ដោយៈស៊ីវ ម៉េង
ភ្នំពេញៈ ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា(CEMEA) លោកយិន លាងគង់ បានសំណូមពរដល់អ្នកឧកញ៉ាចេន ហ្ស៊ី ប្រធានក្រុមហ៊ុនPrince Real Estate Groupអនុវត្តន៍នូវគោលនយោបាយឈ្នះ ឈ្នះរបស់សម្តេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ឋសភា។
ការលើកឡើងរបស់លោកយិន លាងគង់ បានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុននេះ បានយកខុនដូរបស់លោក នៅក្នុងគំរោងPrince Happiness Plaza ដែលលោកបានទិញក្នុងតម្លៃជាង៨០,០០០ដុល្លារអាមេរិក។
លោកបានទិញខុនដូ នៅយូនីតលេខ2-32-10 ស្ថិតនៅជាន់ទី៣២ ជាជាន់សំរាប់ធ្វើការិយាល័យ។ លោកបានទិញគំរោងនេះ តាមរយៈភ្នាក់ងារលក់ ពីក្រុមហ៊ុនGC Realty ដែលជាក្រុមហ៊ុនភ្នាក់ងារលក់គំរោងមួយនេះ។
លោកយិន លាងគង់បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី១០ វិច្ឆិកាថា ការទិញយូនីតខុនដូ សម្រាប់ធ្វើការិយាល័យនេះ មានគោលបំណងសម្រាប់ធ្វើ ជាការិយាល័យរបស់ក្រុមហ៊ុនគេហទំព័រអចលនទ្រព្យ ឈានមុខគេមួយនៅកម្ពុជា គឺ Propertyarea.asia & Cambodiafinancialtimes.com ប៉ុន្តែជាអកុសលចំណូលក្រុមហ៊ុនបានធ្លាក់ចុះ ដោយសារវិបត្តិសេដ្ឋកិច្ចបណ្តាលមកពីជំងឺកូវីដ១៩ និងបញ្ហាសង្រ្គាម បានធ្វើឲ្យលោកខកខានបង់ប្រាក់ ជូនក្រុមហ៊ុនរយៈពេលប្រមាណ១ឆ្នាំមកហើយ។
លោកយិន លាងគង់បានបន្តថា អាស្រ័យហេតុនេះ លោកសំណូមពរដល់អ្នកឧកញ៉ាចេន ហ្ស៊ី ដែលកំពុងចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជាយ៉ាងសកម្ម និងមានចំណែកដ៏ធំក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ជួយសម្រូលផ្តល់ប្រាក់ត្រលប់វិញ ដល់លោក៥០ភាគរយ ហើយជាថ្នូត្រលប់វិញ លោកនឹងផ្តល់ជូននូវសេវាកម្មផ្សព្វផ្សាយ គំរោងនានារបស់ក្រុមហ៊ុនPrince Real estate រយៈពេល២ឆ្នាំដោយឥតគិតថ្លៃ។
លោកបន្តថា “គោលការណ៍នេះ ជានយោបាយឈ្នះ ឈ្នះ ដែលបានអនុវត្តន៍ដោយសម្តេចតេជោ ដែលបានសមាហរណកម្មខ្មែរក្រហម ចូលក្នុងសង្គមជាតិវិញ ដោយគោលនយោបាយនេះ បាននាំសន្តិភាពពេញផ្ទៃប្រទេស បន្ទាប់ពីប្រទេសនេះបានបែកបាក់រយៈពេលប្រមាណ៥០០ឆ្នាំ។
សម្តេចតេជោជាមហាបុរសជាតិ ដែលបាននិងកំពុងរួមចំណែកកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ ចេញពីរបបខ្មែរក្រហមរហូតទទួលបានជោគជ័យ និងក្លាយជាប្រទេសលេចត្រដែតឡើងលើឆាកអន្តរជាតិ តាមរយៈការសមាហរណកម្មខ្លួនឯងទៅក្នុងសហគមន៍តំបន់ និងពិភពលោក ដែលជាលទ្ឋផលធនាគារអភិវឌ្ឍន៍អាស៊ី បានប្រសិទ្ឋនាម “កម្ពុជា ខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ី” កាលពីឆ្នាំ២០១៦ និងជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥ ហើយសម្តេចបាននិងកំពុងដើរតួនាទីជាមគ្គុទេសក៏ ជាមួយសម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីនាំប្រទេសនេះ ទៅកាន់ឋានៈជាប្រទេសមានប្រាក់ចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ខាងមុខ៕