ដោយៈ ម៉ាលីនណា
ប្រទេសចិនៈ ប្រទេសចិន និងឥណ្ឌូណេស៊ីបានព្រមព្រៀងគ្នា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសំខាន់ៗ រួមមាន លីចូម រថយន្តថាមពលថ្មី ថាមពលបៃតង និងទេសចរណ៍ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួម។
សេចក្តីថ្លែងការណ៍នេះ បានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំរវាងប្រធានាធិបតីចិន លោកស៊ី ជីនពីង និងប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាតូ ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសចិន រហូតដល់ថ្ងៃទី១០ ខែវិច្ឆិកា ជាប្រទេសដំបូងដែលប្រធានាធិបតីថ្មីថ្មោងរូបនេះ បានទៅទស្សនកិច្ច ចាប់តាំងពីការឡើងកាន់តំណែងកាលពីខែមុន។
លោក ប្រាបូវ៉ូ ដែលបានឈ្នះការបោះឆ្នោត ប្រធានាធិបតីឥណ្ឌូណេស៊ីកាលពីខែកុម្ភៈ ក៏បានជ្រើសរើសប្រទេសចិនជាប្រទេសដំបូងគេ ដែលធ្វើទស្សនកិច្ច ក្នុងនាមជាប្រធានាធិបតីជាប់ឆ្នោត ដោយបានគូសបញ្ជាក់ ពីការប្តេជ្ញាចិត្តរបស់រដ្ឋធានីហ្សាការតា ក្នុងការពង្រឹងទំនាក់ទំនង ជាយុទ្ធសាស្ត្ររបស់ខ្លួនជាមួយរដ្ឋធានីប៉េកាំង។
សេចក្តីថ្លែងការណ៍បានលើកឡើងថា “ប្រទេសចិន និងឥណ្ឌូណេស៊ីនឹងធ្វើការរួមគ្នា ដើម្បីបណ្តុះកត្តាជំរុញថ្មីនៃការអភិវឌ្ឍពិភពលោក ស្វែងរកសក្តានុពលកិច្ច សហប្រតិបត្តិការក្នុងវិស័យដូចជារថយន្ត ថាមពលថ្មី អាគុយលីចូម និងបច្ចេកវិទ្យាបំប្លែងថាមពលពន្លឺព្រះអាទិត្យ ខណៈពេលដែលចាប់យកឱកាសនៅក្នុងសេដ្ឋកិច្ចឌីជីថល និងវិស័យអភិវឌ្ឍន៍បៃតង”។
ទន្ទឹមគ្នានោះ មេដឹកនាំប្រទេសទាំងពីរ ក៏មានបំណងធ្វើការយ៉ាងជិតស្និទ្ធបន្ថែមទៀត នៅក្នុងឧស្សាហកម្មរុករករ៉ែ ដោយទាញយកធនធានតែមួយគត់ និងសមត្ថភាពផលិតកម្មរបស់ពួកគេ។ លើសពីនេះ ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីស្តារឡើងវិញ ឱ្យលើសពីកម្រិតទេសចរណ៍ មុនការរាតត្បាតនៃជំងឺកូវីដ១៩ ប្រទេសទាំងពីរនឹងអនុវត្តនីតិវិធីទិដ្ឋាការថ្មី ដូចជាទិដ្ឋាការរយៈពេលវែង និងលើកទឹកចិត្តឱ្យមានការហោះហើរត្រង់បន្ថែមទៀតដោយផ្អែកលើតម្រូវការ។
ក្នុងដំណើរទស្សនកិច្ចរបស់លោក ប្រាបូវ៉ូ ភាគីទាំងពីរបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើន រួមទាំងលំនៅដ្ឋាន និងការនាំចេញដូងស្រស់ ពីប្រទេសឥណ្ឌូណេស៊ីទៅកាន់ប្រទេសចិនផងដែរ៕