រោងចក្រថ្មីមួយបានបើកសម្ភោធនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយាល់គ្រុបភ្នំពេញ

0

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ រោងចក្រថ្មីមួយរបស់ក្រុមហ៊ុន Metal Jewelry Cambodia ត្រូវបានបើកសម្ភោធនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញ ដោយមានការចូលរួមពីសំណាក់លោកជា វុទ្ឋីអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអ្នកអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ។

ក្រុមហ៊ុន Metal Jewelry Cambodia បានទទួលគោលការណ៍អនុញ្ញាឱ្យវិនិយោគ បង្កើតរោងចក្រផលិតផលិត និងបង្គុំគ្រឿងអលង្ការ និងគ្រឿងលម្អរផ្សេងៗធ្វើពីលោហៈ និងប្លាស្ទិក កាលពីខែមិថុនា ឆ្នាំ២០២៣។

ក្នុងឱកាសនៃពិធីបើកសម្ពោធ ដាក់ឱ្យដំណើរការរោងចក្រនេះ លោកអគ្គលេខាធិការ បានសម្តែងនូវការអបអរសាទរ និងថ្លែងអំណរគុណ ចំពោះក្រុមហ៊ុន Metal Jewelry Cambodia ដែលបានធ្វើការសម្រេចចិត្ត ជាយុទ្ធសាស្ត្រក្នុងការរួមបញ្ចូលកម្ពុជាក្នុងខ្សែច្រវាក់ផ្គត់ផ្គង់របស់ខ្លួន។

ការបណ្តាក់ទុនវិនិយោគ របស់ក្រុមហ៊ុននៅកម្ពុជាជាសក្ខីភាពមួយសបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមានកម្លាំងពលកម្មដ៏មានសក្តានុពល និងមានបរិយាកាសធុរកិច្ច ប្រកដោយភាពអំណោយផល។ វត្តមានរបស់ក្រុមហ៊ុន មិនត្រឹមតែអាចជួយជំរុញសេដ្ឋកិច្ច និងចូលរួមបង្កើតការងារ ដែលមានបន្ថែមតម្លៃខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែក ដល់ការអភិវឌ្ឍឧស្សា​ហកម្មគ្រឿងអលង្ការរបស់របស់កម្ពុជា តាមរយៈការនាំមកនូវបច្ចេកវិទ្យាខ្ពស់ និងសិល្បៈហត្ថកម្មកម្រិតស្តង់ដារពិភពលោក មកកាន់កម្ពុជាយើងផងដែរ។

ការជ្រើសរើសបោះទីតាំងវិនិយោគ ក្នុងតំបន់សេដ្ឋកិច្ចពិ​សេសនៅកម្ពុជា របស់ក្រុមហ៊ុនMetal Jewelry Cambodia ជាការសម្រេចចិត្ត ប្រកបដោយភាពវៃឆ្លាត និងមានលក្ខណៈជាយុទ្ធសាស្ត្រ ព្រោះក្រុមហ៊ុនមិនត្រឹមតែ អាចទទួលបាននូវអត្ថប្រយោជន៍ ពីកញ្ចប់លើកទឹកចិត្ត ដែលមានភាពទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងទទួលបាននូវកិច្ច សម្រួលនីតិវិធីរដ្ឋបាលដែលមានភាពរហ័សងាយស្រួល ប្រព័ន្ធបណ្តាញអគ្គិសនីដែលអាចជឿទុកចិត្តបាន បណ្តាញដឹកជញ្ជូនដ៏មានប្រសិទ្ធភាព និងបរិក្ខារភស្តុភារកម្មទំនើបៗ ដែលអាចជួយឱ្យប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន សម្រេចបាននូវប្រសិទ្ធផល និងប្រាក់ចំណេ​ញខ្ពស់ផងដែរ។

បន្ថែមលើនេះ លោកជា វុទ្ឋីក៏បានលើកឡើងពីវឌ្ឍនភាពនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ដែលក្នុងរយៈពេលប្រ​មាណជាង១ឆ្នាំ ចុងក្រោយនេះ មានការកើនឡើងទាំងគម្រោងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស ទាំងគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here