកំពុងសម្រុកសាងសង់ស្ពានដ៏វែងមួយខ្សែទៀតដោយឆ្លងកាត់ទន្លេស៊ែងជាំង(Xiangjiang) ដែលជាប្រភេទស្ពានយោងដោយខ្សែកាប និងមានប៉មបង្គោលមេស្ពានធំៗចំនួន២សសរ។
ស្ពាននេះមានឈ្មោះថា“Xinglian Road Grand Channel”ដែលតភ្ជាប់រវាងភាគខាងលិច និងភាគខាងកើតនៃទន្លេស៊ែងជាំង ស្ថិតក្នុងទីក្រុងឆាងសា (Changsha) នៃខេត្តហ៊ូណាន (Hunan) ប្រទេសចិន។
ស្ពាន Xinglian Road Grand Channel នេះមានប្រវែងសរុបចំនួន៥,៤៧គីឡូម៉ែត្រ ដែលលាតសន្ធឹងពីលើទន្លេ Xiangjiang និងមានបង្គោលមេភ្លោះ ដែលមានចម្ងាយឃ្លាតពីគ្នាចំនួន៣៨០ម៉ែត្រ។
ប្រទេសចិនគ្រោងនឹងបញ្ចប់ការសាងសង់គម្រោងនេះឱ្យបានរួចរាល់ និងដាក់ឱ្យដំណើរការចរាចរណ៍នៅដំណាច់ចុងឆ្នាំ២០២៤នេះ។ គម្រោង Xinglian Road Grand Channel នឹងក្លាយជាស្ពានឆ្លងកាត់ទន្លេដែលវែងជាងគេបំផុតរបស់ទីក្រុងឆាងសា។
គម្រោងនេះត្រូវបានបោះទុនវិនិយោគដោយក្រុមហ៊ុន Changsha Communications Investment Holding Group និងសាងសង់ដោយក្រុមហ៊ុន CCCC First Highway Engineering Group។ ស្ពានខ្សែកាបនេះលាតសន្ធឹងលើស្រុក Wangcheng និងស្រុក Kaifu ដែលមានចំណុចផ្តើមពីភាគខាងលិចនៃវិថី Yinshan និងមានចំណុចបញ្ចប់ត្រឹមភាគខាងលិចនៃស្ពានក្រាលផ្លូវដែកតភ្ជាប់រវាងទីក្រុងប៉េកាំង និងទីក្រុងក្វាងចូវ។
នៅពេលបញ្ចប់ការសាងសង់ គម្រោងនេះនឹងជួយកែលម្អបណ្តាញផ្លូវថ្នល់ក្នុងតំបន់ ព្រមទាំងជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅលើផ្លូវក្រវ៉ាត់ក្រុងទី២ ភាគខាងជើង និងក្លាយជាច្រកចូលដ៏សំខាន់សម្រាប់ប្រជាជនមកពីស្រុក Yiyang ស្រុក Changde និងតំបន់ផ្សេងទៀតទៅកាន់ទីក្រុងឆាងសា៕ប្រភព:icswb. com៕